អន្តរជាតិ
ស៊ី ជិន​ភីង​៖ ចិន​ស្រឡាញ់​សន្តិភាព តែ​មិន​ចុះ​ញ៉ម​ការបំពាន​អធិបតេយ្យ​ឡើយ
01, Aug 2017 , 8:39 pm        
រូបភាព
​​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​១ ខែសីហា បានប្រកាសថា ចិន​មិន​អនុញ្ញាត​ឲ្យ​អ្នក​មក​បំបែកបំបាក់​ទឹកដី​របស់ខ្លួន ទោះជា​ចិន​ជា​ប្រទេស​ស្រឡាញ់​សន្តិភាព​ក៏ដោយ​។ លោក ស៊ី ជិន​ភីង និយាយ​បែបនេះ​ក្នុង​ពិធី​អបអរ​ខួប​ទី​៩០ ថ្ងៃកំណើត​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅក្នុង​រដ្ឋធានី​ប៉េកាំង​។ នៅមុននេះ លោក ស៊ី ជិន​ភីង ទើប​ចូលរួម​ក្នុង​ពិធី​ព្យុ​ហា​យាត្រា​យោធា​នៅ​តំបន់​ស្វយ័ត Inner Mongolia ដែល​នៅ​ទីនោះ​លោក​និយាយថា ពិភពលោក​គ្មាន​សុវត្ថិភាព​ទេ​។​



​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បានធ្វើ​ឲ្យ​ពិភពលោក និង​តំបន់​អាស៊ី​រញ្ជួយ​ខ្លាំង​តាមរយៈ​ការប្រកាន់​ជំហរ​តឹងរ៉ឹង​លើ​ជម្លោះទឹកដី​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ខាងកើត ក៏ដូចជា​ការធ្វើ​ទំនើបកម្ម​កងទ័ព​ផង​នោះ​។ យ៉ាងណាក្ដី ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែល​កំពុង​ក្ដោប​អំណាច​ពេញដៃ បានប្រកាសថា ចិន​មិនមាន​គោលដៅ​ធ្វើ​ឲ្យ​គេឯង​ខ្លា​ចឡើយ ប៉ុន្តែ​ចិន​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​មក​ប៉ះពាល់​ផលប្រយោជន៍​របស់ខ្លួន​ដែរ​។​

​ថ្លែង​សុន្ទរកថា​ចំពោះមុខ​មន្ត្រី​យោធា និង​ស៊ីវិល​ក្នុង​វិមាន​ប្រជាជន​ចិន​នៅ​ថ្ងៃទី​១ ខែសីហា លោក ស៊ី ជិន​ភីង ដែលជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​ដែរនោះ​និយាយថា ប្រជាជន​ចិន​ស្រឡាញ់​សន្តិភាព ហើយ​ចិន​មិនមាន​បំណង​ពង្រីក​ទឹកដី ឬ​ប្រកាន់​ជំហរ​ធ្វើ​ឲ្យ​គេ​ភ័យ​ឡើយ ប៉ុន្តែ​ចិន​មាន​ទំនុកចិត្ត​ក្នុងការ​កម្ចាត់​សត្រូវ​ទាំងអស់​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក ស៊ី បញ្ជាក់ថា ចិន​មិនអាច​ឲ្យ​នរណា ឬ​អង្គការ​ណា បំបែកបំបាក់​បូរ​ណ៌​ភាព​ទឹកដី​បានដែរ​។​

​ឆ្លៀតពេល​អបអរ​ថ្ងៃកំណើត​កងទ័ព​ចិន លោក ស៊ី ជិន​ភីង ក៏បាន​លើកឡើង​ពី​ការរីកចម្រើន​សមត្ថភាព​របស់​កងទ័ព​ចិន​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​ក្រោម​អាណត្តិ​ដឹកនាំ​របស់លោក​។ កងទ័ព​ចិន​ត្រូវបាន​កែទម្រង់ និង​អភិវឌ្ឍ​យ៉ាងខ្លាំង​នៅ​រយៈពេល​ចុងក្រោយ ដោយ​រចនាសម្ព័ន្ធ​ពីមុន​ត្រូវបាន​ផ្លាស់ប្ដូរ និង​បង្កើតជា​អង្គភាព​ទ័ព​ថ្មីៗ​ជា​ច្រើម ហើយ​ទំនើបកម្ម​ផ្នែក​យោធា​ក៏ត្រូវ​បាន​ជំរុញ​យ៉ាងខ្លាំង​ផងដែរ​។ លោក ស៊ី អះអាងថា កែទម្រង់​នេះ​គឺ​ដើម្បី​សម្រប​ខ្លួន​តាម​ស្ថានការណ៍​ពិភពលោក​។

​លើសពីនោះ ប្រធានាធិបតី​ចិន​រូបនេះ ក៏បាន​រំឭក​កងទ័ព​ពី​សិទ្ធិអំណាច​របស់​បក្ស​កុម្មុយនីស្ត​ចិន​លើ​រចនាសម្ព័ន្ធ​គ្រប់គ្រង​កងទ័ព​ផងដែរ​។ លោក ស៊ី ជិន​ភីង ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​សង្កត់ធ្ងន់ថា ដើម្បី​កងទ័ព​កាន់តែខ្លាំង បក្ស​ត្រូវតែ​ស្ថិតនៅ​ពីលើ​កងទ័ព ហើយ​កងទ័ព​រំដោះប្រជាជន​ចិន ត្រូវតែ​គោរព​តាម​បញ្ជា​របស់​បក្ស​។ នេះ​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​ដែល​លោក ស៊ី ជិន​ភីង ប្រាប់​កងទ័ព​ឲ្យ​ស្មោះត្រង់​នឹង​បក្ស​កុម្មុយនីស្ត​របស់លោក​។​

​ជាការ​ពិត ដូច​ការលើកឡើង​រប​ស់លោក ស៊ី ជិន​ភីង ចិន​ជា​ប្រទេស​ស្រឡាញ់​សន្តិភាព ព្រោះ​ចិន​មិនបាន​ធ្វើសង្គ្រាម​ច្រើ​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ការ​ងើបឡើង​ដោយ​កម្រោល​របស់​ចិន និង​ការ​គំរាម​ប្រើ​កម្លាំង​ទ័ព​ដើម្បី​ការពារ​ទឹកដី ពិតជា​ធ្វើ​ឲ្យ​ប្រទេស​ផ្សេង​បារម្ភ​។ ចិន​មាន​ជម្លោះទឹកដី​យ៉ាង​ច្រើ​នៅ​ជុំវិញខ្លួន​ដូចជា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​រដ្ឋ​អាស៊ាន បញ្ហា​ព្រំដែន​ជាមួយ​ឥណ្ឌា និង​ការដណ្ដើម​កោះ​ជាមួយ​ជប៉ុន​ជាដើម​៕


Tag:
 ​ចិន​
  ស៊ី ជិន​ភីង​
  តៃវ៉ាន់​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com