កីឡាអន្តរជាតិ
អន្តរជាតិ
អាពាហ៍ពិពាហ៍​របស់ Messi ជា​«​អាពាហ៍ពិពាហ៍​ប្រចាំ​សតវត្សរ៍​» នៅ​អា​ហ្ស​ង់​ទីន​
01, Jul 2017 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
Lionel Messi ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន និង​ក្លិប Barcelona បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​មិត្តស្រី​ពី​កុមារភាព​របស់ខ្លួន និង​ម្តាយ​របស់​កូនប្រុស​ទាំងពីរ​នាក់រ​បស់​គេ​។ យោងតាម BBC ពិធី​ដែល​រៀបចំ​នៅ​សណ្ឋាគារ​ប្រណីត​ក្នុង​ក្រុង Rosario ដែល​ជាទី​កំណើត​របស់​អ្នក​ទាំងពីរ ត្រូវបាន​ចាត់ទុកជា​ពិធី​អាពាហ៍ពិពាហ៍​ដ៏​ធំ​ប្រចាំ​សតវត្សរ៍​នៅ​អា​ហ្ស​ង់​ទីន​។​



Lionel Messi អាយុ​៣០​ឆ្នាំ និង Antonela Roccuzzo អាយុ​២៩​ឆ្នាំ បាន​ស្គាល់គ្នា តាំងពី​កីឡាករ​លំដាប់​ពិភពលោក​រូបនេះ អាយុ​ត្រឹម​៥​ឆ្នាំ​មកម្ល៉េះ​។ Roccuzzo ជា​ប្អូនជីដូនមួយ​របស់​កីឡាករ Lucas Scaglia ដែលជា​មិត្តភក្តិ​ដ៏​ជិត​ស្និ​ទ្ធិ​របស់ Messi​។​



Messi បាន​ចេញពី​ស្រុកកំណើត​នៅ​អាយុ​១៣​ឆ្នាំ ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ និង​ហ្វឹកហាត់​នៅ​ក្លិប Barcelona​។ ចាប់តាំងពី​ឆ្នាំ​២០០៨​មក Messi និង Roccuzzo មាន​ទំនាក់ទំនង​ស្នេហា​ផ្លូវការ​ជាមួយគ្នា ហើយ​នៅ​ឆ្នាំ​២០១២ ពួកគេ​បង្កើតបាន​កូនប្រុស​ច្បាស់​ឈ្មោះ Thiago និង​កូនប្រុស​បន្ទាប់​ឈ្មោះ Mateo នៅ​ឆ្នាំ​២០១៥ ។​



​យោងតាម BBC ពិធី​អាពាហ៍ពិពាហ៍​ដ៏​ធំ​នេះ គេ​សង្កេត​ឃើះ​ភ្ញៀវ​ដែលជា​តារាបាល់ទាត់ និង​តារា​សិល្បៈ​ល្បីៗ​លំដាប់​ពិភពលោក ប្រមាណ​២៦០​នាក់ ដោយ​មានការ​យាមកាម​ពី​ប៉ូលិស​រាប់រយ​នាក់​។ ភ្ញៀវ​សំខាន់ៗ​របស់ Messi ភាគច្រើន ជា​សមាជិក​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន និង​មិត្ត​រួម​ក្រុម អតីត​មិត្ត​រួម​ក្រុម​នៅ Barcelona ដែល​ក្នុងនោះ​មានដូចជា Suarez, Neymar,  Fabregas, Agüero, Pique និង Shakira ដែលជា​ភរិយា​ជាដើម​។​



​ពិធី​អាពាហ៍ពិពាហ៍​នេះ ត្រូវបាន​កាសែត​អា​ហ្ស​ង់​ទីន​ចាត់ទុកថា ជា​ពិធី​អាពាហ៍ពិពាហ៍​ប្រចាំ​សតវត្សរ៍ មិនមែន​ប្រចាំឆ្នាំ​នោះឡើយ​។ ភ្ញៀវ​ដែល​បាន​ចូលរួម​ភាគច្រើន ជិះ​យន្តហោះ​ឯកជន​ទៅកាន់​ទី​កាន់ Rosaria ខណៈ​អ្នកកាសែត​ប្រមាណ​១៥០​នាក់​ទទួលបាន​បណ្ណសា​រ​ព័ត៌មាន​ពិសេស​សម្រាប់​ថត ប៉ុន្តែ​ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ចូល​គ្រប់​កម្មវិធី​នោះឡើយ​៕





© រក្សាសិទ្ធិដោយ thmeythmey.com