កីឡាជាតិ
ជាតិ
​ក្រោយ​ដកចេញ​ពី​ក្រុម ពិដោរ​ប្រាប់​អ្នកគាំទ្រ​កុំ​ទាន់​វាយតម្លៃ ខណៈ ពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់​
24, Aug 2017 , 2:12 pm        
រូបភាព
លោក Leonardo Vitorino និយាយពីការកាត់កីឡាករពីររូបចេញពីក្រុម U22 នៅប្រទេសម៉ាឡេស៊ី
លោក Leonardo Vitorino និយាយពីការកាត់កីឡាករពីររូបចេញពីក្រុម U22 នៅប្រទេសម៉ាឡេស៊ី
ដោយ:
​កីឡាករ ច្រឹង ពលរដ្ឋ និង សំអឿន ពិដោរ ដែល​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​កាត់​ចេញពី​ក្រុម​ក្រោម​ហេតុផល​មាន​បញ្ហា​រឿង​វិន័យ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ម៉ាឡេស៊ី​របស់ គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino តាមរយៈ​ឃ្លី​ប​វីដេអូ​មួយ​។​



«​សម្រាប់​កីឡាករ ច្រឹង ពលរដ្ឋ និង សំអឿន ពិដោរ ត្រូវបាន​កាត់​ចេញពី​ក្រុម U22 កម្ពុ​ជាមួយ​ថ្ងៃមុន​ការប្រកួត​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី​។ យើង​នៅ​ជាមួយគ្នា​ដើម្បី​មើល​ពី​អនាគត​បាល់ទាត់​របស់​កម្ពុជា ហើយ​ការ​កាត់​ពួកគេ គឺ​ដោយសារ​រឿង​វិន័យ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Leonardo Vitorino គ្រូបង្វឹក U22 កម្ពុជា ដែល​បាន​មើលឃើញ​ពី​ការមិន​គោរព​បទបញ្ជា​របស់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​។​



​លោក​បាន​បន្តថា កីឡាករ​គ្រប់រូប​អាច​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រៅពី​ទាមទារ​មាន​សមត្ថភាព និង​បច្ចេកទេស​ខ្ពស់ គឺ​ត្រូវមាន​អាកប្បកិរិយា និង​អត្ត​ចរិតល្អ ជាពិសេស​គោរព​វិន័យ​ក៏ដូចជា​បញ្ជា​របស់​ក្រុម​ជម្រើសជាតិ​។ មានន័យថា ប្រសិនបើ​កីឡាករ​ណា​ម្នាក់​ធ្វើ​អ្វីដែល​ខុសពី​អ្វីដែល​បាន​ណែនាំ​របស់​គ្រូបង្វឹក​ក៏ដូចជា​ក្រុម​ទាំងមូល នឹងត្រូវ​កាត់ចេញ​តែម្តង​។



​លោក​បាន​លើកឡើងថា​៖«​យើង​កំពុង​ស្វែងរក​ចំណុច​ល្អ​មួយ​ដើម្បី​អភិវឌ្ឍន៍​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​កាន់​រីកចម្រើន​។ ដូច្នេះ​វា​ដល់​ពេលដែល​យើង​ត្រូវ​រឹតបណ្តឹង​ខ្លាំង​រឿង​វិន័យ​របស់​កីឡាករ ហើយ​យើង​សង្ឃឹមថា​ទស្សនិកជន នឹង​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​របស់​ពួកយើង ដែល​ធ្វើការ​ដើម្បី​ក្រុម​ជម្រើសជាតិ​»​។

​ការ​កាត់​ចេញពី​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​របស់​កីឡាករ ច្រឹង ពលរដ្ឋ និង សំអឿន ពិដោរ ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​ក្រុម U22 កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុមទី​ម័​រ​ខាងកើត​ដែល​គេ​គិតថា​ជា​ក្រុម​ខ្សោយ​ជាងគេ​ប្រចាំ​ពូ​ល B ក្នុង​លទ្ធផល ១-០​។ នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​២៤ សីហា នេះ ក្រុម U22 កម្ពុជា​ត្រូវ​ជួប​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី​នៅ​កីឡដ្ឋាន Shah Alam Stadium​។​



​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន សំអឿន ពិដោរ បាន​បញ្ជាក់ថា ខ្លួន​មិនទាន់​ចេញមុខ​បកស្រាយ​ជាមួយ​សារព័ត៌មាន​ណា​ឡើយ ហើយ​ខ្សែការពារ​រូបនេះ បានស្នើ​ឲ្យ​អ្នកគាំទ្រ​កុំ​ទាន់​អាល​វាយតម្លៃ​លើ​បុគ្គល​ណា​ម្នាក់​។ ទោះបីជា​យ៉ាងណាក៏ដោយ ពិដោរ ប្រកាស​ទទួល​ធ្វើតាម​ការសម្រេចចិត្តរ​បស់​គ្រូបង្វឹក និង​នៅតែ​ចាត់ទុក​គាត់​ដូចជា​អ្នកមានគុណ​ទី​ពីរ​។​


​ចំណែក ច្រឹង ពលរដ្ឋ វិញ មិនទាន់មាន​ប្រតិកម្ម​អ្វី​នោះឡើយ​៕


Tag:
 បាល់ទាត់​
  SEA Games 2017
  Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com