អន្តរជាតិ
លោក ឌូ​ទើ​តេ ចេញ​ច្បាប់​ឲ្យ​សិស្ស​ហ្វីលីពីន​ចូលរៀន​សាកលវិទ្យាល័យ​រដ្ឋ​ដោយ​មិនបាច់​បង់ថ្លៃ​
04, Aug 2017 , 10:39 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​៤ ខែសីហា បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​សិស្ស​ហ្វីលីពីន​ទាំងអស់​ចូលរៀន​នៅតាម​សាកលវិទ្យាល័យ​រដ្ឋ​ដោយ​មិនចាំបាច់​បង់ថ្លៃ​អ្វី​ឡើយ​។ លោក ឌូ​ទើ​តេ បាន​ទាត់ចោល​សំណើ​របស់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់លោក​ដែល​ជំទាស់​ចំណាត់ការ​នេះ ព្រោះ​ប្រជាជន​ដែល​ទទួលផល​ប្រយោជន៍​ពី​ច្បាប់​ថ្មី​នេះ​មាន​ចំនួន​តិច​តូច​ណាស់ ហើយ​ត្រូវ​ចំណាយ​ថវិការដ្ឋ​ច្រើន​ទៀតផង​។​



​ដោយ​មិនចាំបាច់​រង់ចាំ​យូរ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ចុះហត្ថលេខា​លើ​ច្បាប់​ផ្ដល់​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ដោយ​មិន​គិតថ្លៃ​អ្វី​ទាំងអស់​។ លោក ឌូ​ទើ​តេ បាន​ជម្នះ​រាល់​ការប្រឆាំង​ពី​សំណាក់​មន្ត្រី​សេដ្ឋកិច្ច​របស់លោក​ដែល​គិតថា​ច្បាប់​នេះ​មិនសូវ​ផ្ដល់​ប្រយោជន៍​ច្រើន​ឡើយ​។ ប៉ុន្តែ​លោក​ចង់​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ប្រជាជន​ហ្វីលីពីន ហើយ​រដ្ឋាភិបាល​របស់​លោក​ក៏​ត្រៀម​ប្រាក់​សម្រាប់​ទប់ទល់​វិបត្តិ​កើតចេញពី​វិធានការ​ថ្មី​នេះ​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Menardo Guevarra មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ហ្វីលីពីន​និយាយថា លោក ឌូ​ទើ​តេ បាន​គិតពី​ផលប្រយោជន៍​រយៈពេល​វែង​សម្រាប់​ប្រជាជន ជាជាង​ការប្រឈមមុខ​របស់រ​ដ្ឋា​ភិ​បាល​ជុំវិញ​កង្វះ​ថវិកា​បំពេញ​កន្លែង​ខ្វះខាត​។ លោក​បញ្ជាក់ថា ការផ្ដល់​ការសិក្សា​ដោយ​មិន​គិតថ្លៃ​នៅ​ថ្នាក់​សាកលវិទ្យាល័យ គឺជា​គោលការណ៍​សំខាន់​នៃ​គោលនយោបាយ​អភិវឌ្ឍ​សង្គម​របស់លោក ឌូ​ទើ​តេ  ហើយ​លោក​ក៏បាន​ពិចារណា​គ្រប់យ៉ាង​អស់ហើយ មុននឹង​សម្រេចចិត្ត​បែបនេះ​។​

​មន្ត្រី​ទទួលបន្ទុក​ផ្នែក​សេដ្ឋកិច្ច​របស់លោក ឌូ​ទើ​តេ បាន​ជំទាស់​ច្បាប់​ថ្មី ដោយ​ពួកគេ​ជឿថា ការផ្ដល់​ការសិក្សា​ដោយ​មិន​គិតថ្លៃ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ច្រើន ព្រោះ​បើតាម​ច្បាប់​ថ្មី​នេះ រដ្ឋាភិបាល​ហ្វីលីពីន​ត្រូវ​ចំណាយលុយ​ដល់​ទៅ​២​ពាន់​លាន​ដុល្លារ​ឯណោះ​ក្នុង​មួយឆ្នាំ​។ ម្យ៉ាងទៀត ច្បាប់​ថ្មី​នេះ ក៏​មិនបាន​ផ្ដល់​ប្រយោជន៍​អ្វី​ច្រើន​ដែរ​ដល់​ប្រជាជន​ក្រីក្រ ដ្បិត​និស្សិត​ហ្វីលីពីន​មកពី​គ្រួសារ​ចំណូល​ទាប​មាន​ត្រឹមតែ​១២​ភាគរយ​ប៉ុណ្ណោះ​។​

​យ៉ាងណាក្ដី លោក Menardo Guevarra បាន​ពន្យល់ថា សម្រាប់​ការចំណាយ​លើ​បញ្ហា​នេះ​ក្នុង​ឆ្នាំ​២០១៧ មិនមែនជា​បញ្ហា​ឡើយ​។ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៨ រដ្ឋបាល​លោក ឌូ​ទើ​តេ ក៏បាន​ស្នើ​ឲ្យ​សភា​ពិចារណា​ច្បាប់​ថ្មី​នេះដែរ ហើយ​រដ្ឋាភិបាល​ក៏​ស្នើ​បង្កើន​ថវិកា​ចំណាយ​ប្រចាំឆ្នាំ​ផងដែរ​។ ព្រម​គ្នា​នេះ រដ្ឋាភិបាល​ហ្វីលីពីន នឹង​ដកយក​ថវិកា​ពី​វិស័យ​ផ្សេង​ដែល​មិនចាំបាច់ មក​បំពេញ​ការចំណាយ​លើ​វិស័យ​អប់រំ​នេះដែរ​។​

​ទាក់ទង​បញ្ហា​នេះដែរ រដ្ឋាភិបាល​ហ្វីលីពីន​រំពឹង​ប្រើប្រាស់​ជំនួយ​ពី​បរទេស និង​ក្នុងស្រុក ដើម្បី​អនុវត្ត​ច្បាប់​ថ្មី​នេះ ដ្បិត​លោក ឌូ​ទើ​តេ ក៏​មិនអាច​ដកយក​ថវិកា​ពី​ក្រសួង​ផ្សេង​ទាំងអស់​ដែរ​។ តាំងពី​ពេល​ចូលកាន់​តំណែង​មកនេះ រដ្ឋបាល​លោក ឌូ​ទើ​តេ បានដាក់​គម្រោង​ចំណាយ​ទឹកប្រាក់​ដល់​ទៅ​១៨០​ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​។ លោក ឌូ​ទើ​តេ ចង់​ឲ្យ​សេដ្ឋកិច្ច​ហ្វីលីពីន​កើន​ដល់​៨​ភាគរយ​មុន​អាណត្តិ​៦​ឆ្នាំ​របស់លោក​ចប់​ក្នុង​ឆ្នាំ​២០១៨ ៕


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com