កីឡាអន្តរជាតិ
អន្តរជាតិ
Lacazette ក្លាយជា​កីឡាករ​ចំណូល​ថ្មី​របស់ Arsenal ផ្លូវការ​
05, Jul 2017 , 11:24 pm        
រូបភាព
ក្លិប Arsenal បង្ហាញរូប Alexandre Lacazette នៅក្នុងគេហទំព័រផ្លូវការ​របស់ខ្លួន
ក្លិប Arsenal បង្ហាញរូប Alexandre Lacazette នៅក្នុងគេហទំព័រផ្លូវការ​របស់ខ្លួន
Alexandre Lacazette ខ្សែប្រយុទ្ធ​របស់​ក្រុម Olympique Lyon បាន​ផ្ទេ​ទៅកាន់ Arsenal ក្នុង​កិច្ចសន្យា​រយៈពេល​វែង និង​តម្លៃបិទ​ជិត​មួយ​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​ផ្លូវការ​ក្លិប​កាំភ្លើង​ធំ នា​រាត្រី​ថ្ងៃទី​៥ ខែកក្កដា​។​



​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង វ័យ​២៦​ឆ្នាំ​រូបនេះ បាន​ទៅធ្វើ​តេ​ស្តិ៍​សុខភាព​នៅឯ​ទីក្រុង​ឡុង​ដ៍ កាលពី​ថ្ងៃ​អង្គារ ទី​៤ ខែកក្កដា​។ ជាមួយគ្នានេះ សារព័ត៌​មានបាន​ផ្សាយ​មុន​ថា Lacazette អាច​ចុះកិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​នៅ​ទឹកដី Emirate ជាមួយនឹង​តម្លៃ​ផ្ទេ​ថ្លៃ​បំផុត​ជា​កំណត់ត្រា​ក្លិប ពោល ក្នុងតម្លៃ ៤៦​លាន​ផោន ប្រមាណ​៥៩​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​កាំភ្លើង​ធំ​ទិញ Mesut Ozil ពី Real Madrid តម្លៃ ៤២.៥​លាន​ផោន ប្រហែល​ជិត​៥៥​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៣​។​

​ទោះបីជា​យ៉ាងណាក៏ដោយ Arsenal មិនបាន​បង្ហើប​ពី​តម្លៃ និង​រយៈពេល​នៃ​កិច្ចសន្យា​នោះឡើយ​។ ក្រោយ​ការចុះហត្ថលេខា លោក Arsene Wenger គ្រូបង្វឹក​ក្លិប Arsenal បាន​លើកឡើងថា ខ្សែប្រយុទ្ធ​បារាំង​រូបនេះ ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ប្រកបដោយ​សុវត្ថិភាព​។​

Lacazette បានបង្ហាញ​ខ្លួន​សរុប ២៧៥​ប្រកួត ជាមួយនឹង​គ្រាប់​បាល់​បញ្ចូល​ទី ១២៩​គ្រាប់ ឲ្យ Lyon បន្ទាប់ពី​តំឡើង​ខ្លួន​មកកាន់​ក្រុម​ឈុត​ធំ​នៃ​លី​ក​កំពូល​បារាំង Ligue1 នេះ​តាំងពី​រដូវ​កាល ២០០៩-២០១០​។​

​កាលពី​សប្តាហ៍​មុន​លោក Ivan Gazidis នាយក​ប្រតិបត្តិ​ក្រុម Arsenal ធ្លាប់បាន​សន្យា​ជាមួយ​អ្នកគាំទ្រ​ថា​នឹង​នាំយក​កីឡា​ល្អៗ​មក​រួម​ក្រុម​នា​រដូវ​កាល​ក្រោយ​។​

​ក្រៅពី Lacazette លោក Arsene Wenger ក៏​កំពុង​សម្លឹងមើល​កីឡាករ​ល្អៗ​ដ៏ទៃទៀត​ដែរ​ដូចជា Riyad Mahrez របស់ Leicester City  និង​ខ្សែបម្រើ Thomas Lemar របស់ Monaco ខណៈ​ក្រុម​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥ ក្នុង​តារាង Premier League កាលពី​រដូវ​កាល ២០១៦-២០១៧ ក៏បាន​បើកផ្លូវ​ឲ្យ​កីឡាករ​មួយចំនួន​ចាកចេញ​ទៅរក​ក្រុម​ថ្មី​ផងដែរ ៕



Tag:
 បាល់ទាត់​
  Alexandre Lacazette
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com