Oscar អតីតខ្សែបម្រើ Chelsea ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ចិន ពិន័យមិនឲ្យចូលលេង៨ប្រកួត បន្ទាប់ពីស៊ើបអង្កេតឃើញថា កីឡាករប្រេស៊ីលរូបនេះ ជាដើមហេតុបង្កឲ្យមានជម្លោះដ៏ធំនៅលើទីលាននាអំឡុងនៃការប្រកួត Shanghai SIPG របស់គេជាមួយក្លិប Guangzhou R&F ក្នុងក្របខណ្ឌ Chinese Super League កាលពីថ្ងៃអាទិត្យ។
Oscar ត្រូវបានកីឡាកររបស់ Guangzhou R&F ច្រានឲ្យដួលនៅលើទីលាន បន្ទាប់មកក៏មានការប្រតាយប្រតប់ពេញទីលាននៅនាទីបន្ថែមនៅវគ្គទីមួយ។ ទង្វើរបស់កីឡាករនៃក្លិប Guangzhou បានកើតឡើងបន្ទាប់ពីពួកគេមើលឃើញថា Oscar បានព្យាយាមឈូសជើងពួកគេរហូតដល់ទៅ២នាក់។
ក្នុងការប្រកួតដែលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ខ្សែបម្រើដែលផ្ទេរពី Chelsea ក្នុងតម្លៃជាង៧៦លានដុល្លារអាមេរិករូបនេះ មិនទទួលបានការពិន័យនៅលើទីលានឡើយ ខណៈ Fu Huan ដែលមានជាមិត្តរួមក្រុម និង Li Zixiang នៃក្លិប Guangzhou ត្រូវបានបណ្តេញចេញ។
Fu និង Li រងពិន័យមិនឲ្យលេង៥ និង៦ប្រកួត ខណៈ Chen Zhizhao ដែលច្រាន Oscar ឲ្យដួល ជាប់ពិន័យ៧ប្រកួត។ ក្រៅពីត្រូវអវត្តមាន៨ប្រកួត Oscar ក៏ត្រូវពិន័យជាទឹកប្រាក់៤ម៉ឺនយន់ (ជាង៥៨០០០ដុល្លារអាមេរិក) ផងដែរ។
យោងតាមការផ្សាយរបស់ ESPN លោក Andre Villas-Boas គ្រូបង្វឹកក្លិប Shanghai បានថ្លែងការពារទង្វើរបស់ Oscar នៅលើទីលាន។ លោកមើលឃើញថា កីឡាកររបស់ខ្លួន គ្មានចេតនាអ្វីនោះឡើយលើកីឡាកររបស់ក្លិប Guamgzhou ដោយគេគ្រាន់តែដណ្តើមយកបាល់ប៉ុណ្ណោះ៕