កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ បាល់បោះ​កម្ពុជា​ធ្លាក់​ចំណាត់ថ្នាក់​ពី​លេខ​៦​ទៅ​លេខ​៧
25, Aug 2017 , 10:05 am        
រូបភាព
ប្រភព​រូបថត៖ Ken Gadaffi/NOCC
ប្រភព​រូបថត៖ Ken Gadaffi/NOCC
ដោយ: រួបរួម
​ក្រុមកីឡា​បាល់បោះ​ជម្រើសជាតិ​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៧​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នេះ បន្ទាប់ពី​ពួកគេ​បាន​ប្រកួត​ឈ្នះ​ក្រុម​មី​យ៉ាន់​ម៉ា ៩៤-៦១ នៅ​កីឡដ្ឋាន Stadium Mada ក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែសីហា​។ បើ​ប្រៀបធៀប​ទៅនឹង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៥ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ធ្លាក់​ចំណាត់ថ្នាក់​ក្នុងចំណោម​៩​ប្រទេស​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​។​



​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នេះ ក្រុមកីឡា​បាល់បោះ​ជម្រើសជាតិ​កម្ពុជា​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​នី​ហ្សេ​រី​យ៉ា លោក Austin Koledoye ស្ថិតក្នុង​ពូ​ល B ជាមួយ​ឥណ្ឌូណេស៊ី សិង្ហ​បុរី វៀតណាម និង​ឡាវ​។  សមាសភាព​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​រួមមាន កីឡាករ ភិ​ក មី​ត កីឡាករ សូ​ភី​ន ទួន កីឡាករ ដា​អង់​តូ​នី ដូ​មី​និ​ច កីឡាករ សូ​ភឿន អឿន កីឡាករ វីលៀម អេ​ម កីឡាករ ផាត់ តារា​ខ្វាន់ កីឡាករ វណ្ណៈ សំ កីឡាករ ជា ថ​មមី កីឡាករ ផុន សូ​ផានី កីឡាករ មាស ដា​នី​ញ៉ែ​ល កីឡាករ ផេង ដា​រ៉ា​រិទ្ធី និង​កីឡាករ ហួរ ពេជ្រ​បួន​ជួរ​។​



​នា​ការប្រកួត​ដំបូង កម្ពុជា​បាន​ចាញ់​សិង្ហ​បុរី ៩៥-៦៣ ហើយ​បន្ត​ចាញ់​វៀតណាម​ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល ៩៥-៩០ ។ កម្ពុជា​បាន​ស្តារ​មុខមាត់​វិញ​ក្នុងជំនួប​ជាមួយ​ឡាវ ជាមួយនឹង​ជ័យជម្នះ ៩៣-៥៨ មុន​ចាញ់​ឥណ្ឌូណេស៊ី​រហូតដល់​ទៅ ១១២-៧០ ។​

​ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ​៤​នៅក្នុង​ពូ​ល​ដែលមាន​៥​ក្រុម ដោយ​ត្រូវ​ប្រកួត​ជាមួយ​មី​យ៉ាន់​ម៉ា ក្រុម​បាត​តារាង​ពូ​ល A សម្រាប់​ចំណាត់ថ្នាក់​លេខ​៧​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។ នា​ការប្រកួត​ចុងក្រោយ​របស់ខ្លួន​នៅ​កីឡដ្ឋាន Stadium Mada កម្ពុជា​បាន​យកឈ្នះ​មី​យ៉ាន់​ម៉ា ៩៤-៦១ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៧ ខណៈ​វៀតណាម និង​ម៉ាឡេស៊ី ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​៥ ។ សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ម្ចាស់​ការពារ​ជើងឯក​ហ្វីលីពីន ប៉ះ​ម្ចាស់​សិង្ហ​បុរី រីឯ​ឥណ្ឌូណេស៊ី ជួប​ថៃ ។​



​ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ​៧​ដោយ​ឈរលើ​មី​យ៉ាន់​ម៉ា និង​ឡាវ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅនឹង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​កាលពី​ឆ្នាំ​២០១៥  កម្ពុជា​បាន​ធ្លាក់​មួយ​ចំណាត់ ដោយ​កាលណោះ ពួកគេ​ស្ថិតនៅ​លេខ​៦​ឈរ​ពីលើ​វៀតណាម មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត​៕

ប្រភពរូបថត៖ Ken Gadaffi/NOCC


Tag:
 SEA Games 2017
  បាល់បោះ
© រក្សាសិទ្ធិដោយ thmeythmey.com