ជាតិ
មហោស្រព​ភាពយន្ត​អាស៊ី​-​បា​ស៊ី​ហ្វិ​ច នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​នៅ​កម្ពុជា នា​ចុងខែ​នេះ​
11, Jul 2017 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ មហោស្រព​ភាពយន្ត​អាស៊ី​-​បា​ស៊ី​ហ្វិ​ច​លើក​ទី​៥៧ និង​មហោស្រព​សន្តិភាព សិល្បៈ​និង​វប្បធម៌​អន្តរជាតិ​លើក​ទី​១ នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​នៅ​កម្ពុជា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨-៣០​កក្កដា​ខាងមុខ​។ ព្រឹត្តិការណ៍​នេះ ប្រារព្ធ​ឡើង​ដើម្បី​បង្ហាញ និង​ផ្ដល់​ពានរង្វាន់​ស្នាដៃ​ផលិតករ​ភាពយន្ត​អាស៊ី​-​បា​ស៊ី​ហ្វិ​ច ជាពិសេស​សម្រាប់​កម្ពុជា អាច​លើកស្ទួយ​វប្បធម៌ តាមរយៈ​ការផ្សព្វផ្សាយ​ទីតាំង​ទេសចរណ៍​ផ្សេងៗ ដូច​ដែលមាន​ក្នុង​ខ្សែភាពយន្ត​។​



​នេះ​ជា​លើក​ទី​១ របស់​កម្ពុជា ដែល​ក្លាយជា​ម្ចាស់ផ្ទះ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់ របស់​មហោស្រព​ភាពយន្ត​អាស៊ី​-​បា​ស៊ី​ហ្វិ​ច​លើក​ទី​៥៧ នា​ចុងខែ​កក្កដា​នេះ​។ ព្រឹត្តិការណ៍​នេះ ជា​ព្រឹត្តិការណ៍​មួយ​ដែល​បង្ហាញ និង​ផ្ដល់​ពានរង្វាន់​ស្នាដៃ​ផលិតករ​ភាពយន្ត​អាស៊ី​-​បា​ស៊ី​ហ្វិ​ច ជាពិសេស​សម្រាប់​កម្ពុជា អាច​លើកស្ទួយ​វប្បធម៌ តាមរយៈ​ការផ្សព្វផ្សាយ​ទីតាំង​ទេសចរណ៍​ផ្សេងៗ ដូច​ដែលមាន​ក្នុង​ខ្សែភាពយន្ត​។ ក្នុង​ព្រឹត្តិការណ៍​នេះ នឹងមាន​ផលិតករ និង​សិល្បករ បរទេស​ជាច្រើនរូប មកពី​បណ្ដា​ប្រទេស​ផ្សេងៗ ដើម្បី​មក​ទទួល​ពានរង្វាន់​ផងដែរ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​មហោស្រព​ភាពយន្ត​នេះ លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា​៖ «​ក្នុងអំឡុង​ទស្សវត្សរ៍​ចុងក្រោយ​នេះ ការថត​ភាពយន្ត​នៅ​កម្ពុជា ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន ដែល​ផលិត​វីដេអូ​ចម្រៀង ភាពយន្ត​ភាគ និង​ភាពយន្ត​ឯកសារ​សម្រាប់​ប៉ុស្ដិ៍​ទូរទស្សន៍​។ ដូច្នេះហើយ​ខ្ញុំ​បានធ្វើការ​ដោយផ្ទាល់​ជាមួយ  នឹង​កំណើន​នៃ​ឧស្សាហកម្ម​ភាពយន្ត​នេះ​។ ខ្ញុំ​មាន​ក្ដីរំភើប ដែល​បានឃើញ​ផលិតកម្ម​ខ្មែរ ឥឡូវ​កំពុង​ទទួលបាន​ការទទួល​ស្គាល់​ទូទាំង​ពិភពលោក​»​។​



