អន្តរជាតិ
ប្រធានាធិបតី ឌូ​ទើ​តេ សរសើរ​មេទ័ព​ថា​ធ្វើការ​លឿន​ជាង​មន្ត្រី​ស៊ីវិល​
07, Aug 2017 , 9:59 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​និយាយ​ការពារ​ការតែងតាំង​មន្ត្រី​យោធា​ឲ្យ​កាន់តំណែង​ស៊ីវិល​ក្នុង​ជួរ​រដ្ឋាភិបាល​របស់លោក ដោយ​លោក​អះអាងថា មន្ត្រី​យោធា​ទាំងនោះ​ធ្វើការ​មាន​ប្រសិទ្ធភាព និង​រហ័ស​ជាង​មន្ត្រី​ស៊ីវិល​។ លោក ឌូ​ទើ​តេ និយាយ​បែបនេះ បន្ទាប់ពី​មាន​ពាក្យ​លេច​ឮថា លោក និង​អតីត​ប្រធានាធិបតី​ពីររូប​ទៀត​ចូលចិត្ត​ផ្ដល់​តំណែង​ឲ្យ​មន្ត្រី​យោធា ដើម្បី​ទប់ស្កាត់​ការធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​។​



«​យើង​មិនបាន​ខ្លាច​យោធា​ឡើយ តែ​យើង​ពិតជា​ស្ងើចសរសើរ​យោធា​ដែល​អាច​ទទួលបញ្ជា​រប​ស់​យើង ហើយ​បំពេញការងារ​បានល្អ​»​។ នេះ​គឺជា​ការលើកឡើង​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​ឆ្លើយតប​ទៅនឹង​ពាក្យ​ចចាមអារ៉ាម​ដែលថា លោក និង​អតីត​មេដឹកនាំ​ហ្វីលីពីន ពីររូប​ទៀត មាន លោកស្រី Gloria Macapagal Arroyo និង​លោក Benigno C. Aquino III តែង​ផ្ដល់​តួនាទី​ឲ្យ​មន្ត្រីជាន់ខ្ពស់​យោធា ដើម្បី​រក្សា​អំណាច​របស់ខ្លួន​។​

​លោក ឌូ​ទើ​តេ បាន​និយាយ​សរសើរ​មន្ត្រី​យោធា​ថា ពួកគេ​មិន​ដូច​មន្ត្រី​ស៊ីវិល​ដែល​ចំណាយពេល​យូរ​ដើម្បី​បញ្ចប់​កិច្ចការ​មួយ​ឡើយ​។ បើតាម​សារព័ត៌មាន The Manila Bulletin លោក ឌូ​ទើ​តេ បាន​រិះគន់​មន្ត្រី​ស៊ីវិល​ថា វា​ជា​រឿង​អាក្រក់​ដែល​ការងាររដ្ឋបាល​ធម្មតា ត្រូវ​ចំណាយពេល​១០ ទៅ​១៥​ថ្ងៃនោះ​។ នេះ ក៏​ព្រោះ​លោក ឌូ​ទើ​តេ ផ្ទាល់ ជា​ប្រធានាធិបតី​មិន​ចូលចិត្ត​ភាព​សាំ​ញាំ​អូសបន្លាយ ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ការងារ​របស់លោក​ឡើយ​។  

​ថ្លែង​ចំពោះមុខ​ទាហាន​នៅ​ទីក្រុង​ម៉ា​រ៉ាវី លោក ឌូ​ទើ​តេ ក៏បាន​បង្ហាញ​ទំនុកចិត្ត​របស់លោក​ចំពោះ នាយសេនាធិការ​កងទ័ព​ហ្វីលីពីន​ឧ​ត្ត​ម​សេនីយ៍ អេ​ឌូ​អា​ដូ អា​ញ៉ូ (Eduardo Año) ដែល​នឹងត្រូវ​កាន់តំណែង​រដ្ឋមន្ត្រី​មហាផ្ទៃ​នាពេលខាងមុខ​។ លោក ឌូ​ទើ​តេ ចង់​ឲ្យ​លោក អា​ញ៉ូ គ្រប់គ្រង​ប៉ូលិស​ដែល​រុកកួន​ដោយ​បញ្ហា ព្រោះ​មេទ័ព​រូបនេះ​មាន​សមត្ថភាព ដែល​អាច​បំពេញការងា​រ​បាន​រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ក្រៅពី​លោក អា​ញ៉ូ ដែល​នឹង​បំពេញការងារ​ពេល​ចូលនិវត្តន៍​នៅ​ខែតុលា​ខាងមុខ គេ​ឃើញ​មាន​អតីតមន្ត្រី​យោធា​មួយចំនួន​ដែល​កំពុង​កាន់តំណែង​ក្នុង​រដ្ឋាភិបាល​លោក ឌូ​ទើ​តេ ។ ទីប្រឹក្សា​សន្តិសុខ​ជាតិ Hermogenes Esperon និង​រដ្ឋមន្ត្រី​បរិស្ថាន និង​ធនធានធម្មជាតិ Roy Cimatu គឺជា​អតីត​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​យោធា​ពីរ​នាក់​ក្នុងចំណោម​មន្ត្រី​យោធា​ច្រើន​នាក់​ដែល​កំពុង​បម្រើការ​ក្នុងគណៈ​រដ្ឋមន្ត្រី​ហ្វីលីពីន​។​

​ទោះ​ជាមាន​មន្ត្រី​យោធា​ច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល​ក្ដី លោក ឌូ​ទើ​តេ បាន​និយាយ​បែប​កំប្លែង​ថា ពួកគេ​មិនចាំបាច់​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ទម្លាក់​លោក​ចេញពី​អំណាច​ឡើយ​។ លោក ឌូ​ទើ​តេ បញ្ជាក់ថា លោក​ខ្លួនឯង​ពេញចិត្ត​ដើរចេញ​ពី​កៅអី​ប្រធានាធិបតី ហើយ​ទុក​ឲ្យ​មន្ត្រី​យោធា​ទាំងនោះ​ដឹកនាំ​ប្រទេស​តាម​សម្រួល​តែម្ដង​៕   


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com