អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចេញ​បញ្ជា​ឲ្យ​សម្លាប់​ឈ្មួញ​គ្រឿងញៀន​ដោយ​មិន​លើកលែង​
23, Jul 2017 , 10:59 pm        
រូបភាព
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ (Joko Widodo) បានចេញ​ម៉ឺងម៉ាត់​មួយ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​គ្រប់​ប្រភេទ​បោសសម្អាត​ឈ្មួញ​រត់ពន្ធ​គ្រឿងញៀន​ដោយ​មិនមាន​ការលើកលែង​អ្វី​ទាំងអស់​។ លោក វី​ដូ​ដូ បាន​បើក​សិទ្ធិ​ឲ្យ​ប៉ូលិស​បាញ់សម្លាប់​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​នៅនឹងកន្លែង​តែម្ដង បើ​ពួកគេ​ហ៊ាន​តដៃ ឬក៏​មិន​ចូលខ្លួន​ឲ្យ​ប៉ូលិស​តាម​សម្រួល​ទេនោះ​។ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បញ្ជាក់ថា ស្ថានការណ៍​គ្រឿងញៀន​ក្នុងស្រុក​បានមក​ដល់​ចំណុច​គ្រោះថ្នាក់​ហើយ​។



​ធ្លាប់តែ​ឮ​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ចេញ​បញ្ជា​ឲ្យ​សម្លាប់​អ្នករត់ពន្ធ​គ្រឿងញៀន នៅពេលនេះ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ក៏បាន​ចេញ​បញ្ជា​ដូចគ្នានេះ​ដើម្បី​បោសសម្អាត​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​បរទេស​ចូលមក​ឥណ្ឌូណេស៊ី​។ ជា​បញ្ជា​ដែល​គ្មាន​ក្ដីមេត្តា លោក វី​ដូ​ដូ បាន​បញ្ជា​ឲ្យ​ប៉ូលិស និង​កងទ័ព​បាញ់សម្លាប់​ពួក​ឈ្មួញ​គ្រឿងញៀន​បរទេស ដែល​មិន​ចុះចាញ់ ហើយ​ហ៊ាន​បាញ់​តដៃ​ដើម្បី​គេច​ពី​ការចាប់ខ្លួន​។​

«​ខ្ញុំ​បាន​ប្រាប់​ប៉ូលិស និង​កងទ័ព​រួចហើយ ត្រូវ​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ ជាពិសេស​ពេល​ប្រឈមមុខ​ជាមួយ​ឈ្មួញ​គ្រឿងញៀន​បរទេស​ដែល​ចូលមក​កាន់​ឥណ្ឌូណេស៊ី​។ បើ​ពួកគេ​មិន​ប្រគល់​ខ្លួន​តាម​សម្រួល​ទេ បាញ់សម្លាប់​តែម្ដងទៅ​។ មិនចាំបាច់​មាន​ក្ដីមេត្តា​អ្វី​ទាំងអស់​»​។ នេះ​គឺជា​បញ្ជា​របស់លោក វី​ដូ​ដូ ក្នុងពេល​ថ្លែង​ទៅកាន់​អ្នកចូលរួម​ក្នុង​កម្មវិធី​នៅ​ថ្ងៃទី​២១ ខែកក្កដា ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន The Jakarta Post ។​

​ការចេញ​បញ្ជា​គ្មាន​មេត្តា​នេះ ធ្វើឡើង​បន្ទាប់ពី​ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​បាញ់សម្លាប់​ជនសង្ស័យ​ជា​ជនជាតិ​តៃវ៉ាន់​ម្នាក់​ក្នុង​រដ្ឋធានី​ហ្សា​ការ​តា​កាលពី​សប្ដាហ៍​មុន​។ ប៉ូលិស​ឥណ្ឌូណេស៊ី ក៏បាន​រឹបអូស​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ដល់​ទៅមួយ​តោន និង​បាន​ចាប់ខ្លួន​ឧក្រិដ្ឋជន​ជួញដូរ​ជា​ជនជាតិ​តៃវ៉ាន់​បាន​បួន​នាក់​ផ្សេងទៀត​។ លោក វី​ដូ​ដូ បាន​ហៅ​ស្ថានការណ៍​នេះ​ជា​រឿង​បន្ទាន់ ហើយ​ដែល​ត្រូវ​ចាត់វិធានការ​ដោះស្រាយ​ឲ្យ​បាន​លឿន​។​

​បញ្ជា​សម្លាប់​គ្មាន​ប្រណី​របស់លោក វី​ដូ​ដូ ធ្វើ​ឲ្យ​គេ​នឹក​ដល់​សម​ភាគី​ហ្វីលីពីន​របស់លោក គឺ​លោក ឌូ​ទើ​តេ ដែល​ប្រកាន់​ជំហរ​ដូចគ្នា​ក្នុងការ​ដោះស្រាយ​វិបត្តិ​គ្រឿងញៀន​ក្នុងស្រុក​។ នៅ​ហ្វីលីពីន មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​ប៉ូលិស និង​ទាហាន​នៃ​រដ្ឋាភិបាល​លោក ឌូ​ទើ​តេ ក្នុង​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន ទោះជា​អន្តរជាតិ​បាន​រិះគន់​ខ្លាំង និង​បានស្នើ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ក៏ដោយចុះ​។​

​ទោះជា​គ្មាន​បញ្ជា​សម្លាប់​ខាងលើ​ក្ដី ឥណ្ឌូណេស៊ី គឺជា​ប្រទេស​ដែល​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន​ធ្ងន់ធ្ងរ​ជាងគេ​លើ​ពិភពលោក ហើយក៏​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​សេសសល់​ចំនួន​៣៣ ដែល​អនុវត្ត​ទោស​ប្រហារជីវិត​សម្រាប់​ករណី​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​។ ចាប់តាំងពី​ទោស​ប្រហារជីវិត​ត្រូវបាន​អនុវត្ត​ម្ដងទៀត​ក្នុង​ឆ្នាំ​២០១៣ មនុស្ស​ចំនួន​១៨​នាក់ ត្រូវបាន​បាញ់សម្លាប់​ដោយសារ​រឿង​គ្រឿងញៀន​នេះ​៕


Tag:
 ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com