អន្តរជាតិ
ជម្លោះព្រំដែន​៖ ចិន​ប្រាប់​ឥណ្ឌា​ថា ការអត់ធ្មត់​មាន​ដែន​កំណត់​
04, Aug 2017 , 7:39 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការពារជាតិចិន Ren Guoqiang (រូបភាព China Daily)
អ្នកនាំពាក្យក្រសួងការពារជាតិចិន Ren Guoqiang (រូបភាព China Daily)
​ជម្លោះ​រវាង​ចិន និង​ឥណ្ឌា​នៅ​ព្រំដែន​តំបន់ភ្នំ​ហិមាល័យ​ក្បែរ​ប៊ូ​តង់ នៅ​មិនទាន់​ចប់​នៅឡើយ​ទេ បើទោះជា​ចិន​បានទាមទារ​ឲ្យ​ឥណ្ឌា​ដក​កងទ័ព​ចេញពី​ទឹកដី​របស់ខ្លួន​ក្ដី​។ ចិន​ថែមទាំង​ចោទ​ឥណ្ឌា​ថា​មិន​ត្រឹម​ឆ្លង​ចូល​ទឹកដី​ខ្លួន​ខុសច្បាប់​ឡើយ តែ​ថែមទាំង​ពង្រឹង​វត្តមាន​ទ័ព និង​កសាង​ផ្លូវ​ឆ្ពោះទៅកាន់​តំបន់​មាន​ជម្លោះ​ទៀតផង​។ ចិន​បាន​រំឭក​ឥណ្ឌា​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​គោរព​សិទ្ធិ​អធិបតេយ្យ​របស់​ចិន និង​ត្រូវ​ដកទ័ព​ចេញ​ឲ្យ​បាន​ឆាប់ បើ​មិន​ចង់​ឲ្យ​ជម្លោះ​រាលដាល​ទៅជា​សង្គ្រាម​នោះ​។



​ជាថ្មី​ម្ដងទៀត រដ្ឋាភិបាល​ចិន បាន​ប្រាប់​ឲ្យ​ឥណ្ឌា​ដកទ័ព​របស់ខ្លួន​ចេញពី​តំបន់ Donglang (​ឥណ្ឌា​ហៅថា Dokglam) ដែល​ចិន​ចាត់ទុកជា​កម្មសិទ្ធិ​រប​ស់​ខ្លួន​។ កងទ័ព​ឥណ្ឌា​បាន​ជ្រៀតចូល​តំបន់​នេះ​កាលពី​ថ្ងៃទី​១៨ ខែមិថុនា ដោយ​អះអាងថា​ព្រំដែន​តំបន់​នោះ​នៅ​មិនទាន់​កំណត់​ច្បាស់​នៅឡើយ​ទេ​។ ទោះ​ជាម​ការដំឡើង​ស​សៃ​ក​ដាក់គ្នា​កន្លងមក​ក្ដី គេ​មិនទាន់​ឃើញ​មាន​សញ្ញា​ឈានដល់​ការផ្ទុះអាវុធ​ឡើយ តែ​យោធា​ចិន​បាន​ប្រាប់​ឥណ្ឌា​ឲ្យ​កែប្រែ​ស្ថានការណ៍​ឡើងវិញ​ដើម្បី​ស្ថិរភាព​ព្រំដែន​។​

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ផ្សាយ​នៅ​យប់​ថ្ងៃទី​៣ ខែសីហា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន Ren Guoqiang និយាយថា ឥណ្ឌា​គួរ​បោះបង់​តា​ក់ទិច​ក្នុងការ​ពន្យារពេល​រប​ស់​ខ្លួន និង​ត្រូវ​ដក​កងទ័ព​ចេញពី​ទឹកដី​របស់​ចិន​ជាបន្ទាន់​។ លោក​បញ្ជាក់ថា កងទ័ព​រំដោះប្រជាជន​ចិន​បានបង្ហាញ​ការអត់ធ្មត់​យ៉ាងខ្លាំង​ចាប់តាំងពី​ពេល​កងទ័ព​ឥណ្ឌា​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​ក្នុង​ខែមិថុនា ប៉ុន្តែ​ការអត់ធ្មត់​នេះ​ក៏មាន​កំណត់​របស់​វា​ដែរ​។​

