អន្តរជាតិ
ក្រោយ​សម្លាប់​មនុស្ស​ជាង​៧​ពាន់​នាក់ ឌូ​ទើ​តេ ថា​លោក​មិនអាច​គ្រប់គ្រង​គ្រឿងញៀន​បានទេ
14, Aug 2017 , 1:42 pm        
រូបភាព
​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានសម្លាប់​មនុស្ស​ជាង​៧​ពាន់​នាក់​មកហើយ​មកទល់បេលនេះ​។ ប៉ុន្តែ​លោក ឌូ​ទើ​តេ សារភាពថា​លោក​មិនអាច​គ្រប់គ្រង​បញ្ហា​គ្រឿងញៀន​បានឡើយ ព្រោះ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា​សម្ភារ​មិន​គ្រប់គ្រាន់ និង​មិនមាន​ពេល​សមស្រប​ជាដើម​។ ក្រៅពីនោះ លោក ឌូ​ទើ​តេ ថែមទាំង​និយាយ​យក​លេស​ថា សូម្បីតែ​អាមេរិក​ក៏​មិនអាច​ដោះស្រាយ​បញ្ហា​នេះដែរ​។​



​ចាប់ពី​ថ្ងៃទី​មួយ​នៃ​ការ​កាន់អំណាច ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានដាក់​គោលដៅ​ទីមួយ​លើ​ការ​បោសសម្អាត​គ្រឿងញៀន ដែល​លោក​អះអាងថា​បាន​ជ្រួតជ្រាប​ពេញ​សង្គម​ហ្វីលីពីន​ទៅហើយ​។ លោក ឌូ​ទើ​តេ បានប្រកាស​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន ដើម្បី​ជីក​ឬ​ស​ជីក​គល់​បញ្ហា​មួយ​នេះ​ឲ្យ​អស់​។ មនុស្ស​ជាច្រើន​បាន​អស់​ជីវិត​ក្នុង​សង្គ្រាម​បង្ហួរ​ឈាម​មួយ​នេះ មិន​ថា​អ្នកប្រើប្រាស់​តូចតាច ឈ្មួញ​ជួញដូរ ឬ​អ្នកនយោបាយ​ឡើយ ឲ្យ​តែ​អ្នកពាក់ព័ន្ធ​គឺ​ត្រូវស្លាប់​ទាំងអស់​។​

​មកទល់ពេលនេះ​សង្គ្រាម​គ្រឿងញៀន​របស់លោក ឌូ​ទើ​តេ មាន​អាយុ​មួយឆ្នាំ​ជាង​ទៅហើយ ប៉ុន្តែ​បញ្ហា​នេះ​នៅតែ​បន្ត​រុកកួន​សង្គម​ហ្វីលីពីន​ដដែល ទោះជា​ជីវិត​មនុស្ស​ជាង​៧​ពាន់​នាក់​ត្រូវ​បាត់បង់​ក៏ដោយ​។ នៅ​ថ្ងៃទី​១១ ខែសីហា លោក ឌូ​ទើ​តេ បាន​ថ្លែង​សារភាព​ចំពោះមុខ​មន្ត្រី​សុខាភិបាល​ក្នុង​ទីក្រុង Davao ថា លោក​មិនអាច​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នេះ​បានទេ ព្រោះ​មាន​បញ្ហា​ច្រើន​តាម​យាយី​ដូចជា​ការខ្វះខាត​សម្ភារ ភូមិសាស្ត្រ​មិន​អំណោយផល ហើយ​អាណត្តិ​របស់លោក​ក៏មាន​ខ្លី​ទៅទៀត​។​

​បើតាម​សារព័ត៌មាន CNN Philippines ប្រធានាធិបតី​រូបនេះ​បញ្ជាក់ថា លោក​មិនអាច​ការពារ​ឆ្នេរ​ហ្វីលីពីន និង​បណ្ដា​កោះ​នានា​ពី​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ឡើយ ព្រោះ​មិនមាន​ឧបករណ៍​គ្រប់គ្រាន់​ដើម្បី​ប្រតិបត្តិការ​តាម​បណ្ដោយ​ឆ្នេរ​។ នៅមុននេះ លោក ឌូ​ទើ​តេ ក៏បាន​អះអាងថា អាណត្តិ​ប្រធានាធិបតី​មាន​ត្រឹម​៦​ឆ្នាំ មិនអាច​ឲ្យ​លោក​ដោះស្រាយ​បញ្ហា​សាំ​ញាំ​នេះ​បានទេ ព្រោះ​ពេលវេលា​ខ្លី​ណាស់​។​

​ជាមួយគ្នា​នោះ លោក ឌូ​ទើ​តេ ក៏​លើកឡើងថា នៅ​ប្រទេស​ផ្សេង បញ្ហា​គ្រឿងញៀន​នេះ​ក៏​មិនអាច​ដោះស្រាយ​បានដែរ​។ លោក​បាន​ប្រៀបធៀប​ស្ថានការណ៍​គ្រឿងញៀន​នៅ​ហ្វីលីពីន​ទៅនឹង​ស្ថានភាព​នៅ​អាមេរិក ដែល​លោក​និយាយថា​អាក្រក់​ខ្លាំង​ជាង​ប្រទេស​លោក​ទៅទៀត​។ លោក​បន្ថែមថា អាមេរិក​កំពុង​ចោមរោម​ដោយ​គ្រឿងញៀន ហើយ​យ៉ាប់យ៉ឺន​ជាង​នៅ​ហ្វីលីពីន​ទៅទៀត តែ​ពួកគេ​មិនបាន​សារភាព​ឡើយ​។​

​ការសន្យា​ដោះស្រាយ​បញ្ហា​គ្រឿងញៀន គឺជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​អតីត​អភិបាលក្រុង Davao រូបនេះ ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​។ ក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត លោក ឌូ​ទើ​តេ សន្យា​បោសសម្អាត​គ្រឿងញៀន​ឲ្យ​ស្អាត ដូចដែល​លោក​ធ្លាប់ធ្វើ​នៅពេល​កាន់តំណែង​ចៅហ្វាយក្រុង Davao ដែរ​។ យ៉ាងណាមិញ យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​របស់លោក​នៅ​ថ្នាក់ជាតិ​មិនទាន់​ទទួលបាន​ជោគជ័យ​ឡើយ ហើយ​ថែមទៀត​រង​ការរិះគន់​ថែមទៀត​៕   


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com