ជាតិ
រាជបណ្ឌិត្យសភាកម្ពុជា អង្វរ​អ្នកនិពន្ធ កុំ​យកគំនិត​កំហឹង​វណ្ណៈ​ដាក់​ក្នុង​ស្នាដៃ​របស់ខ្លួន
24, Aug 2017 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រាជបណ្ឌិត្យសភាកម្ពុជា ដែលជា​ស្ថាប័ន​អ្នកប្រាជ្ញ​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា បាន​អង្វរ​ដល់​អ្នកនិពន្ធ កុំ​ដាក់បញ្ចូល​គំនិត​កំហឹង​វណ្ណៈ​នៅក្នុង​ស្នាដៃ​របស់ខ្លួន​។ ការស្នើសុំ​នេះ គឺ​បន្ទាប់ពី​ស្ថាប័ន​មួយ​នេះ យល់ឃើញថា អ្នកនិពន្ធ ជា​បុព្វហេតុ​សំខាន់​មួយ ដែល​ជំរុញ​ឲ្យ​មាន​សង្គ្រាម​វណ្ណៈ តាមរយៈ​សំណេរ ឬ​ស្នាដៃ​របស់​ពួកគេ​។

 
    
 
​លោក សោម សុ​មុនី ប្រធាន​វិទ្យាស្ថាន​មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា ការដាក់បញ្ចូល​កំហឹង​វណ្ណៈ​ក្នុង​ស្នាដៃ​របស់​អ្នកនិពន្ធ បាន​ជះឥទ្ធិពល​ខ្លាំង​នៅក្នុង​សង្គម ដែលជា​បុព្វហេតុ​សំខាន់​មួយ​ជំរុញ​ឲ្យ​សង្គ្រាម​រវាង​អ្នកក្រីក្រ និង​អ្នកមាន​។ លោក​ពន្យល់ថា អ្នកនិពន្ធ​នៅក្នុង​របប​ខ្មែរក្រហម និង​សម័យ​សាធារណរដ្ឋ​ខ្មែរ​មួយចំនួន បាន​និពន្ធ​ចម្រៀង និង​ឯកសារ​ដោយ បញ្ចូល​ទស្សនៈ​តស៊ូ​វណ្ណៈ ដែល​ធ្វើ​ប្រទេស​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​។

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖  «​កំណាព្យ​ចម្រៀង​របស់​ខ្មែរក្រហម ដែល​បំផុស​អ្នកស្រែ​ឲ្យ​ខឹង​អ្នកមាន ដូចជា អ្នកមាន​ទិញ​សាច់គោ​ឲ្យ​ឆ្កែ អ្នកស្រែ​ម្ចាស់​គោ​ស៊ី​ប្រហុក​…​។   ការ​ថ្លែង​របស់ លោក សោម សុ​មុនី គឺធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ជាតិ​ស្តីពី​៖«​បច្ចុប្បន្នភាព និង​ទស្សនៈវិស័យ​ក្នុងការ​អភិវឌ្ឍ​អក្សរ​សិ​ល្បិ៍​ខ្មែរ​» ដែល​រៀបចំ​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា នា​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​។  

​លោក សោម សុ​មុនី បាន​កោតសរសើរ​រឿង​កុលាប​ប៉ៃលិន ជា​ស្នាដៃ​និពន្ធ​របស់ កវី ញ៉ុ​ក ថែម ដែល​បាន​សរសេរ​អប់រំ​អ្នកមាន​ឲ្យ​បន្ទន់ឥរិយាបថ និង​មិន​មើលងាយ​អ្នកក្រីក្រ ព្រមទាំង​បំផុស​អ្នកក្រីក្រ​ដែល​តួរ​អង្គ​ចៅ​ចិត្រ​ជា​កម្មករ​មានជីវិត​តស៊ូ​ប្រឹងប្រែង មាន​គុណធម៌​ខ្ពស់ និង​ចុងក្រោយ​ក្លាយជា​អ្នកមាន​។  
 
​លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ​ចិន និង​រុស្សី កំពុង​ធ្វើ​បដិវត្តន៍​សម្លាប់​គ្នា​រវាង​អ្នកមាន និង​អ្នកក្រ អាមេរិក​បានដឹង អាម​រិ​ក​ធ្វើ​នយោបាយ​អប់រំ​អ្នកមាន​ឲ្យ​លះបង់ និង​បរិច្ចាគ​សម្រាប់​អ្នកក្រ បង្កើត​មូលនិធិ​ជួយ​អ្នកក្រ ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​។ នៅពេល​ហ្នឹង គឺ​ស្ងប់​រៀងខ្លួន​។ ដូច្នេះ រក​វិធី​យ៉ាងណាក៏ដោយ កុំ​ឲ្យ​វណ្ណៈ​ទាំងពីរ​ខឹង​គ្នា​»​។   
      
