ជាតិ
សុខភាព
អ្នកជំនាញ​៖ ការចិញ្ចឹម​កូន​ដោយ​សម្ពាធ​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​កូន
24, Aug 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​ភ្នំពេញ ៖ រាល់​ពេលដែល ក​ញ្ច​នា​* ភ្ញាក់ឡើង​ពេលព្រឹក នាង​តែងមាន​ការគិត​សម្ពាធ​ផ្លូវចិត្ត​។ ក​ញ្ច​នា យល់ថា ឪពុកម្តាយ​របស់​នាង​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ជីវិត និង​ការសិក្សា​របស់​នាង​។​



​កញ្ញា ក​ញ្ច​នា អាយុ​២២​ឆ្នាំ គឺជា​កូនច្បង​នៅក្នុង​គ្រួសារ ដោយមាន​ប្អូនប្រុស​ពីរ​នាក់ និង​ប្អូនស្រី​ម្នាក់​។ ក​ញ្ច​នា បង្ហាញ​នូវ​ទឹកមុខ​ស្រងូតស្រងាត់ និង​បាន​ប្រាប់​ពី​បញ្ហា​តប់ប្រមល់​(​ស្ត្រេ​ស‍​) ដែល​នាង​ជួបប្រទះ​ក្នុង​គ្រួសារ ដូចជា​ការបិទ​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​មុខវិជ្ជា​សិក្សា និង​ការ​ដើរលេង​កម្សាន្ត​ផ្សេងៗ​។ ក​ញ្ច​នា និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​គណនេយ្យ បាន​និយាយថា​៖

«​និយាយ​ទៅ​ខ្ញុំ​អត់​មាន​មនោសញ្ចេតនា​ជាមួយ​ប៉ា​ម៉ាក់​សោះ​ហ្មង​»​។​

​ក​ញ្ច​នា បានរស់នៅ​ក្នុងស្ថានភាព​គ្រួសារ​បែបនេះ​ជា​យូរ​មកហើយ ប៉ុន្តែ​ក្នុងអំឡុងពេល​ប៉ុន្មាន​៥​ឆ្នាំ​កន្លងទៅនេះ នាង​ទើបតែ​បានដឹងថា បញ្ហា​សម្ពាធ​គ្រួសារ​នេះ​បានផ្តល់​ផលប៉ះពាល់​យ៉ាង​ខ្លះ​ទៅលើ​សុខភាព​ផ្លូវចិត្ត​របស់​នាង​ផ្ទាល់ ដែល​នាង​យល់ថា វា​ធ្វើ​ឲ្យ​កើតមាន​ជា​ជំងឺ​ថប់​អារម្មណ៍ ការ​ឲ្យ​តម្លៃ​ខ្លួនឯង​ទាប និង​កាត់បន្ថយ​ការ​គេង​។​

​បើ​យោងតាម​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌ (TPO) បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ចំនួន​ប្រជាជន ១៥​លាន​នាក់ គេ​ប៉ាន់​ស្មានថា ៤០​ភាគរយ​ត្រូវបាន​រងគ្រោះ​ពី​ជំងឺផ្លូវចិត្ត​។​

​ឈឿន ដា​លិ​កា ជា​មនុស្ស​មួយរូប​ទៀត​ដែល​បាន​ចែករំលែក​បទពិសោធន៍​នៃ​ជំងឺ​ថប់​អារម្មណ៍​។ នាង​គឺជា​និស្សិត​ឆ្នាំ​ទី​១ មកពី​វិទ្យាស្ថាន​ភាសាបរទេស​។ ដា​លិ​កា បាន​ប្រាប់ថា តាមរយៈ​បទពិសោធន៍​របស់​នាង ការដែល​ខិតខំ​ប្រឹងប្រែង​ឲ្យ​ល្អ​ដូចនឹង​ការរំពឹងទុក​របស់​ប៉ា​ម៉ាក់​របស់​នាង​ទីបំផុត នាំ​ឲ្យ​នាង​បរាជ័យ​ទាំងស្រុង​នៅក្នុង​ការសិក្សា​។​

