អន្តរជាតិ
ឌូ​ទើ​តេ ផ្ដល់​រង្វាន់​៤​ម៉ឺន​ដុល្លារដល់អ្នក​ចាប់​ប៉ូលិស​ចូល​ដៃ​ជាមួយ​អ្នកនយោបាយ​ជួញដូរ​គ្រឿងញៀន​
11, Aug 2017 , 8:59 am        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាស​ផ្ដល់​រង្វាន់​ចំនួន​បួន​ម៉ឺន​ដុល្លារ​សម្រាប់​ការចាប់​ប៉ូលិស​ដែល​ចូល​ដៃ​ចូល​ជើង​ជាមួយ​អ្នកនយោបាយ​ដែល​ជួញដូរ​គ្រឿងញៀន​។ ចំពោះមុខ​មន្ត្រីប៉ូលិស​ជាច្រើន លោក ឌូ​ទើ​តេ បញ្ជាក់ថា ទឹកប្រាក់​នេះ​នឹង​ប្រគល់​ឲ្យ​ភ្លាមៗ មិន​ថា​ប៉ូលិស​ជាប់​សង្ស័យ​នោះ​នៅមាន​ជីវិត ឬ​អស់​ជីវិត​ឡើយ​។ លោក ឌូ​ទើ​តេ ប្រកាស​ដូចនេះ ក្រោយ​មាន​ករណី​សម្លាប់​អភិបាលក្រុង​ម្នាក់ ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មួញ​ករណី​គ្រឿងញៀន​។​



​មកទល់ពេលនេះ មនុស្ស​រាប់ពាន់នាក់​ហើយ​បាន​បាត់​បង់ជីវិត​ក្នុង​សង្គ្រាម​គ្រឿងញៀន​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ។ ក្រៅពី​ប្រជាជន​សាមញ្ញ គេ​សង្កេតឃើញ​មាន​អ្នកនយោបាយ និង​អភិបាលក្រុង​រូប​ផងដែរ​ដែល​ក្លាយជា​ជនរងគ្រោះ​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក ឌូ​ទើ​តេ ។ ឥឡូវនេះ លោក ឌូ​ទើ​តេ ក៏​ត្រៀម​បោសសម្អាត​ក្នុង​ជួរ​ប៉ូលិស​វិញ​ម្ដង ដោយ​អះអាងថា​មាន​ប៉ូលិស​ខ្លះ​ជួយ​ឈ្មួញ​គ្រឿងញៀន​ទៀតផង​។​

​ឆ្លៀតពេល​ទស្សនកិច្ច​ទៅកាន់​ស្នងការដ្ឋាន​ប៉ូលិស​ជាតិ​នៅ​ថ្ងៃទី​៩ ខែសីហា លោក ឌូ​ទើ​តេ បាន​ប្រាប់​ឲ្យ​ប៉ូលិស​ទាំងអស់​ចាប់ខ្លួន ឬ​សម្លាប់​មន្ត្រីប៉ូលិស​ណា​ដែល​ជាប់ទាក់ទង​នឹង​ឈ្មួញ​គ្រឿងញៀន ជា​ថ្នូរ​នឹង​ប្រាក់រង្វាន់​ចំនួន​បួន​ម៉ឺន​ដុល្លារ​។ ដើម្បី​បង្ហាញ​ជា​ភស្តុតាង​នោះ ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​ក៏បាន​ប្រគល់​ប្រាក់រង្វាន់​ចំនួន​បួន​ម៉ឺន​ដុល្លារ​ឲ្យ​ប៉ូលិស​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ស​បង្ក្រាប​ឈ្មួញ​គ្រឿងញៀន​ឈ្មោះ Reynaldo Parojinog មាន​តំណែង​ជា​អភិបាលក្រុង​កាលពី​ថ្ងៃទី​៣០ ខែកក្កដា​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ឌូ​ទើ​តេ អះអាងថា មាន​មន្ត្រីប៉ូលិស​ច្រើន​ទៀត​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អភិបាលក្រុង​ខាងលើ ហើយ​លោក​នឹង​ផ្ដល់​រង្វាន់​សម្រាប់​ក្បាល​មួយ​។ លោក​បញ្ជាក់​ទៅកាន់​ប៉ូលិស​ហ្វីលីពីន​ដូច្នេះ​ថា​៖ «​អ្នក​ទាំងអស់គ្នា​អាច​សុំច្បាប់​ដើម្បី​ស្វែងរក​ពួកគេ​បាន ហើយ​ខ្ញុំ​នឹង​និយាយ​តែ​បន្តិច​ប៉ុណ្ណោះ ដើម្បី​ទុកពេល​ឲ្យ​អ្នក​ទាំងអស់គ្នា​មានឱកាស​ចាប់ខ្លួន​ពួកគេ តែបើ​សម្លាប់​ល្អ​ជាង​»​។​

​សូមបញ្ជាក់ថា អភិបាលក្រុង Ozamiz លោក Parojinog និង​ភរិយា ព្រមទាំង​កូនប្រុស​ម្នាក់​ផង ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​ក្នុង​ប្រតិបត្តិការ​ព្រឹក​ព្រហាម​ថ្ងៃទី​៣០ ខែកក្កដា​។ ប៉ូលិស​ហ្វីលីពីន​និយាយថា អភិបាលក្រុង​រូបនេះ និង​អង្គរក្ស​របស់ខ្លួន​បាញ់​តដៃ​ប៉ូលិស ទើប​ប៉ូលិស​បាញ់​ការពារ​ខ្លួន​។ ប៉ុន្តែ​មេធាវី​លោក Parojinog ដែល​លោក ឌូ​ទើ​តេ ចោទថា​ជា​ឈ្មួញ​គ្រឿងញៀន​ដ៏​ធំ ឆ្លើយ​វិញ​ថា លោក Parojinog មិនបាន​តដៃ​ឡើយ​។

​យ៉ាងណាមិញ លោក ឌូ​ទើ​តេ បានប្រកាស​លើកលែងទោស​មន្ត្រីប៉ូលិស​ទាំងអស់​ដែលជា​ប់​ពាក់ព័ន្ធ​ការស្លាប់​របស់លោក Parojinog ។ ប្រធានាធិបតី​មាត់ឆៅ​រូបនេះ​សង្កត់ធ្ងន់ថា បើ​មន្ត្រីប៉ូលិស​ទាំងនោះ​ត្រូវ​រកឃើញថា​មាន​កំហុស​ពីបទ​សម្លាប់​មនុស្ស ចាំ​ខ្ញុំ​លើកលែងទោស​ឲ្យ​វិញ​។ ដោយសារ​បញ្ហា​នេះ លោក ឌូ​ទើ​តេ រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​លោកខាងលិច ជាមួយនឹង​ការព្រួយបារម្ភ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ប៉ុន្តែ​លោក​មិនបាន​ខ្វល់់ខ្វាយ​ឡើយ​៕


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com