អន្តរជាតិ
ក្រោយ​ជេរ គីម ជុង​អ៊ុន រួច ឌូ​ទើ​តេ ចង់​ឲ្យ​កូរ៉េខាងជើង​ក្លាយជា​ដៃគូ​សន្ទនា​ល្អ​របស់​អាស៊ាន​
09, Aug 2017 , 9:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង រី យ៉ុងហូ (ឆ្វេងទី២) ឈរក្បែរប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាព Rappler)
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង រី យ៉ុងហូ (ឆ្វេងទី២) ឈរក្បែរប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាព Rappler)
​បន្ទាប់ពី​បាន​ជេរ​ប្រទេចផ្តាសា​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន រួចមក ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​វិញ និង​បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​ថា លោក​ចង់​ឲ្យ​អាស៊ាន និង​កូរ៉េខាងជើង​ក្លាយជា​ដៃគូ​ល្អ​។ នៅ​សប្ដាហ៍​មុន លោក ឌូ​ទើ​តេ ហៅ​លោក គីម ជុង​អ៊ុន ជា «​មនុស្ស​ឆ្គួ​ត​ឡប់​» ព្រោះ​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​ឥតឈប់ឈរ​ដែល​អាច​បង្ក​គ្រោះមហន្តរាយ​ដល់​ពិភពលោក​ទាំងមូល​។​



​គេ​អាច​ចាំបាន ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​មកដល់ ប្រធាន​អាស៊ាន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ទិតៀន​មេដឹកនាំ​កូរ៉េខាងជើង​ពេញៗ​មាត់​ជុំវិញ​ការបន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​ដោយ​ការបាញ់​សាកល្បង​មី​ស៊ី​ល​។ ប៉ុន្តែ​នៅ​ចំពោះមុខ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង រី យ៉ុង​ហូ លោក ឌូ​ទើ​តេ បានបង្ហាញ​អត្ត​ច​រឹត​ផ្សេង សក្តិ​សមជា​មេដឹកនាំ និង​ចង់បាន​ទំនាក់ទំនង​ល្អជា​មួយ​កូរ៉េខាងជើង​ទៀតផង​។​

​លោក ឌូ​ទើ​តេ និង​លោក រី យ៉ុង​ហូ បាន​ជួបគ្នា​មួយ​ភ្លែត​នៅ​ថ្ងៃទី​៨ ខែសីហា នៅមុន​ពិធី​បើក​កម្មវិធី​អបអរ​ខួប​ទី​៥០ ថ្ងៃកំណើត​អាស៊ាន​។ ខណៈ​កំពុង​ចាប់ដៃ​ស្វាគមន៍​គ្នា​ទៅវិញទៅមក លោក ឌូ​ទើ​តេ បាន​និយាយ​ទៅកាន់​លោក រី យ៉ុង​ហូ ថា​៖ «​យើង​រីករាយ​ដែល​លោក​មាន​វត្តមាន​នៅទីនេះ​។ សូម​អរគុណ​។ លោក​នឹង​ត្រូវបាន​អញ្ជើញ​មក​អាស៊ាន​ជានិច្ច ហើយ​យើង​នឹង​ក្លាយជា​ដៃគូ​សន្ទនា​ដ៏​ល្អ​»​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Manila Bulletin ។​

​ចំណែក​រដ្ឋមន្ត្រីការបរទេស​ក៏​ឆ្លើយតប​វិញ ដោយបាន​អបអរសាទរ​អាស៊ាន​នាឱកាស​ខួប​ទី​៥០ របស់ខ្លួន​ដែរ​។ អំឡុងពេល​ស្នាក់នៅ​រដ្ឋធានី​ម៉ានីល លោក រី យ៉ុង​ហូ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន (ARF) ។ វេទិកា​តំបន់​អាស៊ាន ដែល​ផ្ដោត​សំខាន់​លើ​បញ្ហា​សន្តិសុខ គឺជា​កិច្ចប្រជុំ​អន្តរជាតិ​តែមួយគត់​ដែល​កូរ៉េខាងជើង​តែងមាន​វត្តមាន​ជាប់លាប់ ខណៈដែល​រដ្ឋមន្ត្រីការបរទេស​អាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង និង​អូស្ត្រាលី ក៏មាន​វត្តមាន​ដូចគ្នា​ដែរ​។​

​ជាមួយ​ការប្រើប្រាស់​ពាក្យ «​ដៃគូ​សន្ទនា​ល្អ​» លោក ឌូ​ទើ​តេ ទំនង​ចង់​សំដៅ​ដល់​ទំនាក់ទំនង​ដែលមាន​ស្រាប់​របស់​អាស៊ាន​ជាមួយ​កូរ៉េខាងជើង ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដូចជា​ករណី​កិច្ចប្រជុំ ARF ជាដើម​។ យ៉ាងណាក្ដី ទង្វើ​ព្រហើន​របស់​កូរ៉េខាងជើង ក៏​រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​អាស៊ាន​ដែរ​។ អំឡុងពេល​កិច្ចប្រជុំ​នោះ គ្មាន​រដ្ឋមន្ត្រី​អាស៊ាន​ណា​ជួប​ជាមួយ​រដ្ឋមន្ត្រី​កូរ៉េខាងជើង​ឡើយ លើកលែងតែ​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​ដែលជា​ប្រធាន​ប្ដូរ​អាស៊ាន​ប៉ុណ្ណោះ​។    

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំង​១០ បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការកើនឡើង​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ដែល​កើតចេញពី​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ អាស៊ាន​ចាត់ទុក​សកម្មភាព​រប​ស់​កូរ៉េខាងជើង​ជាការ​គំរាម​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​តំបន់ និង​ពិភពលោក​ទាំងមូល​។ ក្នុងន័យនេះ អាស៊ាន​ទទូច​ឲ្យ​កូរ៉េខាងជើង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​៕


Tag:
 កូរ៉េខាងជើង​
  ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com