​ដា​លិ​កា បាន​ធ្លាក់​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​កាលពី​ឆ្នាំ​២០១៥​កន្លងទៅនេះ ដោយ​មូលហេតុ​មកពី​សម្ពាធ​ផ្លូវចិត្ត និង​ការព្រួយបារម្ភ​ខ្លាំងពេក​អំពី​ការសិក្សា​នៅ​ថ្ងៃ​អនាគត​។​



​ដកដង្ហើម​ធំ​រួច​បន្ត កញ្ញា​វ័យ​១៨​ឆ្នាំ​ម្នាក់នេះ បាន​និយាយថា​៖

«​រាល់ថ្ងៃ​ហ្នឹង ខ្ញុំ​នៅមាន​ផលវិបាក​ក្នុងការ​រស់នៅ ដោយសារតែ​ខ្ញុំ​នៅមាន​ការគិត​ដោយ​ផ្តល់​តម្លៃ​ឲ្យ​ខ្លួនឯង​ទាប ដោយសារតែ​មិន​សម​នឹង​ស្តង់ដា ដែល​ប៉ា​ម៉ាក់​ខ្ញុំ​ចង់បាន​»​។​

​ដា​លិ​កា បាន​បន្តថា​៖ «​ពួកគាត់​យក​ខ្ញុំ​ទៅ​ប្រៀបធៀប​ជាមួយ​កូន​បងប្អូន ជួនកាល​កូន​អ្នក​ជិត​ផ្ទះ​ទៀត​។ ពាក្យសម្តី ដែល​គាត់​និយាយ​ហ្នឹង​គឺ​សាហាវ​ណាស់ ប៉ុន្តែ​គាត់​អត់​ដែល​បាន​គិតថា វា​ផ្តល់​ផលប៉ះពាល់​ដល់​ថ្នាក់​ហ្នឹង​ទេ​»​។​

​បើតាម​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌​បាន​ពន្យល់​អំពី​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​យុវវ័យ​កើតមាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​នេះ គឺ​មកពី​ការគិត​របស់​ពួកគាត់​ផ្ទាល់ និង​កត្តា​សង្គម​។​

​លោក ឈឹម សុធា​រ៉ា បាន​និយាយថា​៖ «​បញ្ហា​ដែល​ខ្ញុំ​ឧស្សាហ៍​ឃើញ​មាន​នោះ គឺ​មកពី​កត្តា​គ្រួសារ ដូច​ថា​គ្រួសារ​ដែល​គាត់​ធំ​ដឹងក្តី​ឡើងមក​នឹង​គឺមាន​ម្តាយ​ឪពុក​ដែលមាន​អត្ត​ច​រិ​ក​កាច ឆេវឆាវ មាន​ខ្លះទៀត​លាយឡំ​ជាមួយ​ការគំរាមកំហែង និង​អំពើហិង្សា​»​។​

​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ផលប៉ះពាល់​ដែល​បណ្តាលមកពី​ការគាបសង្កត់​ផ្លូវចិត្ត​របស់​ឪពុកម្តាយ​នេះ អាច​នាំ​ឲ្យ​កូនៗ​ជួបនឹង​បញ្ហា ដូចជា​គេង​មិន​ទៀងទាត់ ញុំ​ា​អាហារ​ខុស​ប្រក្រតី ចេះតែមាន​ការបារម្ភ​ឥតឈប់ឈរ ការ​ឲ្យ​តម្លៃ​ខ្លួន​ទាប លែងមាន​ចំណង់​ចំណូលចិត្ត ផ្តាច់ទំនាក់ទំនង​ជាមួយ​មនុស្ស​ជិត​ខ្លួន ហើយ​ការសិក្សា​ក៏​ធ្លាក់ចុះ​ផងដែរ​។​

​លោក​បាន​បន្ថែមថា​៖ «​ពេល​ហ្នឹង ពួកគាត់​ចាប់ផ្តើម​ផ្លាស់ប្តូរ​ការគិត ពួកគាត់​ឈប់​ធ្វើ​អ្វី​ទាំងអស់​។ ពេលខ្លះ​គាត់​អាច​ញុំ​ា​ច្រើន ឬ​គេង​ច្រើន ហើយ​ការសិក្សា​របស់គាត់​ក៏​ធ្លាក់ចុះ​តាម​នឹង​ដែរ​»​។​

