ជាតិ
អ្នកនាំពាក្យ​៖ ការបង្កើត​ក្រុម​ស៊ើបអង្កេត​លើ​ករណី​លោក កែម ឡី អាចធ្វើ​បាន លុះត្រា​មាន​ដីកា​ពី​តុលាការ​
10, Jul 2017 , 9:39 pm        
រូបភាព
រូបសកម្មជន ពលរដ្ឋ និងព្រះសង្ឃ យករូបថតលោក កែម ឡី មកដុតធូបគោរព នៅព្រឹកថ្ងៃទី១០ កក្កដា នៅស្តាម៉ាត ក្បែរសុបបូកគោ ដែលជាកន្លែងឃាតករបាញ់សម្លាប់លោក កែម ឡី
រូបសកម្មជន ពលរដ្ឋ និងព្រះសង្ឃ យករូបថតលោក កែម ឡី មកដុតធូបគោរព នៅព្រឹកថ្ងៃទី១០ កក្កដា នៅស្តាម៉ាត ក្បែរសុបបូកគោ ដែលជាកន្លែងឃាតករបាញ់សម្លាប់លោក កែម ឡី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សង្គម​ស៊ីវិល ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ បង្កើត​ក្រុមការងារ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ជុំវិញ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​។ ជាការ​ឆ្លើយតប​ក្រសួងមហាផ្ទៃ លើកឡើងថា ការបង្កើត​ក្រុម​ស៊ើប​ស៊ើបអង្កេត​អាចធ្វើ​ទៅបាន លុះត្រា​មាន​ដីកា​ស្នើសុំ​ពី​តុលាការ​។​



​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​និយាយថា សំណើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ស្នើ​ឲ្យ​បន្ត​ការស៊ើបអង្កេត​លើ​ករណី​លោក កែម ឡី នេះ វា​ជា​រឿង​ត្រឹមត្រូវ​។ ប៉ុន្តែ​ករណីនេះ​វា​មិន​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​ទៀតឡើយ​។ លោក ខៀវ សុភ័គ បន្ថែមថា ករណី​ឃាតកម្ម​លើ​លោក កែម ឡី នេះ គឺ​មានតែ​តុលាការ​ទេ ដែល​អាចមាន​សិទ្ធិ​ស្នើសុំ​ស៊ើបអង្កេត​។ ហើយ​ក្រសួងមហាផ្ទៃ​រង់ចាំតែ​អនុវត្ត​លើ​ករណីនេះ​ប៉ុណ្ណោះ​។​



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​បាន​វេច​ខ្ចប់​សំណុំរឿង​លោក កែម ឡី នេះ​ជូន​តុលាការ​ហើយ​។ ហើយ​តុលាការ​ក៏បាន​កាត់ទោស​ឈ្មោះ អឿ​ត អាង (​ជួប សម្លាប់​) ដែរ​។ ប៉ុន្តែ​តុលាការ​ក៏​ធ្លាប់បាន​បញ្ជាក់ថា មិនទាន់​បញ្ចប់​ករណី​នេះ​ទេ​។ ដូច្នេះ​តុលាការ​នៅ​បន្ត​រឿងនេះ​»​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី សុផាន់​ណា មិន​បកស្រាយ​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​លោក កែម ឡី នេះឡើយ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា វា​ស្ថិតនៅ​និតិ​វិធី នៃ​វិធានការ​ស្រាវជ្រាវ​សម្ងាត់ នៃ​ការ​ស៊ើបសួរ និង​អំណាច​ឯករាជ្យ​របស់​តុលាការ​។​

​សមាគម អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​១៦៤ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្ដេច ស ខេង បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ដែល​ស្របតាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​ស៊ើបអង្កេត​បន្ថែមទៀត​ជុំវិញ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ។



​មន្ត្រីជាន់ខ្ពស់​អង្គការ​លីកាដូ លោក អំ សំអាត បាន​និយាយថា បើទោះជា​តុលាការ​កាត់ទោស​ជនសង្ស័យ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ក្តី ប៉ុន្តែ​ករណីនេះ​មិនមែន​ត្រូវ​បញ្ចប់​ត្រឹមនេះ​ទេ​។ លោក អំ សំអាត ដាក់​ការ​សន្និដ្ឋានថា ករណី​ឃាតកម្ម​លើ​លោក កែម ឡី អាចមាន​មនុស្ស​មួយចំនួនទៀត​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់លោក កែម ឡី ដែល​តុលាការ និង​សមត្ថកិច្ច ត្រូវ​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​សព​។ បើតាម​លោក សំអាត មានតែ​ការស៊ើបអង្កេត​ឯករាជ្យ​ទេ ដែល​អាច​បង្ហាញ​ពី​ភាពត្រឹមត្រូវ​របស់​ប្រព័ន្ធតុលាការ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​លើ​ប្រព័ន្ធយុត្តិធម៌​ក្នុងប្រទេស​កម្ពុជា​។​

​ថ្លែង​នៅ​ទីតាំង​ស្ដា​ម៉ា​ត​ក្បែរ​ស្តុ​ប​បូកគោ ដែលជា​កន្លែង​មរណភាព​១​ឆ្នាំ​របស់លោក កែម ឡី នៅ​ព្រឹក​ថ្ងៃទី​១០ កក្កដា​នេះ លោក អំ សំអាត បានបញ្ជាក់​ដូច្នេះ​ថា​៖«​បើសិនជា​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី នេះ រក​មិនទាន់​ឃើញ​ទេ បានន័យថា​កិច្ចការពារ​ការរស់រាន​មានជីវិត​របស់​ពល​រដ្ឋ​នេះ គឺ​វា​អត់​ទាន់​បានផ្ដល់​ពេញលេញ​នៅឡើយ​។ ដូច្នេះ​មកទល់ពេលនេះ យើង​ឃើញថា​ទោះបី​ជាមាន​លោក ជួប សម្លាប់ ត្រូវបាន​តុលាការ​កាត់ទោស​ក៏ដោយ ក៏​អ្នកពាក់ព័ន្ធ ឬ​អ្នកផ្សំគំនិត​ផ្សេងទៀត ដែល​តុលាការ​បាន​បំបែកសំណុំរឿង ដើម្បី​ស៊ើបអង្កេត​មកដល់ពេលនេះ មិនទាន់មាន​លទ្ធផល​យ៉ាងណាទេ​។ ដូច្នេះ​វា សបញ្ជាក់​ថា យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី មិនទាន់មាន​ទេ​»​។​



​គួររម្លឹកថា លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់សម្លាប់​នៅក្នុង​ស្តា​ម៉ា​តនៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ក្រោយ​ឃាតកម្ម​នេះ​កើតឡើង សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ដែល​អះអាងថា មូលហេតុ​រូបគេ​បាញ់សម្លាប់​លោក កែម ឡី ដោយសារ​លោក កែម ឡី ខ្ចីលុយ​៣០០០​ដុល្លារ​មិន​សង​។ សាច់ញាតិ​លោក កែម ឡី បាន​បដិសេធ​នូវ​ហេតុផល​របស់ ជួប សម្លាប់​។

​ជនជាប់ចោទ ជួប សម្លាប់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ពីបទ​មនុស្សឃាត​គិតទុក​ជាមុន និង​ការកាន់កាប់​អាវុធ​ខុសច្បាប់​កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៧ ។ ក្រៅពីនេះ​តុលាការ​ក៏បាន​បំបែកសំណុំរឿង​ឃាតកម្ម​លើ​លោក កែម ឡី ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ករណី​នេះដែរ​៕


Tag:
 ខៀវ សុភ័គ​
 ​ កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com