​លោក ជា ច័ន្ទ​បរិបូរណ៍ បន្ថែមថា នាឱកាស​នៃ​មហោស្រព​នេះ គណៈប្រតិភូ​រាជធានី​ភ្នំពេញ មាន​កិត្តិយស​ក្នុងការ​សម្រេច​ឲ្យ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ​។ រដ្ឋលេខាធិការ​រូបនេះ បន្តថា នៅទីនេះ ឧស្សាហកម្ម​ភាពយន្ត និង​រោងភាពយន្ត​កម្ពុជា នឹងត្រូវ​បានផ្ដល់​ឱកាស​ឲ្យ​ចាក់​បញ្ចាំង​នូវ​ស្នាដៃ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ ដើម្បី​បង្ហាញ​គោលដៅ​ទេសចរណ៍​ដ៏​អស្ចារ្យ​។​

​អនុប្រធាន​នៃ​សហព័ន្ធ​ផលិតករ​ភាពយន្ត​អាស៊ី​-​បា​ស៊ី​ហ្វិ​ច លោក ប៉ាន​ស្សា បាន​លើកឡើងថា ព្រឹត្តិការណ៍​នេះ នឹង​ផ្ដល់ឱកាស​ឲ្យ​ផលិតករ​កម្ពុជា និង​អន្តរជាតិ​រួបរួមគ្នា​ផ្ដល់​កិត្តិយស​លើ​ឆាក សាទរ​សិល្បៈ​ភាពយន្ត និង​បង្កើតបាន​នូវ​ព្រឹត្តិការណ៍​មួយ​ដែល​ផ្ដល់ឱកាស​ឲ្យ​មនុស្ស​ជាច្រើន​បាន​ចូលរួម​នៅក្នុង​ឧស្សាហ​កម្មនេះ​។ លោក ប៉ាន​ស្សា ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិតកម្ម ផលិតករ និង​តួ​សម្ដែង ទាំងអស់ ទំនាក់ទំនង​ជាមួយនឹង​មហោស្រព​ភាព​អាស៊ី​-​បា​ស៊ី​ហ្វិ​ច ដើម្បី​ចូលរួម​។​



​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​នេះ នឹង​រៀបចំឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៨-៣០ កក្កដា នា​រាជធានី​ភ្នំពេញ​។ ជាមួយគ្នានេះ នៅ​ថ្ងៃទី​២៨ កក្កដា គណៈប្រតិភូ​នឹងចូលរួម​កម្មវិធី​អាហារ​ស្វាគមន៍​ពេល​ល្ងាច ហើយ​ថ្ងៃទី​២៩ កក្កដា ផលិតករ​ភាពយន្ត​កម្ពុជា នឹង​ត្រូវបាន​អញ្ជើញ​ដើម្បី «​ជួប​ស្វាគមន៍​» នៅ​រោងភាពយន្ត Major Cineplex ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ រួមគ្នា​ផលិតភាព​យន្ត​នាពេល​អនាគត​។ ចំណែកឯ​ថ្ងៃទី​៣០ កក្កដា​វិញ នឹងមាន​វេទិកា «​កាលសម័យ​ឆ្លង​ជំនាន់​» ដែល​រៀបចំ​នៅ​សាល​មហោស្រព​ចតុមុខ​។​

​សូមបញ្ជាក់ថា មហោស្រព​ឆ្នាំនេះ ជា​មហោស្រព​លើក​ទី​៥៧ ហើយ​ដែល​បាន​បញ្ចាំង​ខ្សែ​ភាព​ចំនួន ៥៧​រឿង នៅឯ​ប្រទេស​ចិន កន្លងមក​។ មហោស្រព​នេះ ត្រូវបាន​សហព័ន្ធ​នៃ​ផលិតករ​ភាពយន្ត​ក្នុង​អាស៊ី​-​បា​ស៊ី​ហ្វិ​ច រៀបចំឡើង​លើក​ទី​១ ក្នុង​ឆ្នាំ​១៩៥៤ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ សម្រាប់​មហោស្រព​លើក​ទី​៥៧​នេះ នឹង​ផ្ដល់ឱកាស​ដល់​សិស្ស​និស្សិត សាធារណជន​ចូលរួម​ដោយ​សេរី និង​ឥតគិតថ្លៃ​។ លោកអ្នក អាច​ទំនាក់ ០៧៨ ៣១១ ៦៨៨ / ០១២ ៥៤ ៣០ ៧៤៕


Tag:
 មហោស្រព​ភាពយន្ត​អាស៊ី​-​បា​ស៊ី​ហ្វិ​ច​លើក​ទី​៥៧
  ពានរង្វាន់
© រក្សាសិទ្ធិដោយ thmeythmey.com