អន្តរជាតិ
តុលាការ​ថៃ​កាត់ក្ដី​ឲ្យ​អតីត​នាយករដ្ឋមន្ត្រី ស៊ុម​ឆៃ ឈ្នះក្ដី​លើ​សំណុំរឿង​បង្ក្រាប​បាតុករ​
02, Aug 2017 , 8:39 pm        
រូបភាព
អតីតនាយករដ្ឋមន្ត្រីថៃ ស៊ុមឆៃ វង្សសាវ៉ាត ស្វាគមន៍អ្នកគាំទ្រនៅខាងមុខតុលាការកំពូល (រូបភាព Reuters)
អតីតនាយករដ្ឋមន្ត្រីថៃ ស៊ុមឆៃ វង្សសាវ៉ាត ស្វាគមន៍អ្នកគាំទ្រនៅខាងមុខតុលាការកំពូល (រូបភាព Reuters)
​តុលាការ​កំពូល​ថៃ នៅ​ថ្ងៃទី​២ ខែសីហា​នេះ បានសម្រេច​ឲ្យ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ស៊ុម​ឆៃ វង្ស​សាវ៉ាត (Somchai Wongsawat) និង​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​របស់លោក​បីនាក់​ទៀត ឈ្នះក្ដី​ក្នុង​សំណុំរឿង​អំពើហិង្សា​ពេល​បំបែក​បាតុកម្ម​របស់​ក្រុម​អាវ​លឿង​កាលពី​ឆ្នាំ​២០០៨ ។ តុលាការ​ថៃ​រកឃើញថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល គឺជា​រឿង​ត្រឹមត្រូវ​ដើម្បី​រក្សា​ស្ថិរភាព​សង្គម ព្រោះ​បាតុកម្ម​របស់​ក្រុម​អាវ​លឿង ធ្វើឡើង​ដោយ​ហិង្សា​ដែល​ត្រូវតែ​បង្ក្រាប​។​



​តុលាការ​ថៃ បានសម្រេច​ទម្លាក់ចោល​ចោទ​ការប្រកាន់​ប្រឆាំង​អតីត​នាយករដ្ឋមន្ត្រី ស៊ុម​ឆៃ វង្ស​សាវ៉ាត ឧបនាយករដ្ឋមន្ត្រី ឆា​វ៉ា​លី​ត យុង​ឆៃ​យុទ្ធ និង​មេ​ប៉ូលិស​ពីរ​នាក់​ទៀត លើ​ករណី​បំពាន​អំណាច ពេល​រដ្ឋាភិបាល​ចេញ​បញ្ជា​ឲ្យ​បង្ក្រាប​ក្រុមបាតុករ​អាវ​លឿង​ដែល​ចូលកាន់​កាប់​អាគារ​រដ្ឋសភា​។ នេះ គឺជា​ជ័យជម្នះ​ដ៏​កម្រ​របស់​ខ្សែស្រឡាយ​អតីត​នាយករដ្ឋមន្ត្រី​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ជាមួយ​របប​សឹក​ថៃ​ដែល​ព្យាយាម​ជីក​ឬ​សគល់​ត្រកូល​ស៊ីណា​វ៉ា​ត់​។​

​លោក ស៊ុម​ឆៃ និង​លោក ឆា​វ៉ា​លី​ត រង​ការចោទប្រកាន់ថា​បាន​បញ្ជា​ឲ្យ​ប៉ូលិស​បង្ក្រាប​ក្រុមបាតុករ​អាវ​លឿង​ដោយ​ហិង្សា ពេល​លោក​ដឹកនាំ​រដ្ឋាភិបាល​។ មនុស្ស​ពីរ​នាក់​បាន​ស្លាប់ និង​រាប់រយ​នាក់​រងរបួស ពេល​ប៉ូលិស​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​បាតុករ​ដែល​កំពុង​ត្រួតត្រា​អាគារ​រដ្ឋសភា​ក្នុង​ទីក្រុង​បាងកក​អំឡុង​ខែតុលា ឆ្នាំ​២០០៨​។ ពេលនោះ លោក ស៊ុម​ឆៃ កំពុង​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​ពី​គោលនយោបាយ​រដ្ឋាភិបាល​របស់លោក​។​

​យោងតាម​សារព័ត៌មាន The Nation តុលាការ​រកឃើញថា បាតុកម្ម​របស់​ក្រុម​សម្ព័ន្ធភាព​ដើម្បី​ប្រជាធិបតេយ្យ ឬ​ក្រុម​អាវ​លឿង ដែល​ចូល​គ្រប់គ្រង​រដ្ឋសភា ធ្វើឡើង​ដោយ​ហិង្សា ព្រោះ​បាតុករ​បាន​ប្រើប្រាស់​អាវុធ​ដែល​បង្ក​គ្រោះថ្នាក់​។ យោងតាម​ហេតុផល​នេះ តុលាការ​កំពូល​យល់ថា​ចំណាត់ការ​របស់​មេ​ប៉ូលិស​ជាតិ​ថៃ​ក្នុងការ​បង្ក្រាប​បាតុកម្ម គឺជា​ស្របច្បាប់​ដើម្បី​ធានា​សុវត្ថិភាព​ក្នុងសង្គម និង​ការពារ​ទ្រព្យសម្បត្តិ​រដ្ឋ​។​

​តុលាការ​កំពូល​ថៃ​សម្រេច​ទៀតថា លោក ស៊ុម​ឆៃ ដែលជា​ប្អូនថ្លៃ​លោក ថាក់ស៊ីន និង​មេ​ប៉ូលិស​ទាំងពីរ មិនបាន​ដឹង​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ឧស្ម័ន​ឡើយ ហើយក៏​គ្មាន​ភស្តុតាង​បង្ហាញថា​ទង្វើ​របស់​ប៉ូលិស​មាន​គោលដៅ​ធ្វើ​ឲ្យ​ក្រុមបាតុករ​រងរបួស​ដែរ​។ ដោយ​ទាត់ចោល​ការចោទប្រកាន់​របស់​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ តុលាការ​ក៏​សម្រេច​ថា ជនជាប់ចោទ​ទាំង​បួន​នាក់​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ​ក្នុងពេល​បំពេញភារកិច្ច​របស់ខ្លួន​។​

​ពេលនេះ ខ្សែស្រឡាយ​ម្នាក់​របស់លោក ថាក់ស៊ីន បាន​រួចខ្លួន​ហើយ​។ ប៉ុន្តែ​ប្អូនបង្កើត​របស់លោក គឺ​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែល​ត្រូវជា​ប្អូនថ្លៃ​លោក ស៊ុម​ឆៃ ដែរនោះ កំពុងស្ថិត​ក្នុង​ដៃ​តុលាកា​នៅឡើយ ជុំវិញ​ការធ្វេសប្រហែស​បណ្ដាល​ឲ្យ​រដ្ឋ​ខាតបង់​ប្រាក់​រាប់លាន​ដុល្លារ​ក្នុង​កម្មវិធី​ទិញស្រូវ​តម្លៃថោក​។ ម្សិលមិញ លោកស្រី យី​ង​ឡាក់ ទើប​ផ្ដល់​សក្ខីកម្ម​ចុងក្រោយ​នៅមុខ​តុលាការ មុន​ការសម្រេច​ក្ដី​ត្រូវធ្វើឡើង​នៅ​ដំណាច់​ខែសីហា​៕


Tag:
 ថៃ​
  Somchai Wongsawat
© រក្សាសិទ្ធិដោយ thmeythmey.com