​កងទ័ព​ចិន​ប្ដេជ្ញា​ដាច់ខាត​ក្នុងការ​ការពារ​អធិបតេយ្យ​របស់ខ្លួន ក៏ដូចជា​ផលប្រយោជន៍​ជាតិ​ផងដែរ​។ ប្រទេស​ខ្លះ​ក៏​មិនគួរ​មើលងាយ​សមត្ថភាព​រប​ស់​ចិន​ក្នុងការ​ការពារ​ទឹកដី​របស់ខ្លួន​នោះ​។ នេះ​ជា​ពាក្យសម្ដី​រំឭក​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន ដោយ​មិន​និយាយ​ចំឈ្មោះ​ឥណ្ឌា​ឡើយ​។ ប៉ុន្តែ​អ្នកនាំពាក្យ​ខាងលើ​បញ្ជាក់ថា សកម្មភាព​របស់​ឥណ្ឌា​ពិតជា​បាន​ប៉ះពាល់​អធិបតេយ្យ​ចិន ក៏ដូចជា​បំពាន​ច្បាប់​អន្តរជាតិ​ផង​។​

​បើតាម​ការប្រកាស​រប​ស់​ក្រសួងការបរទេស​ចិន កងទ័ព​ឥណ្ឌា​ច្រើនជាង​៤០​នាក់ និង​គ្រឿងចក្រ​មួយគ្រឿង​បាន​បន្ត​ស្ថិតនៅលើ​ទឹកដី​ចិន​ដោយ​ខុសច្បាប់​។ កងទ័ព​ឥណ្ឌា​ឆ្លងកាត់​ព្រំដែន​ដែល​ចិន​អះអាងថា​កំណត់ដោយ​សន្ធិសញ្ញា​រវាង​ចក្រភព​អង់គ្លេស និង​ចិន ហើយ​បាន​រារាំង​កងទ័ព​ចិន​ពី​ការធ្វើ​ផ្លូវ​នៅ​តំបន់​នោះ​។ ឥណ្ឌា​ចាត់ទុក​សកម្មភាព​ចិន​ជាការ​គំរាម​សន្តិសុខ​របស់ខ្លួន តែ​ចិន​ឆ្លើយថា​សកម្មភាព​របស់ខ្លួន​ធ្វើ​ឡើងលើ​ទឹកដី​ខ្លួន​ប៉ុណ្ណោះ​។  

​ដោយសារ​បញ្ហា​នេះ មហា​យក្ស​ជា​អ្នកជិតខាង​គ្នា​ទាំងពីរ បាន​ឆ្លើយឆ្លង​សម្ដី​គ្នា​ទៅវិញទៅមក ហើយក៏​គំរាម​គ្នា​ផងដែរ​។ ដោយ​សម្អាង​លើ​អំណាច​យោធា​ដែល​ខ្លួន​មាន ចិន​ប្រាប់​ឥណ្ឌា​ថា​ប្រយ័ត្ន​ចាញ់​សង្គ្រាម​បាក់មុខ​ដូច​ឆ្នាំ​១៩៦២ ប៉ុន្តែ​ឥណ្ឌា​ហាក់​មិន​ខ្វល់ខ្វាយ​ការទទូច​ម្ដង​ហើយ​ម្ដងទៀត​របស់​ចិន​ឡើយ​។ ជាមួយ​ស្ថានភាព​នេះ ទស្សនកិច្ច​របស់​នាយ​ក​រដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី នៅ​ចិន​ដើម្បី​ចូលរួម​កិច្ចប្រជុំ BRICS អាចជា​ដំណើរ​សោះកក្រោះ​មិន​ខាន​៕


Tag:
 ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com