អន្តរជាតិ
ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា​ត្រៀម​ត្រឡប់​ទៅ​ស្រុក​វិញ ក្រោយ​សម្ងំ​ព្យាបាល​ជំងឺ​នៅ​អង់គ្លេស​អស់បី​ខែ​
14, Aug 2017 , 9:39 pm        
រូបភាព
​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា Muhammadu Buhari និយាយថា លោក​ត្រៀមខ្លួន​ត្រឡប់​ទៅ​ប្រទេស​វិញ បន្ទាប់ពី​ទទួល​ការព្យាបាល​ជំងឺ​នៅ​អង់គ្លេស​អស់​ពេល​បី​ខែ​រួចមក​។ ប្រធានាធិបតី​វ័យ​ចំណាស់​រូបនេះ កំពុង​រង់ចាំ​ការអនុញ្ញាត​ពី​ក្រុមគ្រូពេទ្យ​ដើម្បី​ចាកចេញ និង​ធ្វើដំណើរ​ទៅកាន់​នី​ហ្សេ​រី​យ៉ា ដើម្បី​ដឹកនាំ​ប្រទេស​បន្តទៀត ព្រោះ​លោក​អវត្តមាន​ពី​ប្រទេស​អស់​ពេល​យូរ​គួរសម​ដែរ​ហើយ​។​



​សុខភាព​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា Muhammadu Buhari បាន​ប្រសើរឡើង​ច្រើន​ហើយ ក្រោយ​ទទួល​ការព្យាបាល​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​អង់គ្លេស​អស់​ពេល​បី​ខែ​។ លោក Buhari និយាយថា លោក​មាន​អារម្មណ៍​ប្រសើរ​ឡើងវិញ ហើយ​អាចធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កំណើត​បាន បន្ទាប់ពី​សុំច្បាប់​ពិនិត្យ​សុខភាព​មក​នោះ​។ យ៉ាងណាក្ដី លោក Buhari ត្រូវ​រង់ចាំ​ការសម្រេចចិត្ត​របស់​ក្រុមគ្រូពេទ្យ​សិន​។​

​លោក Buhari ដែលមាន​វ័យ​៧៤​ឆ្នាំ ទទួល​ការព្យាបាល​ជំងឺ​ដែល​មិន​ត្រូវបាន​ប្រាប់​ឈ្មោះ​តាំងពី​ខែឧសភា​មកម្ល៉េះ​។ អវត្តមាន​ពី​ប្រទេស និង​ការ​លាក់បាំង​ពី​បញ្ហា​សុខភាព​របស់លោក ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​នី​ហ្សេ​រី​យ៉ាង​ច្រួលច្របល់​យ៉ាងខ្លាំង និង​មានការ​ធ្វើបាតុកម្ម​ទៀត​ផង​។ លើសពីនោះ គេ​ក៏​ឃើញ​មានការ​ទាមទារ​ឲ្យ​លោក Buhari លាលែង​ពី​តំណែង​ទៀតផង ដ្បិត​លោក​មិនមាន​សុខភាព​ល្អ​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​ប្រទេស​ឡើយ​។​

​យោងតាម​សារព័ត៌មាន Al Jazeera លោក Buhari បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ចុង​សប្ដាហ៍​ថា លោក​មាន​សុខ​ភាពល្អ​វិញ​ហើយ និង​អាច​ត្រឡប់ទៅផ្ទះ​វិញ​បាន​ទៀតផង​។ ដើម្បី​បញ្ជាក់​ពី​ការល្អប្រសើរ​នៃ​សុខភាព​លោក Buhari ការិយាល័យ​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា​បាន​បញ្ចេញ​រូបថត​មួយ​សន្លឹក​របស់លោក Buhari ដែលមាន​មនុស្ស​មួយចំនួន​ឈរ​អម​ជុំវិញ កំពុង​ឈរ​ញញឹម​ស្រស់ស្រាយ​ទៀត​។​

​ខណៈដែល​លោក Buhari ចំណាយពេល​ច្រើន​នៅ​អង់គ្លេស​ដើ​ម្ប​ពិនិត្យ​ជំងឺ នៅ​នី​ហ្សេ​រី​យ៉ា​ឯណោះ ក៏មាន​សំណើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​លោក​តែម្ដង ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ទាត់ចោល​សំណើ និង​រង់ចាំ​ការ​ត្រឡប់​វិល​វិញ​របស់លោក Buhari ដើម្បី​ដឹកនាំ​ប្រទេស​។ ចំណែក​ខាង​យោធា​វិញ បណ្ដា​ថ្នាក់ដឹកនាំ​កងទ័ព​បាន​ប្រាប់​ឲ្យ​ទាហាន​ទាំងអស់​រក្សា​ភាពស្មោះត្រង់​នឹង​ប្រធានាធិបតី ទោះ​លោក​កំពុង​អវត្តមាន​ក្ដី​។​

​ក្នុង​ឆ្នាំ​២០១៧ លោក Buhari បាន​ចំណាយពេល​នៅ​បរទេស​ច្រើនជាង​នៅក្នុង​ស្រុក​ទៅទៀត​។ ចន្លោះ​ខែមករា ដល់​ខែមីនា ប្រធានាធិបតី​រូបនេះ​បាន​សុំច្បាប់​ទៅ​ព្យាបាល​ជំងឺ​។ មកដល់​ខែឧសភា លោក​ក៏​សុំច្បាប់​ម្ដងទៀត​ដោយ​ប្រើប្រាស់​មូលហេតុ​ដដែល​។ អំឡុង​អវត្តមាន​ទាំងពីរ​ទាំង​ពីរដង​នេះ លោក​បានតែងតាំង​អនុ​ប្រធានាធិបតី Yemi Osinbajo ជា​ប្រមុខរដ្ឋស្ដីទី​៕


Tag:
 នី​ហ្សេ​រី​យ៉ា​
  អង់គ្លេស​
  Muhammadu Buhari
© រក្សាសិទ្ធិដោយ thmeythmey.com