​លោក​វេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា ក៏បាន​បញ្ជាក់​ផងដែរ​ថា ឪពុកម្តាយ​ភាគច្រើន​មិនបាន​យកចិត្តទុកដាក់​ទៅលើ​តម្រូវការ​ផ្នែក​សតិអារម្មណ៍​របស់​កូន ដោយឡែក​ពួកគាត់​បែរជា​ខ្វល់​ពី​ការធ្វើ​យ៉ាងណា​ឲ្យ​កូនៗ​របស់គាត់​អាចឈាន​ដល់​ចំណុច​ស្តង់ដា​មួយ ដែល​គាត់​ចង់បាន​។​

«​ក្មេង​ខ្លះ គាត់​ហ៊ាន​និយាយ ជាមួយ​ប៉ា​ម៉ាក់​របស់គាត់​ពី​បញ្ហា​ហ្នឹង​ដែរ ប៉ុន្តែ​ប៉ា​ម៉ាក់​គាត់​ទៅជា​ចំអក​គាត់​ដោយ​គិតថា កូន​ហ្នឹង អន់ មិន​រឹងប៉ឹង​វិញ ដល់​ចឹ​ង​ធ្វើ​ឲ្យ​ជំងឺ​កាន់តែ​ដុនដាប​ទៅៗ​»​។​

​ជាក់ស្តែង សព្វថ្ងៃនេះ​យុវវ័យ​ភាគច្រើន​យល់ថា ការចែករំលែក​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ជាមួយ​មិត្តភក្តិ​តាម​បណ្តាញ​សង្គម​អាច​ឲ្យ​ខ្លួន​បាន​ធូរស្រាល និង​រីករាយ ជាង​ការចែករំលែក​ជាមួយ​គ្រួសារ គឺ​ឪពុកម្តាយ​។​

​លោក​វេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា ក៏បាន​បន្តទៀតថា​៖

«​ពេលដែល​ក្មេង គាត់​គិតថា​ប៉ា​ម៉ាក់​អត់​ស្រឡាញ់ គាត់​ចាប់ផ្តើម​ទាមទារ​ក្តី​ស្រឡាញ់​ពី​អ្នកផ្សេង​វិញ ដូច​ចាប់ផ្តើម​ពី​ការ​បង្ហោះ​សារ​ផ្សេងៗ ដល់ពេល​មាន​អ្នក​ចូល​ឆ្លើយតប​ជាមួយ​គាត់​ទៅ គាត់​អាចមាន​អារម្មណ៍​ធូរស្រាល​ក្នុងពេល​មួយ​ភ្លែត​ហ្នឹ​ង‍​»​។​

​យ៉ាងណាមិញ លោក កៅ សុវណ្ណ​ណា​រ៉ា សាស្ត្រាចារ្យ​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ចិត្ត​វិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​រៀបរាប់​ឲ្យ​ដឹងថា ឪពុកម្តាយ​ខ្លះ​ដែលមាន​ភាព​តឹងរ៉ឹង​ចំពោះ​កូន ដោយសារតែ​ពួកគាត់​មាន​បញ្ហា​ផ្លូវចិត្ត​ខ្លួនឯង​ដោយមាន​ប្រវត្តិ​ឆ្លងកាត់​សង្គ្រាម​។​



​លោក កៅ​សុវណ្ណារ៉ា បាន​និយាយថា​៖ «​ឪពុកម្តាយ​ខ្លះ ធ្លាប់បាន​ឆ្លងកាត់​ពេល​សង្គ្រាម ដូចនេះ​គាត់​ត្រូវបាន​គេ​បង្រៀន​ឲ្យ​ប្រើ​វិធី​ផ្តាច់ការ ប្រសិនជា​ចង់​ឲ្យ​គេ​ស្តាប់បង្គាប់​»​។​

