កីឡាអន្តរជាតិ
អន្តរជាតិ
U21 អាល្លឺម៉ង់​លើក​ពាន​អឺរ៉ុប​ជា​លើក​ទី​ពីរ ក្រោយ​ឈ្នះ​អេ​ស្ប៉ា​ញ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
01, Jul 2017 , 12:52 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​អាយុ​ក្រោម​២១​ឆ្នាំ​ជម្រើសជាតិ​អាល្លឺម៉ង់ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ UEFA U21 Championship ឆ្នាំ​២០១៧ បន្ទាប់ពី Mitchell Weiser បានតែ​តបាល់​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​វគ្គ​ទី​១ ដើម្បី​យកឈ្នះ​ជើងឯក​៤​ជំនាន់​អេ​ស្ប៉ា​ញ ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​កីឡដ្ឋាន Cracovia ក្រុង Krakow ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី​៣០ ខែមិថុនា​។​



​ក្នុងចំណោម​ក្រុម​ទាំង​១២​ដែល​បាន​ចូលរួម​ប្រកួតប្រជែង អាល្លឺម៉ង់​ជា​ក្រុម​តែមួយគត់​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ពូ​ល ហើយ​បាន​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ U21 អាល្លឺម៉ង់​ជាប់​លេខ​២​ពូ​ល C ដោយមាន​៦​ពិន្ទុ​ស្មើ U21 អ៊ីតាលី ប៉ុន្តែ​ចាញ់​ប្រៀប​ដោយ​ក្នុងជំនួប Head to Head អ៊ីតាលី​ឈ្នះ​១-0 ។​



​ដោយមាន​សំណល់​គ្រាប់​បាល់​ប្រសើរ​ជាង​ស្លូ​វ៉ា​គី លេខ​ពីរ​ពូ​ល A និង​ព័រ​ទុយ​ហ្គា​ល់​លេខ​ពីរ​ពូ​ល B U21 អាល្លឺម៉ង់​បាន​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ប៉ះ​អង់គ្លេស​ដែលជា​លេខ​១​ពូ​ល A ។ ការប្រកួត​នៅ​ម៉ោង​ធម្មតា ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ហើយ​អាល្លឺម៉ង់ បាន​ជោគជ័យ ៤-៣ ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​សម្រេច​ឈ្នះ​-​ចាញ់​។​



​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ អាល្លឺម៉ង់​ត្រូវ​តទល់​ជាមួយ​អេ​ស្ប៉ា​ញ់ ដែល​បាន​ទម្លាក់​អ៊ីតាលី ក្នុង​លទ្ធផល ៣-១ ។ ទីបំផុត U21 អាល្លឺម៉ង់ បាន​ក្លាយជា​ម្ចាស់​ជើងឯក​អឺរ៉ុប​ជា​លើក​ទី​២ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៩​មក ខណៈ Mitchell Weiser ដែល​បានតែ​តបាល់​បញ្ចូល​ទី​នាំ​ជ័យជម្នះ ១-០ បាន​ជាប់​ជា Man of the Match ។​

​ទោះបីជា​ខកចិត្ត​មិន​ទទួលបាន​ពាន​ជា​លើក​ទី​៥​ក៏ដោយ ក៏​កីឡាករ U21​អេ​ស្ប៉ា​ញ បានបង្ហាញ​សមត្ថភាព​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ខ្សែបម្រើ Dani Ceballos ដែល​លេង​ឲ្យ​ក្លិប Real Betis បាន​ជាប់​ជា Player of the Tournament​។



​ពានរង្វាន់​ស្បែកជើង​មាស (Golden Boot) ទៅលើ​ខ្សែបម្រើ​អេ​ស្ប៉ា​ញ Saul Niguez ដែល​លេង​ឲ្យ​ក្លិប Atletico Madrid តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​៥​គ្រាប់ និង Assist ១​គ្រាប់ ខណៈ​មិត្ត​រួម​ជាតិ​អេ​ស្ប៉ា​ញ​របស់គេ គឺ Marco Asensio សមាជិក​នៃ​ក្លិប Real Madrid បាន​ស្បែកជើង​ប្រាក់ (Silver Boot) ដោយ​សម្រេចបាន​៣​គ្រាប់ និង Assist ១​គ្រាប់​។ កីឡាករ​ព័រ​ទុយ​ហ្គា​ល់ Bruma ដែល​លេង​ឲ្យ​ក្លិប​អាល្លឺម៉ង់ RB Leipzig បាន​ស្បែកជើង​សំរិទ្ធ (Bronze Boot) តាមរយៈ​ការរកបាន​គ្រាប់​បាល់​បញ្ចូល​ទី​៣​គ្រាប់​៕




© រក្សាសិទ្ធិដោយ thmeythmey.com