ជាតិ
សំណុំរឿង​លោកស្រី ទេព វ​ន្នី និង​ស្រី្ត​បឹងកក់​មួយចំនួនទៀត ឈានដល់​តុលាការ​កំពូល​
25, Aug 2017 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោកស្រី ទេព វ​ន្នី និង​ស្ត្រី​បឹងកក់​មួយចំនួនទៀត បានដាក់​បណ្តឹងសាទុក្ខ​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ប្រឆាំងនឹង​តុលាការ​រាជធាន​ភ្នំពេញ ដែល​កាត់ទោស​ពួកគេ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៦​ខែ ទាក់ទង​នឹង​បទល្មើស​តាំងពី ឆ្នាំ​២0១៣ មក​។



​តាម​ការកំណត់ តុលាការ​កំពូល ត្រូវ​បើកសវនាការ​លើ​បណ្តឹង​សាទុក្ខ​របស់​ស្ត្រី​បឹងកក់​ខាងលើ នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២0១៧​នេះ​។ ប៉ុន្តែ តុលាការ​កំពូល បានប្រកាសថា សវនាការ​លើ​បណ្តឹងសាទុក្ខ​នេះ នឹងត្រូវ​ជំនុំជម្រះ​នៅ​ថ្ងៃក្រោយ​វិញ​។​

​លោកស្រី ទេព វ​ន្នី ត្រូវបាន​មន្ត្រី​ពន្ធនាគារ ដឹក​តាម​រថយន្ត​ទៅកាន់​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ ប៉ុន្តែ ដោយសារ​សវនាការ ត្រូវបាន​លើក​ពេល មន្ត្រី​ពន្ធនាគារ ក៏​បញ្ជូន​លោកស្រី ទេព វ​ន្នី ទៅកាន់​ពន្ធនាគារ វិញ​ភ្លាមៗ​។​



​នៅមុខ​តុលាការ​កំពូល ប្រជាពលរដ្ឋ​មួយចំនួន​ពី​តំបន់​បឹងកក់ បាន​ស្រែ​ឲ្យ​ដោះលែង​លោកស្រី ទេព វ​ន្នី​។ ប្រជាពលរដ្ឋ​ទាំងនោះ បាននាំគ្នា​កាន់​រូប​របស់​លោកស្រី ទេព វ​ន្នី ដោយ​សរសេរ​ពាក្យ​ថា «​ដោះលែង ទេព វ​ន្នី​»​។

​លោកស្រី ទេព វ​ន្នី រួមទាំង​ស្ត្រី​បឹងកក់​៣​នាក់​ទៀត គឺ​លោកស្រី ហេង មុំ លោកស្រី បូ ឆវី និង​លោកស្រី គង់ ចន្ថា ត្រូវបាន​តុលាការ​រាជ​ធា​ភ្នំពេញ កាន់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៦​ខែ ពាក់ព័ន្ធ​នឹង​ការជេរប្រមាថ​មន្ត្រី​រាជ​សាធារណៈ តាំងពី​ឆ្នាំ​២0១៣ មក​។ បច្ចុប្បន្ននេះ មានតែ​លោកស្រី ទេព វ​ន្នី ប៉ុណ្ណោះ ដែល​ជាប់ពន្ធនាគារ រីឯ​ស្ត្រី​បឹងកក់​៣​នាក់​ផ្សេងទៀត ត្រូវបាន​ដោះលែង​ឲ្យ​រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។​

​កន្លងមក​លោកស្រី ទេព វ​ន្នី និង​ស្ត្រី​បឹងកក់​ទាំង​៤​នាក់ ក៏​ធ្លាប់​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​ដែរ ដើម្បី​សុំ​ប្តឹង​ប្រឆាំងនឹង​ការកាត់ទោស​លើ​ពួកគេ ប៉ុន្តែ សាលាឧទ្ធរណ៍ បាន​ច្រានចោល​បណ្តឹង​នោះ​៕


Tag:
 ទេព វ​ន្នី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com