​លោក​បាន​បន្តថា​៖ «​ពេលខ្លះ​វិញទៀត ឪពុកម្តាយ​ហ្នឹង​ព្យាយាម​ជំរុញ​ឲ្យ​កូនៗ​ចូលចិត្ត​អ្វីដែល​ខ្លួន​គាត់​ផ្ទាល់​ចូលចិត្ត​ស្រឡាញ់ ដោយ​អត់​មានបាន​សួរថា កូន​គាត់​ស្រឡាញ់​វា​ដែរ​អត់​ទេ​។ ដល់​ចឹ​ង​ពេលខ្លះ ដោយសារតែ​ប៉ា​ម៉ាក់​បង្ខំ កូន​ហ្នឹង​ទៅជា​សម្រេច​ក្តី​ស្រមៃ​របស់​អ្នកផ្សេង​ដោយ​មិនមែន​របស់ខ្លួន​ឯង​ទៅ​វិ​ញ‍​»​។​

​លើសពីនេះ​ផងដែរ លោក កៅ សុវណ្ណ​ណា​រ៉ា ក៏បាន​បញ្ជាក់ថា ឪពុកម្តាយ​ដែលជា​អ្នកមើល​ថែទាំ​កូន គឺមាន​តួនាទី​ជា​ចាំបាច់​ក្នុងការ​លូតលាស់​របស់​កូន ប៉ុន្តែ​ភាព​រំពឹង​ខ្ពស់​របស់​ពួកគាត់​ដោយ​មិនបាន​សង្កេត និង​ឆ្លុះបញ្ចាំង​ពី​ទេពកោសល្យ និង​សក្តានុពល​របស់​កូនៗ ក៏​អាច​ប៉ះពាល់​ទាំងស្រុង​ទៅលើ​ការវិវត្តន៍​ផងដែរ​។​

​បើទោះជា​មាន​ឪពុកម្តាយ​ដែលមាន​ភាព​តឹងរ៉ឹង​លើ​កូនក្តី អ្នកស្រី តាំង ឆុន​ប៊ួ​យ អាយុ​៤៤ ឆ្នាំ បាន​ប្រាប់ថា អ្នកស្រី​មិន​ព្យាយាម​ជំរុញ​ឲ្យ​កូនៗ​ធ្វើ​អ្វី​ហួស​ពី​សមត្ថភាព​របស់​ពួកគេ​នោះទេ ដោយឡែក​អ្នកស្រី​នឹង​ផ្តល់​កម្លាំងចិត្ត​ឲ្យ​ពួកគេ​ធ្វើ​អ្វីដែល​ពួកគេ​ស្រឡាញ់​។​

​អ្នកស្រី​បាន​រៀបរាប់ថា​៖ «​របៀប​ដែល​ខ្ញុំ​ប្រៀនប្រដៅ​កូន គឺ​ប្រើពាក្យ​ផ្អែម ទន់ភ្លន់​ឲ្យ​ពួកគាត់​ស្តាប់ ឲ្យ​ពួកគាត់​យល់ ដោយសារតែ​ធ្វើបែបនេះ​ទៅ នៅពេលដែល​ពួកគាត់​ត្រូវ​មានការ​អ្វី​ពិភាក្សា​ជាមួយ​យើង វា​មាន​ភាពងាយស្រួល​ក្នុង​ការយល់​គ្នា​ទៅវិញ​ទៅ​ម​ក‍​»​។​

​ក្រោយពី​ត្រូវបាន​សួរ​សំណួរ​ទៅកាន់ ក​ញ្ច​នា ថា​តើ​អ្វីដែល​នាង​ចង់បាន​ពី​ប៉ា​ម៉ាក់​ជាងគេ​នោះ នាង​ក៏​បន្ត​និយាយ​ដោយ​ស្រក់​ទឹកភ្នែក​បណ្តើ​រថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ពេក​ហើយ បើសិនជា​ប៉ា​ម៉ាក់​ខ្ញុំ​អាច​នឹង​យល់ ហើយ​យ៉ាងហោចណាស់​ត្រេកអរ​ជាមួយ​អ្វីដែល​ខ្ញុំ​បានធ្វើ​រាល់​ថ្ង‍ៃ​»​។​

[​កំណត់​និពន្ធ​៖ *​ក​ញ្ច​នា គឺជា​ឈ្មោះ​ដែល​ត្រូវបាន​តែង​ឡើង​ក្នុង​គោលបំណង​ការពារ​អត្តសញ្ញាណ​របស់​ប្រភព​]​។​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​



© រក្សាសិទ្ធិដោយ thmeythmey.com