អន្តរជាតិ
ឌូ​ទើ​តេ គំរាម​បាញ់​សកម្មជន​សិទ្ធិមនុស្ស បើ​ហ៊ាន​រារាំង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​
17, Aug 2017 , 2:23 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាព៖ Rappler)
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាព៖ Rappler)
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​គំរាម​បាញ់សម្លាប់​សម្ម​ជន​ការពារ​សិទ្ធិមនុស្ស បើ​ពួកគេ​ហ៊ាន​បង្ក​ឧបសគ្គ​រាំងស្ទះ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក​។ លោក ឌូ​ទើ​តេ បាន​ចោទ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ថា​ជួយ​ការពារ​ឧក្រិដ្ឋជន ខណៈដែល​ក្រុម​ការពារ​សិទ្ធិមនុស្ស​ទាំងនោះ​កំពុង​ស៊ើបអង្កេត​ករណី​រំលោភសិទ្ធិ​មនុស្ស​ក្នុង​សង្គ្រាម​គ្រឿងញៀន​ដែល​សម្លាប់​មនុស្ស​អស់​៧​ពាន់​នាក់​មកហើយ​នោះ​។​



​ការបាញ់សម្លាប់​មនុស្ស​ឆៅៗ​ក្នុង​សង្គ្រាម​បោសសម្អាត​គ្រឿងញៀន​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ធ្វើ​ឲ្យ​លោក​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អង្គការ និង​គណៈកម្មការ​ការពា​រ​សិទ្ធិមនុស្ស​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។ ប៉ុន្តែ​លោក ឌូ​ទើ​តេ មិនបាន​ខ្វល់ខ្វាយ​ពាក្យរិះគន់​ទាំងនោះ​ឡើយ ហើយ​ថែមទាំង​គំរាម​បាញ់​សកម្មជន​សិទ្ធិមនុស្ស​ដែល​រារាំង​ការងារ​របស់លោក​ទៀត​ផង ដោយ​អះអាងថា​លោក​ចង់​ឲ្យ​ពួកគេ​ស្គាល់​អ្វី​ជាការ​បំពាន​សិទ្ធិមនុស្ស​ពិតប្រាកដ​។​

​ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅ​ថ្ងៃទី​១៦ ខែសីហា ប្រធានាធិបតី​ហ្វីលីពីន​ដៃ​ឆៅ​រូបនេះ​និយាយថា លោក​នឹង​ចេញ​បញ្ជា​ឲ្យ​ប៉ូលិស​បាញ់​សកម្មជន​ទាំងឡាយណា​ដែលជា​ប់​ពាក់ព័ន្ធ​រឿង​ការពារ​សិទ្ធិមនុស្ស ក៏ដូចជា​សកម្មជន​ទាំងឡាយ​ដែល​បង្ក​ការរាំងស្ទះ​ដល់​ប្រតិបត្តិការ​របស់​ប៉ូលិស​។ លោក ឌូ​ទើ​តេ ចាត់ទុក​ការបាញ់​សកម្មជន​ការពារ​សិទ្ធិមនុស្ស​នេះ ជា​មេរៀន​ដើម្បី​បង្ហាញថា​អ្វី​ជាការ​រំលោភ​សិទ្ធិមនុស្ស​ជាក់ស្ដែង​នោះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Rappler ។​

​តាមពិតទៅ ក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​បានបង្ហាញ​ការព្រួយបារម្ភ​របស់ខ្លួន​តាំងពី​ការចាប់ផ្ដើម​យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋជន​គ្រឿងញៀន​មក​។ ប៉ុន្តែ​លោក ឌូ​ទើ​តេ មិនបាន​យក​ត្រចៀក​ស្ដាប់​ឡើយ ហើយ​ថែមទាំង​បង្ហាញ​ការមិនសប្បាយចិត្ត​ទៀតផង​។ មិន​សប្បាយ​ចិត្តត្រង់​ថា ពួកគេ​ថ្កោលទោស​ចំណាត់ការ​របស់លោក តែ​មិនបាន​រិះគន់​ឈ្មួញ​រត់ពន្ធ និង​អ្នកប្រើប្រាស់​គ្រឿង​ដែល​លោក​ចាត់ទុកជា​អ្នកបង្ក​បញ្ហា​នោះឡើយ​។​

​ឆ្លៀត​ពេលនោះ លោក ឌូ​ទើ​តេ ក៏បាន​លើកឡើង​ពី​ករណី​រំលោភ និង​សម្លាប់​ក្មេង​អាយុ​មួយឆ្នាំ ដែល​លោក​អះអាង​គ្មាន​ក្រុម​សិទ្ធិមនុស្ស​ចេញមក​ថ្កោលទោស​សោះ និង​បាន​ចោទ​ជា​សំណួរ​ថា ឯណា​ទៅ​សិទ្ធិមនុស្ស​? លោក​បាន​រិះគន់​ខ្លាំង​ថា ក្រុម​ការពារ​សិទ្ធិមនុស្ស​នេះ មិន​និយាយ​អ្វី​សោះ​លើ​បញ្ហា​នេះ តែ​ដល់ពេល​ឧក្រិដ្ឋជន​ត្រូវបាន​សម្លាប់​ក្នុងពេល​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន ពួកគេ​បែរជា​ចេញមុខ​និយាយថា​នេះ​ជាការ​រំលោភ​សិទ្ធិមនុស្ស​ទៅវិញ​។

​ជាមួយគ្នា​នោះ ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ក៏​គំរាម​បើក​ការស៊ើបអង្កេត​លើ​ក្រុម​ការពារ​សិទ្ធិមនុស្ស​ទាំងឡាយ ដោយ​លោក​ចោទថា​ពួកគេ​មានគំនិត​ក្បត់​។ លោក ឌូ​ទើ​តេ គំរាម​បែបនេះ ស្រប​ពេលដែល​ក្រុម​សិទ្ធិមនុស្ស​កំពុង​ស៊ើបអង្កេត​សង្គ្រាម​គ្រឿងញៀន​របស់លោក​។ លោក​ក៏បាន​រិះគន់​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ហ្វីលីពីន Chito Gascon ដែល​ប្រឆាំង​រូបលោក​ថា​ជាម​នុស្ស​ស្លេកស្លាំង​ផងដែរ​៕


Tag:
 ​ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  គ្រឿងញៀន​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com