កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់​លើក​ពាន FIFA Confederation Cup ឆ្នាំ​២០១៧
03, Jul 2017 , 9:48 am        
រូបភាព
ដោយ: ថ្មីៗ
​អាល្លឺម៉ង់ ម្ចាស់​ជើងឯក FIFA World Cup ឆ្នាំ​២០១៤ បាន​យកឈ្នះ​ស៊ី​លី ម្ចាស់​ពាន Copa America ឆ្នាំ​២០១៥ ១-០ ដើម្បី​លើក​ពាន FIFA Confederation Cup ឆ្នាំ​២០១៧ និង​ជា​លើកដំបូង​របស់ខ្លួន​កាលពី​ថ្ងៃទី​២ ខែកក្កដា​។



​ខ្សែប្រយុទ្ធ Lars Stindl  នៃ​ក្លិប Borussia Mönchengladbach ជា​អ្នក​នាំ​ជ័យជម្នះ​សម្រាប់​ក្រុម តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី ទី​២០ នា​កីឡដ្ឋាន Krestovsky ក្រុង Saint Petersburg ប្រទេស​រុស្ស៊ី​។ នេះ​ជា​កំណត់ត្រា​ថ្មី​របស់​អាល្លឺម៉ង់ ខណៈ​ការ​បង្ហាញខ្លួន​កាលពី​ឆ្នាំ​២០០៥ ពួកគេ​បាន​ចំណាត់ថ្នាក់​លេខ​៣ ។​



​សម្រាប់​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ ព័រ​ទុយ​ហ្គា​ល់​ដែលជា​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ​២០១៦ បាន​យកឈ្នះ ម៉ិ​ក​ស៊ិ​ក ម្ចាស់​ពាន CONCACAF ឆ្នាំ​២០១៥ ក្នុង​លទ្ធផល ២-១ នៅ​ម៉ោង​បន្ថែម​១៥​នាទី​ដំបូង​។ ក្នុងការ​ប្រកួត​ដោយ​គ្មាន​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ខ្សែការពារ Luis Neto បាន​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នៅ​នាទី ទី​៥៤ ហើយ Pepe ស៊ុត​តាម​ស្មើ​នៅ​នាទី​បន្ថែម​ពេល​ជិត​បញ្ចប់​ការប្រកួត មុនពេល​ដែល Adrien Silva ស៊ុត​បាល់​បញ្ចូល​ទី​នាំ​ជ័យជម្នះ​ក្នុង​នាទី ទី​១០៤ ។​

​សម្រាប់​ពានរង្វាន់​ឯកត្តជន​វិញ ពានរង្វាន់​បាល់​មាស បាន​ទៅលើ​ខ្សែបម្រើ​អាល្លឺម៉ង់ Julian Draxler បាល់​ប្រា​ក់បាន​លើ​ខ្សែបម្រើ​ស៊ី​លី Alexis Sanchez និង​បាល់​សំរិទ្ធ ធ្លាក់​ទៅលើ ខ្សែបម្រើ​អាល្លឺម៉ង់ Leon Goretzka​។​



​ជាមួយគ្នានេះ​ផងដែរ ក្រៅពី​ក្រុម​ជម្រើសជាតិ បាន​ពានរង្វាន់ FIFA Fair Play Award កីឡាករ​អាល្លឺម៉ង់ Timo Werner ទទួលបាន​ស្បែកជើង​មាស តាមរយៈ​ការសម្រេច​គ្រាប់​បាល់​បញ្ចូល​ទី​៣​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​សម្រេច​ផល​បាន​២​គ្រាប់ ហើយ​កីឡាករ​អាល្លឺម៉ង់​ពីរ​នាក់​ទៀត គឺ Leon Geretzka និង Lars Stindl បាន​ស្បែកជើង​ប្រាក់ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​ម្នាក់​ចំនួន​២​គ្រាប់​។​

​អ្នកចាំទី​ស៊ី​លី Claudio Bravo ទទួលបាន​ស្រោមដៃ​មាស ក្នុងនាម​ជា​អ្នកចាំទី​ល្អ​ជើង​គេ​ប្រចាំ​ព្រឹត្តិការណ៍ FIFA Confederation Cup ឆ្នាំ​២០១៧  នេះ​។​


 
​ក្នុងនាម​ជា​ម្ចាស់​ជើងឯក អាល្លឺម៉ង់​បាន​ប្រាក់រង្វាន់​៥​លាន​ដុល្លារ​អាមេរិក ក្រុម​រងជើង​ឯក​ស៊ី​លី បាន​៤.៥​លាន​ដុល្លារ​អាមេរិក ក្រុម​លេខ​៣ ព័រ​ទុយ​ហ្គា​ល់​បាន​៣.៥​លាន​ដុល្លារ​អាមេរិក ក្រុម​លេខ​៤ ម៉ិ​ក​ស៊ិ​ក បាន​៣​លាន​ដុល្លារ​អាមេរិក ខណៈ​ម្ចាស់ផ្ទះ​រុស្ស៊ី អូស្ត្រាលី កា​មេ​រ៉ូ​ន និង​នូ​វែ​ល​សេ​ឡង់ បាន​ក្នុង​១​ក្រុម​ចំនួន​២​លាន​ដុល្លារ​អាមេរិក​៕


Tag:
 Confederation Cup
© រក្សាសិទ្ធិដោយ thmeythmey.com