ជាតិ
ជប៉ុន​បន្ត​ជួយ​កម្ពុជា​ក្នុងការ​បោសសម្អាត​មីន​សរុប​ទឹកប្រាក់​ជាង​១១​លាន​ដុល្លារ​
06, Jul 2017 , 8:19 pm        
រូបភាព
រូបភាព៖ ហ្វេសបុក លោក លីវ សុខុន។
រូបភាព៖ ហ្វេសបុក លោក លីវ សុខុន។
​សៀមរាប​៖ កម្មវិធី​ផ្ទេរ និង​ប្រគល់​សម្ភារៈ​បច្ចេកទេស​បោសសម្អាត​មីន ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន ត្រូវបាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​៦ កក្កដា​។ តាម​របាយការណ៍​រប​ស់​ស៊ីម៉ាក់ ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន ដែល​ធ្វើការ​ប្រគល់​នៅពេលនេះ សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ១១​លាន​ដុល្លារ​។



​កម្មវិធី​ផ្ទេរ និង​ទទួល​សម្ភារ​បច្ចេកទេស​បោសសម្អាត​មីន ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន ត្រូវបាន​រៀបចំឡើង​នៅ​ភូមិ​អន្លង់​២ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នៅ​ស្នាក់ការ​អង្គការ​ស៊ីម៉ាក់​។ ជំនួយ​របស់​ជប៉ុន​មកដល់​អង្គការ​ស៊ីម៉ាក់​នៅពេលនេះ ជា​ជំនួយ​ក្នុងដំណាក់កាល​ទី​៧  ដែល​សរុប​ជា​ទឹកប្រាក់​ជាង​១១​លាន​ដុល្លារ​នោះ រួមមាន គ្រឿងចក្រ​កម្ទេច​មីន​ធុន​ធ្ងន់​៩​គ្រឿង រថយន្ត​គ្រប់​ប្រភេទ​៨៨​គ្រឿង ម៉ាស៊ីនរាវមីន​៧៨៨​គ្រឿង អាវ​ពាក់​ការពារ​សុវត្ថិភាព​ចំនួន ៤៥០​អាវ និង​គ្រឿងបន្លាស់​ជាច្រើន​មុខ​ទៀត​។​

​តាម​របាយការណ៍​ដែល​អាន​ដោយ លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​បោសសម្អាត​មីន​កម្ពុជា បាន​ឲ្យ​ដឹងថា រយៈពេល​២៥​ឆ្នាំ​មកនេះ អង្គការ​ស៊ីម៉ាក់ កងយោធពល​ខេមរភូមិន្ទ និង​អង្គការ​ដោះមីន​អន្តរជាតិ​ផ្សេងទៀត បាន​បោសសម្អាត​មីន​នៅលើ​ផ្ទៃដី​ជាង ១៤០០​គីឡូម៉ែត្រ​ក្រឡា រុករក​ឃើញ និង​កម្ទេចចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ បាន​ជិត ៤​លាន​គ្រាប់ ដែល​ក្នុងនោះ ស៊ីម៉ាក់ បាន​បោសសម្អាត​លើ​ផ្ទៃដី​ជាង ៨៥៨​គីឡូម៉ែត្រ​ក្រឡា រុករក​ឃើញ និង​កម្ទេចចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ បាន​ជិត ៣​លាន​គ្រាប់​។ តាម​របាយការណ៍​ដដែល កម្ពុជា​នៅសល់​ផ្ទៃដី​ដែលមាន​មីន​ប្រមាណ ២០០០​គីឡូម៉ែត្រ​ក្រឡា​ទៀត ទើប​បោសសម្អាត​ទាំងស្រុង​។​

​ក្រៅពី​ពិធី​ផ្ទេរ និង​ប្រគល់​សម្ភារ​បោសសម្អាត​មីន​ពី​រាជរដ្ឋាភិបាល​ជប៉ុន ក្នុងនោះ​ក៏មាន​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សារមន្ទីរ​ស​ន្តិ​ភាព​កម្ម​ភាព​កំចាត់មីន​ផងដែរ​។ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា លោក ហូ​រិ​នូ​ឈិ ហិ​ដេ​ហិ​សា (Horinouchi Hidenhisa) បាន​ថ្លែង​ឲ្យ​ដឹងថា ចាប់ពី​ឆ្នាំ​១៩៩៨​មក ជប៉ុន​បាន​គាំទ្រ​យ៉ាងសកម្ម ក្នុងការ​បោសសម្អាត​មីន​នៅ​កម្ពុជា​។ តាមរយៈ​នេះ ស៊ីម៉ាក់​ជប៉ុន កំពុង​ជំរុញ​សកម្មភាព​បោសសម្អាត​មីន​យ៉ាងសកម្ម​នៅ​ខេត្តបាត់ដំបង និង​ត្រៀម​ផ្ទេរ​បច្ចេកទេស​ទៅកាន់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយចំនួន ដែលមាន​ហានិភ័យ​ស្រដៀង​គ្នា​នេះ​។

​លោក​ទូត​ជប៉ុន រំពឹងថា ជាមួយនឹង​ជំនួយ​នេះ ស៊ីម៉ាក់​កម្ពុជា​នឹង​ពង្រីក​សម្មភាព​បោសសម្អាត មីន​ឲ្យ​កាន់​តែមាន​សុវត្ថិភាព និង​ប្រសិទ្ធិភាព​ជាង​មុនៗ ដែល​នឹង​អាច​ផ្តល់​ភាពកក់ក្តៅ​ដល់ ប្រជាជន ដោយ​គ្មាន​ហានិភ័យ​ដែល​បង្កឡើង​ដោយសារ​គ្រាប់មីន​ទៀតឡើយ​។​

​មានប្រសាសន៍​ក្នុង​ពិធី​នោះដែរ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អរគុណ ដល់​រាជរដ្ឋាភិបាល​ជប៉ុន ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA និង​ស្ថាប័ន ពាក់ព័ន្ធ​ផ្សេងទៀត ដែល​តែង​ផ្តល់ជំនួយ​គ្រប់​ប្រភេទ​ដល់​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា នាពេល​កន្លង រួម​នឹង​ជំនួយ​បច្ចេកទេស​បោសសម្អាត​មីន​នៅពេលនេះ​ផង​។ លោក​រដ្ឋមន្ត្រី ក៏បាន​អរគុណ​ដល់​អង្គការ​ស៊ីម៉ាក់ ដែល​បាន​កសាង​សារមន្ទីរ​សកម្មភាព​កំចាត់មីន ដែលមាន សារសំខាន់ ទុក​សម្រាប់​យុវជន​ជំនាន់​ក្រោយ សិក្សា​ស្វែងយល់​ពី​បញ្ហា​មីន​នៅ​កម្ពុជា​៕


Tag:
 មីន​
  ហេង រតនា
© រក្សាសិទ្ធិដោយ thmeythmey.com