អន្តរជាតិ
កូរ៉េខាងជើង ថា​លោក មូ​ន ចេ​អ៊ី​ន ធ្វើការ​មិនកើត​សោះ​
18, Aug 2017 , 2:27 pm        
រូបភាព
​កូរ៉េខាងជើង បាន​រិះគន់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន (Moon Jae-in) ដែល​កាន់តំណែង​បាន ១០០​ថ្ងៃ​នៅ​ថ្ងៃទី​១៧ ខែសីហា​។ បើតាម​សារព័ត៌មាន​កូរ៉េខាងជើង Rodong Sinmun បានចាត់ទុក​រយៈពេល​១០០​ថ្ងៃនេះ ជា​រឿង​អត់​បានការ និង​ខកចិត្ត​ទៀតផង​។ កូរ៉េខាងជើង​ក៏បាន​រិះគន់​លោក មូ​ន ចេ​អ៊ី​ន ចំពោះ​ជំហរ​របស់លោក​ដែល​ចង់​ចរចា​បញ្ចប់​បញ្ហា​ផង និង​បន្ត​អនុវត្ត​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ខ្លួន​ផងដែរ​។​



​លោក មូ​ន ចេ​អ៊ី​ន កាន់តំណែង​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​១០០​ថ្ងៃ​នៅ​ថ្ងៃទី​១៧ ខែសីហា បន្ទាប់ពី​ឈ្នះ​ការបោះឆ្នោត​មុន​អាណត្តិ​កាលពី​ខែឧសភា​។ លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ប្រកាន់​ជំហរ​មិន​រឹងត្អឹង​ឡើយ ហើយ​ចង់​ចរចា​បញ្ចប់​ជម្លោះ​ដោយ​សន្តិវិធី​។ លោក​ក៏​ប្រកាស​ជា​ជំហរ​ថា រដ្ឋាភិបាល​លោក​នឹងធ្វើ​រឿង​គ្រប់យ៉ាង​ដើម្បី​ទប់ស្កាត់​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ ហើយ​អាមេរិក​ត្រូវ​សួរ​លោក​សិន​ដែរ បើ​ចង់វាយ​កូរ៉េខាងជើង​នោះ​។​

​យ៉ាងណាក្ដី កូរ៉េខាងជើង​មិនបាន​វាយតម្លៃ​លើ​ជំហរ​ទន់ភ្លន់​នេះ​ទេ និង​ចាត់ទុក​រយៈពេល​១០០​ថ្ងៃ​របស់លោក មូ​ន ចេ​អ៊ី​ន ជា​រឿង​បរាជ័យ​ទៀតផង​។ សារព័ត៌មាន​កូរ៉េខាងជើង Rodong Sinmun បាន​ហៅ​ការ​កាន់អំណាច​របស់លោក មូ​ន ថា​ជាការ​ដឹកនាំ​ដ៏​អន់ ហើយ​គួរ​ឲ្យ​ខកចិត្ត​ណាស់​។ សារព័ត៌មាន​ដដែល​នេះ ក៏បាន​រិះគន់​ការប្រឹងប្រែង​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង ដោយនិយាយ​ថា​លោក មូ​ន បានតែ​មាត់ និង​ព្យាយាម​លាក់ពុត​ទៀតផង​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ដោយ​មិន​និយាយ​ចំឈ្មោះ​លោក មូ​ន សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​មួយ​នេះ​បញ្ជាក់ថា​៖ « អ្នកកាន់អំណាច​នៅ​កូរ៉េខាងត្បូង​និយាយថា​ខ្លួន​នឹង​ជំរុញ​ការដាក់ទណ្ឌកម្ម និង​សម្ពាធ​លើ​កូរ៉េខាងជើង ព្រម​គ្នា​នោះ​ក៏​ស្វែងរក​ការចរចា​ដែរ​។ នេះ​ជា​ផែនការ​ក្បត់​ដើរ​តាម​នយោបាយ​អាមេរិក​ក្នុង​គោលដៅ​សម្លាប់​កូរ៉េខាងជើង​»​។ សារព័ត៌មាន​នេះ​សង្កត់ធ្ងន់ថា ទណ្ឌកម្ម សម្ពាធ និង​ការចរចា​មិនអាច​ដើរ​លើផ្លូវ​ស្របគ្នា​បានទេ​។​

​ក្នុង​ថ្ងៃទី​១០០​នៃ​ការ​កាន់អំណាច លោក មូ​ន ចេ​អ៊ី​ន នៅតែ​ប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដោយ​សន្តិវិធី​មានការ​ចរចា និង​ការអនុវត្ត​ទណ្ឌកម្ម​តាម​ការសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ ក៏​ប្រកាសថា​លោក​នឹង​ឆ្លើយតប​ឲ្យ​ម៉ឹងម៉ាត់​ទៅនឹង​សកម្មភាព​បង្ករឿង​របស់​កូរ៉េខាងជើង ប៉ុន្តែ​លោក​នៅតែ​រក្សា​ឆន្ទៈ​ក្នុងការ​ពិភាក្សា​ជាមួយ​កូរ៉េខាងជើង ក្រោម​លក្ខខណ្ឌ​សមស្រប​។​

​កន្លងមក លោក មូ​ន ចេ​អ៊ី​ន ក៏​តែង​ស្នើ​ឲ្យ​កូរ៉េ​ខាង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ និង​ការបាញ់​មី​ស៊ី​ល រួច​វិល​ចូល​តុ​ចរចា​ឡើងវិញ​។ លោក​ចាត់ទុក​ការ​ទុកចោល​មហិច្ឆតា​នុយក្លេអ៊ែរ គឺជា​ផ្លូវ​ដើរ​ត្រឹមត្រូវ​របស់​កូរ៉េខាងជើង បើ​ពិតជា​ដូច្នោះ​មែន​កូរ៉េខាងត្បូង​នឹង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​កូរ៉េខាងជើង​មិន​ខាន​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​លោក​ជំទាស់​ដាច់​ការប្រើ​យោធា​ដើម្បី​បញ្ចប់​នេះ ហើយ​លោក​ប្រាប់​អាមេរិក​ឲ្យ​សុំ​យោបល់​កូរ៉េខាងត្បូង​សិន មុន​បើក​ប្រតិបត្តិការ​យោធា​៕

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com