អន្តរជាតិ
ប៉ូលិស​អាហ្វ្រិក​ខាងត្បូង​តាមរក​ភរិយា​លោក មូ​ហ្កា​បេ ដែល​កំពុង​គេចខ្លួន​ជុំវិញ​ករណី​បង្ក​ហិង្សា​
18, Aug 2017 , 9:19 pm        
រូបភាព
ប្រធានាធិបតី Robert Mugabe អង្គុយក្បែរភរិយា Grace Mugabe (រូបភាព៖ Xinhua)
ប្រធានាធិបតី Robert Mugabe អង្គុយក្បែរភរិយា Grace Mugabe (រូបភាព៖ Xinhua)
ប៉ូលិស​អាហ្វ្រិក​ខាងត្បូង​បាន​រឹតបន្តឹង​សន្តិសុខ​តាម​ព្រំដែន​ដោយបាន​ប្រកាសអាសន្ន​ក​ម្រិ​ត​ខ្ពស់ សំដៅ​រារាំង លោកស្រី Grace Mugabe ភរិយា​ប្រធានាធិបតី​ស៊ីម​បា​វ៉េ Robert Mugabe ពី​ការចាកចេញ​ពី​ប្រទេស បន្ទាប់ពី​រង​ការចោទប្រកាន់ថា​បាន​បង្ក​ហិង្សា​ក្នុង​សណ្ឋាគារ​។ លោកស្រី Grace Mugabe បាន​រត់គេច និង​មិនបាន​បង្ហាញខ្លួន​ចំពោះមុខ​តុលាការ​ឡើយ​កាលពីដើម​សប្ដាហ៍​នេះ​។ ប៉ូលិស​ជឿថា ស្ត្រី​ទីមួយ​ស៊ីម​បា​វ៉េ​ស្ថិតនៅក្នុង​ទឹកដី​អាហ្វ្រិក​ខាងត្បូង​នៅឡើយ​។​



​ភរិយា​មេដឹកនាំ​វ័យ​ជរា​ស៊ីម​បា​វ៉េ លោកស្រី Grace Mugabe បាន​បន្ត​លាក់ខ្លួន​លើ​ទឹកដី​អាហ្វ្រិក​ខាងត្បូង ក្រោយ​ជាប់​ចោទថា​បាន​វាយ​លើ​តារា​ម៉ូ​ដែល​ម្នាក់​ឈ្មោះ Gabriella Engels ក្នុង​សណ្ឋាគារ​កាលពី​ចុង​សប្ដាហ៍​មុន​។ ប៉ូលិស​អាហ្វ្រិក​ខាងត្បូង បាន​បន្ត​ស្វែងរក​លោកស្រី Grace ដើម្បី​ដោះស្រាយ​បណ្ដឹង​នេះ និង​បាន​រឹតបន្តឹង​ការត្រួតពិនិត្យ​តាម​ព្រំដែន ដោយ​ខ្លាច​លោកស្រីរ​ត់ទៅ​ស៊ីម​បា​វ៉េ​ដើម្បី​គេច​ពី​ការកាត់ទោស​។

​យោងតាម​សារព័ត៌មាន Al Jazeera រដ្ឋមន្ត្រី​ប៉ូលិស​អាហ្វ្រិក​ខាងត្បូង Fikile Mbalula និយាយថា ភរិយា​លោក Mugabe កំពុង​ស្ថិតនៅ​កន្លែង​ណាមួយ​ក្នុង​ទឹកដី​អាហ្វ្រិក​ខាងត្បូង តែ​ប៉ូលិស​បាន​តាមដាន​នៅ​ច្រកព្រំដែន​ទាំងអស់​។ លោក Fikile Mbalula បញ្ជាក់ដែរថា មកទល់​ថ្ងៃទី​១៨ ខែសីហា លោកស្រី Grace Mugabe មិនទាន់​ប៉ុនប៉ង​រត់​ទៅណា​ឡើយ​។ ប៉ុន្តែ​លោកស្រី​បាន​ស្នើសុំ​អភ័យឯកសិទ្ធិ​ការទូត​ដើម្បី​ការពារ​ខ្លួន ខណៈដែល​តុលាការ​ក៏​មិនទាន់​ចោទប្រកាន់​លោកស្រី​ដែរ​។​

​តារា​ម៉ូ​ដែល​ម្នាក់​ឈ្មោះ Gabriella Engels ដែលជា​ជនរងគ្រោះ​បាន​ចោទ​ស្ត្រី​ទីមួយ​ស៊ីម​បា​វ៉េ​ថា​បាន​សម្រុកចូល​បន្ទប់​ស​ណ្ឋា​គារ និង​បាន​យក​ខ្សែកាប​វាយ​នាង ខណៈ​នាង​កំពុង​រង់ចាំ​ជួប​កូនប្រុស​លោក Mugabe ។ លោក Gerrie Nel ជា​អ្នក​ជួយ​ការពារ​ក្ដី​ឲ្យ​តារា​ម៉ូ​ដែល Engels និយាយថា មានការ​ផ្ដល់​សំណង​លុយកាក់​ទៅ​ឲ្យ​ជនរងគ្រោះ​ដើម្បី​បញ្ចប់​បញ្ហា ប៉ុន្តែ​ត្រូវបាន​បដិសេធ​។ ម្ដាយ​របស់ Engels និយាយថា គ្រួសារ​នាង​ត្រូវការ​យុត្តិធម៌ មិនមែន​លុយ​ឡើយ​។​

​ដោយឡែក ប្រធានាធិបតី Mugabe ក៏មាន​ក្នុង​ទីក្រុង​ប្រេ​តូ​រី​យ៉ា​ដែរ ដោយ​លោក​ត្រូវ​ចូលរួម​កិច្ចប្រជុំ​តំបន់​មួយ​។ វត្តមាន​លឿន​ជាង​ការគ្រោងទុក​របស់លោក Mugabe ទំនង​ជាមាន​គោលដៅ​ដោះស្រាយ​បញ្ហា​របស់​ភរិយា ដែល​បញ្ហា​នេះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ក៏​ថា​បាន​។ យ៉ាងណាក្ដី ប៉ូលិស​បានបញ្ចប់​ការស៊ើបអង្កេត​របស់ខ្លួន និង​រង់ចាំតែ​ការសម្រេច​ពាក់ព័ន្ធ​អភ័យឯកសិទ្ធិ​លោកស្រី Grace ប៉ុណ្ណោះ​។

​លោកស្រី Grace បានធ្វើ​ដំណើរ​ទៅកាន់​អាហ្វ្រិក​ខាងត្បូង​ដើម្បី​ព្យាបាល​របួស​ជើង ដែលជា​ទស្សនកិច្ច​ឯកជន ហើយ​វា​មិនអាច​ក្លាយជា​ហេតុផល​សម្រាប់​ការផ្ដល់​អភ័យឯកសិទ្ធិ​បានឡើយ​។ យ៉ាងណាក្ដី ជាមួយនឹង​ជម្លោះ​ការទូត​ដែល​អាច​កើតមាន រដ្ឋអាជ្ញា​អាហ្វ្រិក​ខាងត្បូង​ទំនងជា​មិន​បន្ត​ដំណើរការ​របស់​ខ្លួន​ទេ បើ​រកឃើញថា​របួសរ​បស់​នាង Engels មិន​ធ្ងន់ធ្ងរ​នោះ​៕


Tag:
 អាហ្វ្រិក​ខាងត្បូង​
  ស៊ីម​បា​វ៉េ​
  Grace Mugabe
  Robert Mugabe
© រក្សាសិទ្ធិដោយ thmeythmey.com