កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ពិភពលោក​ដូរ​ឈ្មោះ​ដើម្បី​កុំឲ្យ​មាន​​អក្សរ​កាត់​ថា «WTF»
27, Jun 2017 , 9:30 am        
រូបភាព
ដោយ: ធីតា
​អក្សរ​កាត់ «WTF» មានការ​ពេញនិយម​យ៉ាង​ខ្លាំង​នៅតាម​បណ្តាញ​សង្គម ដែល​ប្រើប្រាស់​ក្នុងន័យ​អវិជ្ជមាន​ដោយ​ចេញពី​ឃ្លា «What The F..k» ។ ករណីនេះ បាន​នាំ​ឲ្យ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ពិភពលោក World Taekwondo Federation សម្រេច​ធ្វើការ​ផ្លាស់ប្តូ​ឈ្មោះ​របស់ខ្លួន​ទៅជា «World Taekwondo» ប៉ុណ្ណោះ​។​



​តាំងពី​ឆ្នាំ​១៩៧៣​មក សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ពិភពលោក ត្រូវបាន​គេ​និយម​ហៅ​កាត់​ថា WTF ដោយ​ឈ្មោះ​នេះ បាន​ភ្ជាប់​ទៅនឹង​ព្រឹត្តិការណ៍​នានា​ដែល​រៀបចំ​ក្រោម​ការទទួលស្គាល់​របស់​សហព័ន្ធ​។ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ អ្នកប្រើប្រាស់​អ៊ី​ន​ធ័​រ​ណិ​ត បាន​យកពាក្យ WTF ដោយ​សំដៅ​ក្នុងន័យ​អវិជ្ជមាន ជាង​ទៅ​សំដៅទៅ​សហព័ន្ធ​តេ​ក្វាន់​ដូ​អន្តរជាតិ​។

​ការសម្រេច​ផ្លាស់ប្តូរ​ឈ្មោះ និង​និមិត្តសញ្ញា ពី World Taekwondo Federation ទៅជា World Taekwondo ត្រូវបាន​ធ្វើឡើង​នា​អំឡុង​កិច្ចប្រជុំ​នៅ​ទីក្រុង Muju ប្រទេស​កូរ៉េខាងត្បូង ខណៈ​សហព័ន្ធ​កីឡា​មួយ​រៀបចំ​ព្រឹត្តិការណ៍ 2017 World Taekwondo Championships ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​៣០ ខែមិថុនា​។​

​យោងតាម​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​តេ​ក្វាន់​ដូ​ពិភពលោក លោក Choue Chung-won ដែលជា​ប្រធាន​សហព័ន្ធ បាន​លើកឡើងថា​៖ «​នៅ​យុគសម័យ​ឌីជីថល ពាក្យកាត់​របស់​សហព័ន្ធ​យើង ត្រូវបាន​គេ​ប្រើប្រាស់​ដោយ​ប្រៀបធៀប​ទៅនឹង​ន័យ​អវិជ្ជមាន ហេតុដូច្នេះ​យើង​ត្រូវតែ​រៀបចំ​ឈ្មោះ​ឡើងវិញ ដើម្បី​ឲ្យ​អ្នកគាំទ្រ​យល់​កាន់តែច្បាស់​»​។​

​ជាមួយនឹង​ឈ្មោះ​ថ្មី ឡូ​ហ្គូ​ថ្មី លោក Choue Chung-won ជឿជាក់​សហព័ន្ធ​របស់​លោក នឹង​ទទួលបាន​ជោគជ័យ និង​ទំនុកចិត្ត​បន្ថែម​ពី​អ្នកគាំទ្រ និង​ដៃគូ​ឧបត្ថម្ភ នានា ដែល​ចូលរួម​លើកកម្ពស់​វិស័យ​កីឡា​តេ​ក្វាន់​ដូ​៕



Tag:
 តេ​ក្វាន់​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com