​លោក​បន្តថា​៖«​មិនមែនជា​ការបិទ​សេរីភាព​ទេ សរសេរ​អី​ក៏​សរសេរ​ទៅ តែ​ជួយ​ថែម​គំនិត​សន្តិភាព​នៅក្នុង​ស្នាដៃ​។ វា​មិនមែនជា​បន្ទាត់នយោបាយ​កំណត់​សេរីភាព​លើ​អ្នកនិពន្ធ​នោះទេ ប៉ុន្តែ សុំ​អង្វរ អ្នកនិពន្ធ​ឲ្យ​គិតពី​ប្រយោជន៍​ប្រទេសជាតិ​។ វា​ជាការ​អង្វរ បើ​គាត់​ព្រម​ល្អ​ហើយ តែបើ​គាត់​មិន​ព្រម ក៏​មិនដឹង​ធ្វើ​ម៉េច​ទេ​»​។  

​ជុំវិញ​បញ្ហា​នេះ លោក យិន លួត សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ និង​អក្សរ​សិ​ល្បិ៍​ខ្មែរ​នៅ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​នៅ​សហរដ្ឋអាមេរិក ដែល​បានមក​ចូលរួម​សិក្ខាសាលា​នេះដែរ បាន​ឲ្យ​ដឹងថា ការលើក​ស្នើសុំ​របស់​រាជបណ្ឌិត្យសភា​កម្ពុជា គឺជា​បេសកកម្ម​លំបាក​។ អ្នកនិពន្ធ​កំណាព្យ​មាន​ដើមកំណើត​ខ្មែរ​រូបនេះ បន្ថែមថា ការដាក់បញ្ចូល​គំនិត​សន្តិភាព​និយម​នេះ គឺជា​ការល្អ​សម្រាប់​ការ​ស្តាប់ ប៉ុន្តែ ពិបាក​សម្រាប់​ការធ្វើ​ជាក់ស្តែង​។       
 
​លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​គេ​ខឹង ទាល់​តែមាន​មូលហេតុ បើ​យើង​រកឃើញ​មូលហេតុ និង​ដោះស្រាយបាន នោះ​មិនមាន​កំហឹង​វណ្ណៈ​អ្វី​ឡើយ​»​។  
​យ៉ាងណាក៏ដោយ លោក​សាស្ត្រាចារ្យ អះអាងថា សិក្ខាសាលា​ពេញ​មួយ​ព្រឹក​នេះ មិនទាន់មាន​គោលការណ៍​ជាក់លាក់​ណាមួយ ជុំវិញ​ដាក់បញ្ចូល​គំនិត​សន្តិភាព​និយម​ក្នុង​ស្នាដៃ​អ្នកនិពន្ធ​នេះ​នៅឡើយ​ទេ​។

​ងា​យមក​ផ្នែក​ពុទ្ធចក្រ​វិញ ភិក្ខុ សន វ៉ា​ឃី​ន គង់នៅ​វត្ត​មហាមន្ត្រី​ក្នុង​រាជធានី​ភ្នំពេញ បាន​មាន​សង្ឃដីកា​ថា ព្រះពុទ្ធសាសនា បាន​ចូលរួមចំណែក​ជាច្រើន​នៅក្នុង​អក្សរ​សិ​ល្បិ៍​សន្តិភាព​។ កំពុង​រៀនអក្សរ​សាស្ត្រ​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រះ​តេជគុណ សន វ៉ា​ឃី​ន មាន​សង្ឃដីកា​យ៉ាង​ដូច្នេះ​៖«​ពុទ្ធសាសនា​បាន​អប់រំ​មនុស្ស​តាមរយៈ​អក្សរ​សិ​ល្បិ៍ និង​បែបបទ​សាសនា ដើម្បី​ធ្វើ​មនុស្ស​មាន​សីលធម៌​ក្នុងការ​រស់នៅ និង​ប្រាសចាក​ពី​អំពី​បាប ព្រមទាំង​រស់នៅ​បាន​សុខសាន្ត ដែលជា​បុព្វហេតុ​សន្តិភាព​ផ្លូវចិត្ត និង​សាមគ្គីធម៌​»៕       


Tag:
 សោម សុ​មុនី​
  យិន លួត
© រក្សាសិទ្ធិដោយ thmeythmey.com