អន្តរជាតិ
មេទ័ព​អាកាស​ចិន​៖ «​សមុទ្រ​ជប៉ុន​» មិនមែន​របស់​ជប៉ុន​ទេ​
11, Aug 2017 , 7:39 pm        
រូបភាព
ឧត្តមសេនីយ៍ Ma Xiaotian មេបញ្ជាការកងទ័ពជើងអាកាសនៃកងទ័ពរំដោះប្រជាជនចិន (រូបភាព Xinhua)
ឧត្តមសេនីយ៍ Ma Xiaotian មេបញ្ជាការកងទ័ពជើងអាកាសនៃកងទ័ពរំដោះប្រជាជនចិន (រូបភាព Xinhua)
​ប្រមុខ​កងទ័ពអាកាស​ចិន នៅ​ថ្ងៃទី​១០ ខែសីហា បាន​និយាយ​ការពារ​សកម្មភាព​យោធា​ចិន​នៅ​សមុទ្រ​ជប៉ុន​ដែល​កើនឡើង​ខ្លាំង​នា​រយៈពេល​ចុងក្រោយ​។ ជប៉ុន បានបង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​យោធា​ជើង​ទឹក​ចិន​នៅ​តំបន់​សមុទ្រ​ក្បែរ​ខ្លួន ហើយ​សកម្មភាព​យោធា​នេះ​នឹង​នៅ​បន្ត​កើនឡើង​នៅពេល​ខាងមុខ​។ ប៉ុន្តែ​មេទ័ព​ជើង​អាកាស​ចិន​ប្រកាសថា សមុទ្រ​ជប៉ុន​មិនមែន​កម្មសិទ្ធិ​របស់​ជ​ប៉ុន​តែ​ម្នាក់​ឡើយ​។



​វត្តមាន​ញឹកញាប់​នៃ​នាវា និង​យន្តហោះ​ចម្បាំង​មកពី​កងទ័ពជើងទឹក​ចិន​នៅ​តំបន់​សមុទ្រ​ជប៉ុន ដែល​នៅ​ចន្លោះ​ចិន ឧបទ្វីប​កូរ៉េ ជប៉ុន និង​រុស្ស៊ី ធ្វើ​ឲ្យ​ជប៉ុន​បារម្ភ​ខ្លាំង​។ ក្នុង​របាយការណ៍​ការ​ពារ​ជាតិ​ចេញផ្សាយ​ថ្ងៃទី​៨ ខែសីហា ជប៉ុន​បាន​ព្រមាន​ពី​ការកើនឡើង​សកម្មភាព​យោធា​ចិន​នៅ​ទីនោះ ហើយ​ជឿថា នេះ​ជា​សកម្មភាព​វាតទី​របស់​ចិន​ចូលមក​តំបន់​សមុទ្រ​ចិន​ខាងកើត និង​ប៉ាស៊ីហ្វិក ជាទី​ដែល​ជប៉ុន​កំពុង​គ្រប់គ្រង​បណ្ដុំ​កោះ​ជាច្រើន​។​

​យ៉ាងណាមិញ ឧ​ត្ត​ម​សេនីយ៍ Ma Xiaotian មេបញ្ជាការ​កងទ័ពជើងទឹក​នៃ​កងទ័ព​រំដោះប្រជាជន បាន​ទាត់ចោល​របាយការណ៍រ​បស់​ជប៉ុន និង​ចោទ​ជប៉ុន​ថា និយាយ​ពន្លើស​ការពិត​ទៀតផង​។ ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅ​ថ្ងៃទី​១០ ខែសីហា លោក Ma Xiaotian អះអាងថា «​សមុទ្រ​ជប៉ុន​»​មិនមែនជា​របស់​ជប៉ុន​ឡើយ ហើយ​កងទ័ពអាកាស​ចិន​នឹងធ្វើ​សមយុទ្ធ​នៅ​ទីនោះ​ទៀត ព្រោះ​កងទ័ព​ចិន​មិនមែន​ល្បាត​តែ​ដីគោក ហើយ​មិន​ហោះ​ទៅ​សមុទ្រ​ទេ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​ប្រភព​ទូរទស្សន៍​ហុងកុង ប្រមុខ​កងទ័ពអាកាស​ចិន​បញ្ជាក់ថា សកម្មភាព​យោធា​ចិន​នៅ​តំបន់​សមុទ្រ​ជប៉ុន​មិនមាន​ច្រើន​ដូច​ការអះអាង​របស់​ជ​ប៉ុន​ឡើយ​។ តែបើ​តាម​របាយការណ៍​របស់​ជប៉ុន យន្តហោះ​ជប៉ុន​បាន​ហោះ​ស្កាត់​យន្តហោះ​ចិន​យ៉ាង​ញឹកញាប់​ក្នុង​ឆ្នាំ​២០១៧ ហើយ​សកម្មភាព​របស់​ទ័ពអាកាស និង​ទ័ពជើងទឹក​ចិន​នៅ​តំបន់​សមុទ្រ​ចន្លោះ​ចិន និង​ជប៉ុន ក៏​អាច​កើនឡើង​ថែមទៀត​ក្នុង​ឆ្នាំ​ខាងមុខៗ​។​

​បញ្ហា​ដែនទឹក​នេះ គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ចិន និង​ជប៉ុន​រកាំរកូស​មិនចេះចប់ បន្ថែម​ពី ជម្លោះ​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត និង​ស្នាមរបួស​ផ្លូវចិត្ត​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​។ ការកើនឡើង​សកម្មភាព​យោធា​ចិន ដែល​ស្ដែងចេញ​តាមរយៈ​ការធ្វើ​ទំនើបកម្ម​កងទ័ព រឹតតែ​ធ្វើ​ស្ថានការណ៍​នៅ​តំបន់​សមុទ្រ​ជាប់​ចិន និង​ជប៉ុន កើតឡើង​កម្ដៅ​ថែមទៀត​។ ផ្លូវទឹក​នៅ​ទីនោះ ក្លាយជា​ច្រក​ធ្វើដំណើរ​របស់​នាវា​ចិន​ឆ្ពោះទៅកាន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​ជប៉ុន​ពិតជា​មិន​ស្ងប់ចិត្ត​ឡើយ​ជុំវិញ​ការធ្វើ​ទំនើបកម្ម​វិស័យ​យោធា​របស់ខ្លួន ខណៈដែល​ភាគី​ទាំងពីរ​មាន​ជម្លោះ​ដែនដី​ជាមួយគ្នា​នោះ​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​សម្រុក​កែប្រែ​រចនាសម្ព័ន្ធ​យោធា ពង្រឹង​ឥទ្ធិពល​យោធា​ឥតឈប់ឈរ ខណៈដែល​ជប៉ុន​ឯណោះ​មិនអាច​ពង្រឹងសមត្ថភាព​យោធា​តាម​ការចង់​បានឡើយ ព្រោះតែ​ធម្មនុញ្ញ​សន្តិភាព​របស់ខ្លួន​។ យ៉ាងណាក្ដី ជប៉ុន​កំពុង​គិត​ចង់​កែប្រែ​ធម្មនុញ្ញ​នេះ ដើម្បី​សម្រប​ខ្លួន​តាម​សភាពការណ៍​៕


Tag:
 ចិន​
  ជប៉ុន​
  Ma Xiaotian
© រក្សាសិទ្ធិដោយ thmeythmey.com