អន្តរជាតិ
ជប៉ុន​ប្រាប់​ឲ្យ​ចិន​រៀន​ធ្វើខ្លួន​ឲ្យ​សក្តិ​សមជា​មហាអំណាច​
08, Aug 2017 , 8:19 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសជប៉ុន តារ៉ូ កូណូ ចាប់ដៃរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក្នុងជំនួបនៅហ្វីលីពីន (រូបភាព Xinhua)
រដ្ឋមន្ត្រីការបរទេសជប៉ុន តារ៉ូ កូណូ ចាប់ដៃរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក្នុងជំនួបនៅហ្វីលីពីន (រូបភាព Xinhua)
​រដ្ឋមន្ត្រីការបរទេស​ជ​បុ​ន តា​រ៉ូ កូ​ណូ (Taro Kono) បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី (Wang Yi) នៅក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​បូព៌ា​នៅ​ថ្ងៃទី​៧ ខែសីហា ក្នុង​រដ្ឋធានី​ម៉ានីល​។ ក្នុងជំនួប​ទល់មុខ​លើកទីមួយ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​ក៏បាន​ទាស់សម្ដី​គ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​តែម្ដង ដោយ​ជប៉ុន​ចង់​ឲ្យ​ចិន​បញ្ឈប់​សកម្មភាព​នៅ​ទីនោះ ប៉ុន្តែ​ចិន​បែរជា​ចោទ​ជប៉ុន​ថា​ធ្វើតាម​ខ្សែ​ញាក់​អាមេរិក​ទៅវិញ​។



​ជំនួប​លើកដំបូង​រវាង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និង​ចិន ដែល​រៀបចំ​នៅ​ហ្វីលីពីន បានបង្ហាញ​កាន់តែច្បាស់​ពី​ជំហរ​ផ្ទុយគ្នា​រវាង​មហាអំណាច​តំបន់​ទាំងពីរ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុងជំនួប​ទ្វេភាគី​លើកទីមួយ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បានបង្ហាញ​ការមិន​ពេញចិត្ត​នឹង​សម្ដី​របស់​សម​ភាគី​ជប៉ុន តា​រ៉ូ កូ​ណូ ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​បូព៌ា​នៅ​ថ្ងៃទី​៧ ខែសីហា ។​

​យោងតាម​សារព័ត៌មាន Kyodo ប្រមុខ​ការទូត​ចិន​ប្រាប់​ប្រមុខ​ការទូត​ជប៉ុន​ដោយ​ត្រង់ៗ​ថា ចិន​ខកចិត្ត​ខ្លាំង​ពេលឮ​ការអធិប្បាយ​របស់​ជប៉ុន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ហើយ​លោក​ក៏បាន​រិះគន់​ដៃគូ​ជប៉ុន​របស់លោក​ថា ធ្វើ​តាមតែ​ការបង្ខំ​របស់​អាមេរិក​។ លោក វ៉ាង យី និយាយ​របៀបនេះ បន្ទាប់ពី​លោក កូ​ណូ បានលើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​បូព៌ា​ថា ចិន​គួរ​គោរព​ច្បាប់​អន្តរជាតិ និង​បញ្ឈប់​សកម្មភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទៅ​។    

​យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស កូ​ណូ បាន​ទាត់ចោល​សម្ដី​អធិប្បាយ​របស់លោក វ៉ាង យី ហើយ​និយាយថា លោក​ចង់​ឲ្យ​ចិន​រៀន​ធ្វើខ្លួន​ឲ្យ​សក្តិ​សមជា​មហាអំណាច​។ លោក កូ​ណូ បាន​ប្រា​ប់លោក វ៉ាង យី ដោយ​គ្មាន​បញ្ឆិតបញ្ឆៀង​ថា លោក​កាន់តំណែង​រដ្ឋមន្ត្រីការបរទេស​ក្នុងពេលដែល​ជប៉ុន​ជួប​បញ្ហា​ច្រើន​ទាំង​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​បញ្ហា​សមុទ្រ​ជាច្រើន ដូច្នេះហើយ​ទើប​លោក​ចង់​និយាយ​ត្រង់ៗ​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ចិន​ដែរ​។

​នៅមុន​ជួប​រដ្ឋមន្ត្រីការបរទេស​ចិន លោក កូ​ណូ បានបញ្ជាក់​ហើយ​ថា​លោក​នឹង​រំឭក​ចិន​ពី​សារសំខាន់​នៃ​នីតិរដ្ឋ​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ផ្លូវ​នាវាចរណ៍​ដ៏​សំខាន់ ហើយ​ដែល​រដ្ឋ​អាស៊ាន​ខ្លះ​បានទាមទារ​កម្មសិទ្ធិ​ដែរនោះ​។ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ដែល​ទើប​កាន់តំណែង​បាន​មួយ​សប្ដាហ៍​រូបនេះ ក៏បាន​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​

​ជប៉ុន ដែលជា​រដ្ឋ​ក្រៅ​ជម្លោះ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង តែង​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ដែល​ជំហរ​នេះ​គឺ​ដូចគ្នា​ទាំងស្រុង​នឹង​ជំហរ​របស់​អាមេរិក​។ ជាមួយគ្នានេះ ចិន និង​ជប៉ុន ក៏មាន​គំនិត​ផ្ទុយគ្នា​ផងដែរ​លើ​បញ្ហា​កូរ៉េខាងជើង​នោះ ដោយ​ជប៉ុន​តែង​គាំទ្រ​អាមេរិក​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង មិន​ថា​ទណ្ឌកម្ម​អន្តរជាតិ ឬ​ទណ្ឌកម្ម​ឯកតោភាគី​ឡើយ​។ ប៉ុន្តែ​ចិន​វិញ​ប្រឆាំង​ដាច់​ទណ្ឌកម្ម​ទ្វេភាគី​របស់​ប្រទេស​ណាក៏ដោយ ហើយ​លោក វ៉ាង យី ក៏​ប្រាប់​បញ្ហា​នេះ​ដល់​លោក កូ​ណូ ដូចគ្នា​៕


Tag:
 ជប៉ុន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
  Wang Yi
  Taro Kono
© រក្សាសិទ្ធិដោយ thmeythmey.com