ជាតិ
សេដ្ឋកិច្ច
លោក វ​ង្សី វិស្សុត ៖​អន្តរាគមន៍​ថ្មី​របស់​រដ្ឋាភិបាល នឹង​ជួយ​កសិករ​លក់​ស្រូវ​លែង​លំបាក​ដូច​ឆ្នាំមុន​
15, Aug 2017 , 10:02 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការអន្តរាគមន៍​ថ្មី រដ្ឋាភិបាល​បាន​បញ្ចេញ​កញ្ចប់​ថវិកា ៥០​លាន​ដុល្លារ​លើ​វិស័យ​ស្រូវ​អង្ករ​សម្រាប់​រដូវ​ប្រមូល​ផល​ឆ្នាំនេះ​។ ទន្ទឹមនឹង​ការទម្លាក់​កញ្ចប់​ថវិកា រដ្ឋាភិបាល​បានដាក់​ចេញ​វិធានការ​ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​ជួយ​សម្រួល​ការលក់​ស្រូវ​របស់​កសិករ​។  លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាងថា ការអន្តរាគមន៍​រប​ស់​រដ្ឋាភិបាល​នឹង​ជួយ​ការលក់​ស្រូវ​របស់​កសិក​រ​កុំ​ឲ្យ​ជួប​ការលំបាក​ដូច​ឆ្នាំមុនៗ​។​



​កញ្ចប់​ថវិកា ៥០​លាន​ដុល្លារ​អាមេរិក​កំពុង​ត្រូវបាន​អនុវត្ត​ដោយ​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) ជា​បណ្ដើរៗ ហើយ​នៅ​ថ្ងៃទី​១៤​ខែសីហា​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ជំរុញ​ការអនុវត្ត​។

​លោក វ​ង្សី វិស្សុត មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​នេះ​ថា កញ្ចប់​ថវិកា​អន្តរាគមន៍​របស់​រដ្ឋា​ភិ​បាល​នៅពេលនេះ គឺ​ដើម្បី​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ​របស់​កសិករ ដោយ​ថវិកា​នេះ​នឹង​ជួយ​ការពារ​តម្លៃ​ស្រូវ​ពី​ការធ្លាក់ចុះ​ពី​ភាពប្រក្រតី​។ លោក​បន្ថែមថា បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​ថ្នាក់កណ្ដាល អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​នឹង​បន្ត​ជួយ​កសិករ​។

​បើតាម លោក វ​ង្សី វិស្សុត អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​សហការ​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ ដើម្បី​កុំ​ឲ្យ​មានការ​ទម្លាក់​តម្លៃ​ស្រូវ​តាម​អំពើ​ចិត្ត​។ លោក​បន្តថា រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​អាជ្ញា​ធារ​ថ្នាក់ក្រោម​ជាតិ​ជួយ​ដឹកស្រូវ​របស់​កសិក​រដែ​ល​ខ្វះខាត​មធ្យោបាយ ចេញពី​ស្រែ​ទៅ​កន្លែង​លក់ ព្រោះ​ការលក់​នៅ​នឹង​ស្រែ​បាន​តម្លៃ​ទាប​ជាង​។ ក្រៅពីនេះ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ធានា​កុំ​ឲ្យ​មាន​កុង​ត្រួ​ល​ជជុះ និង​សម្រួល​ការនាំចេញ​ស្រូវ​អង្ករ​នៅ​ច្រកព្រំដែន ដោយ​មិន​ឲ្យ​មានការ​ទារប្រាក់​ក្រៅ​ផ្លូវច្បាប់​។

​ថវិកា​របស់​ដ្ឋា​ភិ​បាល តាមរយៈ​ការផ្ដល់​ឥណទាន​គិតការ​ប្រាក់​ទាប គឺជា​ថ្នូ​ដល់​វិស័យ​ឯកជន​ឲ្យ​ជួយ​ទិញស្រូវ​ពី​កសិករ​ក្នុងតម្លៃ​សមរម្យ​។ នេះ​បើតាម លោក វ​ង្សី វិស្សុត មុននឹង​លោក​បញ្ជាក់ថា ក្រៅពី​ឥណទាន​ប្រមូល​ទិញស្រូវ រដ្ឋាភិបាល​បានផ្ដល់​ថវិកា​វិនិយោគ​លើ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​។ លោក​ឲ្យ​ដឹងថា រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​សម្រាប់ធ្វើ​ឃ្លាំង និង​ឡស​ម្ងួ​ត​ក្នុង​ខេត្តបាត់ដំបង ហើយនឹង​បន្តទៅ​ខេត្តកំពង់ធំ ព្រៃវែង និង​ខេត្តតាកែវ ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ ៣០​លាន​ដុល្លារ​។

​រដ្ឋលេខាធិការ​ក្រ​សូង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូបនេះ លើកឡើងថា ការអន្តរាគមន៍​រប​ស់​រដ្ឋាភិបាល​លើ​វិស័យ​ស្រូវ​អង្ករ នឹង​ជួយ​ឲ្យ​ការលក់​ស្រូវ​របស់​កសិក​រ​នៅ​ឆ្នាំនេះ​លែង​ជួប​ការលំបាក​ដូច​ឆ្នាំមុនៗ​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​«​ដូចនេះ ស្រូវ​អង្ករ​លែង​ពិបាក​ទៀតហើយ​ពេល​ប្រមូល​ផល​នេះ​»​។​

​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) បាន​ថ្លែងថា RDB កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ចំនួន ៣ ខេត្ត​គឺ​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ខេត្តព្រៃវែង ដោយ​កំណត់​ទីតាំង​សម្រាប់​ការទិញ​-​លក់​ស្រូវ ដែលជា​ការតភ្ជាប់​ផ្ទាល់​រវាង​បណ្ដាញ​កសិករ និង​រោង​ម៉ាស៊ីន​។ លោក​បានលើកឡើង​ពី​ការទិញ​ស្រូវ​ក្នុង​ខេត្តបាត់ដំបង ដោយ​ធនាគារ​ស្រូវ​របស់លោក ភូ ពុ​យ បាន​ជួយ​រក្សា​តម្លៃ​គោល​មួយ​សមរម្យ​។ ប៉ុន្តែ​ទោះយ៉ាងណា​ការប្រមូល​ស្រូវ​ពី​កសិករ គឺ​ត្រូវ​ការចូលរួម​ពី​រោង​ម៉ាស៊ីន​ផ្សេងៗ​ទៀត​ដែលមាន​ឃ្លាំង និង​ឡស​ម្ងួ​ត​ជាច្រើន​ទៀត បើ​ពុំ​នោះទេ​ស្រូវ​នឹង​ចាល់​។ នេះ​ជាការ​អះអាង​របស់ លោក កៅ ថាច ៕


Tag:
 អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com