ជាតិ
នាយករដ្ឋមន្ត្រី កំណត់​យក​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៨ ជា​ថ្ងៃ​បោះឆ្នោត​ព្រឹទ្ធសភា
26, Jun 2017 , 2:20 pm        
រូបភាព
ដោយ:
​​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បានប្រកាស​ឲ្យ​ដឹង​ជាមុន​ថា រដ្ឋាភិបាល​នឹង​សម្រេចយក​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៨ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី ៤ ។



​សម្តេច  ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាល​រង់ចាំតែ​ច្បាប់​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដែល​ត្រូវបាន​វិសោធនកម្ម​ថ្មី ចូល​ជា​ធរមាន​ទេ បន្ទាប់មក​សម្តេច​នឹង​ចុះហត្ថលេខា កំណត់​យក​អាទិត្យ​ទី ១៤ ខែមករា ឆ្នាំ ២០១៨ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើស​រើ​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ ។ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល នៅ​ថ្ងៃទី ២៦ ខែមិថុនា ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា មូលហេតុ​ដែល​លោក​ប្រកាស​កំណត់​ថ្ងៃ​បោះឆ្នោត មុនពេល​ចុះហត្ថលេខា ដើម្បី​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានដឹង និង​ត្រៀមលក្ខណៈ​ទាន់ពេល​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​។

​បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី រដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា​រួចរាល់​ហើយ ដើម្បី​ផ្តល់ជូន​គ​.​ជ​.​ប​រៀបចំ​ការបោះឆ្នោត​នេះ​។ ទន្ទឹមនឹងនេះ សម្តេច ក៏​ឆ្លៀត ប្រាប់​ឲ្យ​ដឹង​មុន​ថា  នៅ​ខែកក្កដា ឆ្នាំ ២០១៨  នឹងមាន​ការរៀប​ចំកា​របោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​។ សម្តេច​បន្តថា ការរៀបចំ​ការបោះឆ្នោត ដោយ​គ្មាន​ការពន្យារ​ពេលនេះ គឺជា​ភាពទៀងទាត់​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ «​បើ​គេ​ចង់​ពន្យារពេល មាន​ហេតុផល​រយ​ពាន់​ហេតុផល​»​។ នេះ​ការបញ្ជាក់​បន្ថែម​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​។

​ជាមួយគ្នា សម្តេច ហ៊ុន សែន ក៏​បញ្ជាក់​បី​មូល​ហេតុដែល​នាំ​ឲ្យ​មានការ​វិសោធនកម្ម​ច្បាប់​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ថ្មី​ដែរ​។ សម្តេច ពន្យល់ថា ការ​វិសោធនកម្ម ដើម្បី​បន្ថែម​អាសនៈ​ព្រឹទ្ធសភា​មួយទៀត ពោលគឺ​ពី ៦១ ឡើងដល់ ៦២  ដោយសារ​ចំនួន​អាសនៈ​នៅក្នុង​រដ្ឋសភា​នឹងត្រូវ​ឡើង​ពី ១២៣ ដល់ ១២៥​។ បើតាម​សម្តេច អាសនៈ​រដ្ឋសភា​ចំនួន ២ ដែល​បន្ថែម​នោះ គឺ​នៅក្នុង​ខេត្ត​ព្រះសីហនុ ពី ១ អាសនៈ ដល់ ៣ អាសនៈ​។​

​សូមបញ្ជាក់ថា អ្នក​ដែលមាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ សង្កាត់​ទាំងអស់ និង​សមាជិក​រដ្ឋសភា​។ បើតាម​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់  ដែល​គ​.​ជ​.​ប បានប្រកាស​កាលពី​ថ្ងៃទី​២៥ ខែមិថុនា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​កៅអី​ក្រុមប្រឹក្សា​ចំនួន ៦៥០៣ ក្នុងនោះ​អាសនៈ​មេឃុំ ចៅសង្កាត់​ចំនួន ១១៥៦ គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​កៅអី​ក្រុមប្រឹក្សាឃុំ សង្កាត់ ៥០០៧ ក្នុងនោះ​កៅ​មេឃុំ ចៅសង្កាត់​ចំនួន ៤៨៩ ។

ចំណែក​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន​ក្រុមប្រឹក្សា​ចំនួន ២៨ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួលបាន​អាសនៈ​ក្រុមប្រឹក្សា​ចំនួន ២៤ ក្នុងនោះ​អាសនៈ​មេឃុំ ១ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទទួលបាន​អាសនៈ​ក្រុមប្រឹក្សា​ចំនួន ៤ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ទទួលបាន​ក្រុមប្រឹក្សា ១ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទទួលបាន​អាសនៈ​ក្រុមប្រឹក្សា​ចំនួន ៥ ។ អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​សរុប​ទូទាំងប្រទេស​មាន​ចំនួន ១១៥៧២ ៕


Tag:
 ហ៊ុន សែន​
  បោះឆ្នោត​ព្រឹទ្ធសភា​
© រក្សាសិទ្ធិដោយ thmeythmey.com