អន្តរជាតិ
សមុទ្រ​ចិន​ខាងត្បូង​៖ អាស៊ាន​រិះគន់​ចិន​តាម​ការចង់បាន​រប​ស់​វៀតណាម​
07, Aug 2017 , 10:56 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងទៀត (រូបភាព Rappler)
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងទៀត (រូបភាព Rappler)
​បន្ទាប់ពី​ការចរចា​តឹងតែង​ប៉ុន្មាន​ថ្ងៃ​មក រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានចេញ​សេចក្ដីថ្លែងការណ៍​រួម​ពាក់ព័ន្ធ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានបង្ហាញ​ការ​ព្រួ​បារម្ភ​ជុំវិញ​ការសាងសង់​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បានស្នើ​ឲ្យ​ចិន​បញ្ឈប់​យោ​ធូប​នីយកម្ម​នៅ​តំបន់​នោះ​ផងដែរ​។ អាច​និយាយថា នេះ​គឺជា​សេចក្ដីថ្លែងការណ៍​មួយ​របស់​អាស៊ាន​ដែល​រិះគន់​ចិន​ចំៗ ខុសពី​សព្វដង​ដែល​អាស៊ាន​ជ្រើសរើស​ភាសា​ស្រាលៗ​លើ​បញ្ហា​រសើប​នេះ​។​



​ក្រោយ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៥ ខែសីហា រដ្ឋមន្ត្រីការបរទេស​អាស៊ាន​មិនបាន​ចេញ​សេចក្ដីថ្លែងការណ៍​ណា​លើ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ ដ្បិត​សមាជិក​ទាំងអស់​មិនទាន់​រក​ចំណុចរួម​បានទេ ជាពិសេស​វៀតណាម​ចង់​ឲ្យ​អាស៊ាន​បញ្ចូល​បញ្ហា​រសើប​ទៅក្នុង​សេចក្ដីថ្លែងការណ៍​រួម​នេះ​។ មកដល់​ថ្ងៃទី​៦ ខែសីហា ទើប​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​អាច​ចេញ​សេចក្ដីថ្លែងការណ៍​រួម​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ ដោយបាន​ប្រើប្រាស់​ភាសា​ធ្ងន់ៗ​ដាក់​ចិន​ទៀតផង​។​

​ផ្ទុយ​ពី​ការរំពឹងទុក​ថា​អាស៊ាន​នឹង​ប្រើ​ភាសា​ទន់ភ្លន់​ដដែល រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​រិះគន់​ចិន​ជុំវិញ​ការ​វាតទី​នៅ​សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ​ការសាងសង់​កោះ​សិប្បនិម្មិត ក៏ដូចជា​សកម្មភាព​យោធា​របស់​ចិន​នៅ​តំបន់​ជម្លោះ​ផងដែរ​។ បើតាម​សេចក្ដីថ្លែងការណ៍​រួម រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​លើក​ពី​សារសំខាន់​នៃ​ការមិន​ប្រើប្រាស់​កម្លាំងយោធា និង​ការអត់ធ្មត់​របស់​រដ្ឋ​ពាក់ព័ន្ធ​ទាំងអស់​ចំពោះ​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ចាត់ទុក​សកម្មភាព​យោធា និង​ការកសាង​កោះ​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺជា​សកម្មភាព​បំពាន​សេចក្ដីថ្លែងការណ៍​ស្ដីពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (DOC) ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០០២ ។ សេចក្ដីថ្លែងការណ៍​រួម​របស់​អាស៊ាន​បន្តថា រដ្ឋមន្ត្រី​ទាំងអស់​បាន​ពិភាក្សា​ដោយ​ស៊ីជម្រៅ និង​ចាត់ទុក​សកម្មភាព​ខាងលើ​ថា​បាន​ប៉ះពាល់​ការទុកចិត្ត​គ្នា សន្តិភាព ស្ថិរភាព និង​ធ្វើ​ឲ្យ​ជម្លោះ​កាន់តែ​តានតឹង​។  

​តាមពិតទៅ វៀតណាម​ដែលជា​សមាជិក​អាស៊ាន និង​ជា​ភាគី​មាន​ជម្លោះ​ផ្ទាល់​ក្នុង​សំណុំ​រឿងនេះ បានស្នើ​ឲ្យ​សមាជិក​អាស៊ាន​ផ្សេងទៀត​ប្រើប្រាស់​ភាសា​រិះគន់​ចិន​ក្នុង​សេចក្ដីថ្លែងការណ៍​រួម ប៉ុន្តែ​សមាជិក​អាស៊ាន​ខ្លះ​បាន​ជំទាស់​នឹង​ការបញ្ចូល​ពាក្យ​ធ្ងន់ៗ​ដាក់​ចិន​។ មន្ត្រីការទូត​ដែល​ចូលរួម​ក្នុង​ការចរចា និយាយថា វៀតណាម​បានបង្ហាញ​ជំហរ​រឹងរូស​យ៉ាងខ្លាំង ប៉ុន្តែ​ហ្វីលីពីន​ដែលជា​ប្រធាន​កិច្ចប្រជុំ​ក៏បាន​ព្យាយាម​រក​ច្រកចេញ​ការខ្វែងគំនិត​គ្នា​រហូតដល់​ចេញ​សេចក្ដីថ្លែងការណ៍​រួម​បាន​។​

​ការខ្វែងគំនិត​រវាង​សមាជិក​អាស៊ាន​ដែល​ឈានដល់​ការពន្យារ​ពេលចេញ​សេចក្ដីថ្លែងការណ៍​រួម ជា​សញ្ញា​បង្ហាញ​ពី​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​ចំណោម​សមាជិក​អាស៊ាន ស្រប​ពេលដែល​អាមេរិក​នៅតែ​មិនទាន់​ជំហរ​ច្បាស់លាស់​នៅឡើយ​ជាមួយ​អាស៊ាន​នោះ​។ ប៉ុន្តែ​អ្នកការទូត​ខ្លះ​ដែលមាន​វត្តមាន​ផ្ទាល់​ក្នុង​កិច្ចប្រជុំ​អះអាងថា ការចរចា​ដ៏​យូរ​នេះ​មិនមែន​បណ្ដាលមកពី​ការខ្វែងគំនិត​គ្នា​ទេ តែ​មកពី​សមាជិក​អាស៊ាន​ខ្លះ​យល់ថា​សេចក្ដីព្រាង​សេចក្ដីថ្លែងការណ៍​ដំបូង គឺ​ប្រើ​ភាសា​ស្រាល​ពេក​៕


Tag:
 អាស៊ាន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com