អន្តរជាតិ
មូ​ន ចេ​អ៊ី​ន​៖ អាមេរិក​ចង់វាយ​កូរ៉េខាងជើង ត្រូវសុំ​ភ្លើង​ខៀវ​ពី​កូរ៉េខាងត្បូង​សិន
15, Aug 2017 , 11:13 am        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ចាប់ដៃជាមួយនាយសេនាធិការចម្រុះកងទ័ពអាមេរិក ឧត្តមសេនីយ៍ ចូសេហ្វ ដាន់ហ្វត (រូបភាព៖ Reuters)
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ចាប់ដៃជាមួយនាយសេនាធិការចម្រុះកងទ័ពអាមេរិក ឧត្តមសេនីយ៍ ចូសេហ្វ ដាន់ហ្វត (រូបភាព៖ Reuters)
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន បានប្រកាសថា អន្តរាគមន៍​យោធា​ប្រឆាំង​កូរ៉េខាងជើង នឹង​មិនអាច​កើតឡើង​បានទេ បើ​គ្មាន​ការអនុញ្ញាត​ពី​កូរ៉េខាងត្បូង​។ លោក មូ​ន ចេ​អ៊ី​ន ប្រកាស​ដូចនេះ ខណៈដែល​អាមេរិក​បាន​គំរាម​វាយប្រហារ​កូរ៉េខាងជើង បើ​កូរ៉េខាងជើង​ហ៊ាន​បាញ់​មី​ស៊ី​ល​ដាក់​កោះ​ហ្គា​ម​នោះ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ​និយាយទៀតថា លោក​នឹង​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ទប់ស្កាត់​សង្គ្រាម​នេះ​។



​សង្គ្រាមពាក្យសម្ដី​រវាង​អាមេរិក និង​កូរ៉េខាងជើង បាន​ឡើងដល់​កម្រិត​មួយ​ដែល​ពិបាក​ស្មាន​។ កូរ៉េខាងជើង​បានរៀបចំ​ផែនការ​បាញ់​មី​ស៊ី​ល​ដាក់​កោះ​ហ្គា​ម​រួចហើយ ទោះជា​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ក្ដែ​ងៗ​ថា កូរ៉េខាងជើង​នឹងមាន​បញ្ហា បើ​ហ៊ាន​ប៉ះពាល់​កោះ​ហ្គា​ម​។ យ៉ាងណាមិញ សម្ព័ន្ធមិត្ត​អាមេរិក គឺ​កូរ៉េខាងត្បូង មិន​មានបំណង​ធ្វើសង្គ្រាម​នេះ​ទេ ហើយក៏​មិន​ឲ្យ​សង្គ្រាម​នេះ​កើតឡើង​បានដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​និយាយថា សង្គ្រាម​ប្រឆាំង​កូរ៉េខាងជើង​គឺ​មិនអាច​ធ្វើទៅ​រួច​ទេ បើ​កូរ៉េខាងត្បូង​មិន​ព្រម​នោះ​។ ថ្លែង​ក្នុង​ខួប​លើក​ទី​៧២ ថ្ងៃ​រំដោះប្រទេស​ពី​ការគ្រប់គ្រង​របស់​ជប៉ុន​នៅ​ថ្ងៃទី​១៥ ខែសីហា លោក មូ​ន ចេ​អ៊ី​ន បញ្ជាក់ថា មានតែ​កូរ៉េខាងត្បូង​តែមួយគត់​ដែល​អាច​សម្រេចចិត្ត​លើ​អន្តរាគមន៍​យោធា​នេះ ហើយ​គ្មាន​នរណា​ដែល​អាចធ្វើ​សង្គ្រាម​ប្រឆាំង​កូរ៉េខាងជើង​ដោយ​គ្មាន​ភ្លើង​ខៀវ​របស់​កូរ៉េខាងត្បូង​ដែរ​។​

​នេះ​គឺជា​សារ​ច្បាស់ៗ​របស់លោក មូ​ន ចេ​អ៊ី​ន ផ្ញើ​ទៅ​ឲ្យ​ប្រធានាធិបតី ត្រាំ ដែល​ចង់​ប្រើ​កម្លាំង​ទ័ព​ដាក់​កូរ៉េខាងជើង​។ លោក ត្រាំ បាន​ព្រមាន​កូរ៉េខាងជើង​ម្ដង​ជា​ពីរដង​ថា លោក​នឹងមិន​រារែក​ក្នុងការ​ធ្វើសង្គ្រាម​ឡើយ បើ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​នៅតែ​មិន​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ ហើយ​បាញ់​មី​ស៊ី​ល​ដាក់​កោះ​ហ្គា​ម​នោះ​។ លើសពីនោះ លោក ត្រាំ ក៏​គំរាម​ទៀតថា កងទ័ព​អាមេរិក​ចាំតែ​បញ្ជា​របស់លោក​ប៉ុណ្ណោះ​។​

​យ៉ាងណាក្ដី លោក មូ​ន ចេ​អ៊ី​ន ដែល​ប្រកាន់​ជំហរ​ទន់ភ្លន់​ដាក់​កូរ៉េខាងជើង ហាក់​ដើរ​លើផ្លូវ​បញ្ច្រាស​ជាមួយ​សម​ភាគី​អាមេរិក​របស់លោក​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ នៅតែ​ចង់បាន​ការចរចា​ដើម្បី​បញ្ចប់​បញ្ហា ទោះជា​ផ្លូវ​នេះ​រដាក់រដុប​យ៉ាងណា​ក៏ដោយចុះ​។ ក្រុង​សេ​អ៊ូ​ល​ក៏​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ទប់ស្កាត់​ជម្លោះ​នេះ ហើយ​បាន​ទទូច​ឲ្យ​ក្រុង​ព្យុងយ៉ាង​ត្រឡប់​ចូល​តុ​ចរចា​វិញ ព្រោះ​ជា​ផ្លូវ​តែមួយគត់​ក្នុងការ​រក្សា​សន្តិភាព​នៅ​ឧ​ប​ទ្វី​កូរ៉េ​។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក មូ​ន ចេ​អ៊ី​ន ក៏​សន្យា​ជួយ​កូរ៉េខាងជើង បើ​កូរ៉េខាងជើង​ដើរ​លើផ្លូវ​ត្រូវ​វិញ​។ លោក​សង្កត់ធ្ងន់ថា កូរ៉េខាងត្បូង​មិន​ចង់​ផ្ដួលរំលំ​របប​ដឹកនាំ​កូរ៉េខាងជើង​ឡើយ តែ​នឹង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ថែមទៀត ក្នុងករណី​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​។ ឆ្លៀតឱកាស​នោះ លោក មូ​ន ក៏​អញ្ជើញ​កូរ៉េខាងជើង​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ត្រជាក់​នៅ​ទីក្រុង PyeongChang ដែល​លោក​ចាត់ទុកជា​ឱកាស​ពិសេស​សម្រាប់​ការកសាង​សន្តិភាព​៕


Tag:
 មូ​ន ចេ​អ៊ី​ន​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com