កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ប្រដាល់​គុន​ខ្មែរ​បាន​៥​ពាន់​ដុល្លារ​ជា​កាដូ​មុន​ថ្ងៃ​ចេញទៅ​ប្រជែង​មេដាយ​នៅ​ស៊ី​ហ្គេម​ថ្ងៃនេះ​
25, Aug 2017 , 11:19 am        
រូបភាព
ដោយ:
​នៅ​ព្រឹក​ថ្ងៃទី​២៥ សីហា​នេះ ក្រុម​អត្ត​ព​លិ​ក​ប្រដាល់​គុន​ខ្មែរ​រួមជាមួយ​ថ្នាក់ដឹកនាំ​បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ជូន​ប្រទេសជាតិ​នៅ​ថ្ងៃទី​២៦ ខែសីហា​។ សម្រាប់​ការចេញដំណើរ​នេះដែរ ប្រតិភូ​កីឡាប្រដាល់​គុន​ខ្មែរ​ទទួលបាន​ថវិកា​លើក​ទឹក​៥​ពាន់​ដុល្លារ​ពី​ក្រុមហ៊ុន​មួយ​ជា​ដូ​ទៀតផង​។​



​ប្រតិភូ​កីឡាប្រដាល់​គុន​ខ្មែរ​រួមមាន គ្រូបង្វឹក​លោក ឈិ​ត សារឹម​, គ្រូ​ជំនួយ​លោក អេ ភូ​ថង​, កីឡាករ ម៉ឺន សុភា​, មឿ​ន សុខ​ហ៊ុ​ច​, ឃីម ឌី​ម៉ា​, ឡៅ ចិត្រា និង​កីឡាករ វ៉ាន់ វឿន ដែល​ដឹកនាំ​ដោយ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ចូលរួម​កីឡា​ស៊ី​ហ្គេម​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា​នេះ​។



​បើ​យោងតាម​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក្រុម​កីឡាករ​គុន​ខ្មែរ​កម្ពុជា​នឹង​ថ្លឺ​ង​ទម្ងន់​ចាប់​គូប្រកួត​នៅ​ថ្ងៃទី​២៥ ខែសីហា ហើយ​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​២៦ ខែសីហា លើ​ប្រភេទ​ទម្ងន់​នីមួយៗ​ជា​បន្តបន្ទាប់​។ ប្រដាល់​គុន​ខ្មែរ​ត្រូវបាន​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​បានចាត់ទុក​ជា​កីឡា​សក្តានុពល​ក្នុងចំណោម​កីឡា​សក្តានុពល​ទាំង​៦​ដែល​រំពឹង​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ជូន​ប្រទេសជាតិ​។

​កាលពីពេល​ថ្មីៗ​កន្លងទៅ​ក្រុមហ៊ុន​ផាយ ផេ បាន​ចំណាយ​ចំនួន​៥​ពាន់​ដុល្លារ​ធ្វើជា​ដូ​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​កីឡាប្រដាល់​គុន​ខ្មែរ​ដើម្បី​ជាការ​ជូន​ដំណើរ​ផងដែរ​។ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បានចាត់ទុក​ការឧបត្ថម្ភ​នេះ ជា​កាដូ​លើកទឹកចិត្ត​ដ៏​សំខាន់​ក្នុង​ការជំរុញ​ទឹកចិត្ត​កីឡាករ​ឲ្យ​ប្រឹងប្រែង​ប្រកួត​កាន់តែខ្លាំង​ថែម​ទៀត​។​



​ដោយឡែក កីឡា​តេ​ក្វាន់​ដូ​ដែល​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​ចាត់ថ្នាក់​ជា​កីឡា​សក្តានុពល​ដែរនោះ បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ចូលរួម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​២៤ សីហា ម្សិលមិញ​។ កីឡា​នេះ​នឹង​ចាប់ផ្តើម​ប្រកួត​ចន្លោះ​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៩ ខែសីហា​។

​ប្រតិភូ​កីឡា​តេ​ក្វាន់​ដូ​រួមមាន លោក Chio Yongsok គ្រូបង្វឹក​, លោក ជាតិ ខេមរា គ្រូ​ជំនួយ​, អ្នកស្រី ឈឿង ពុទ្ធា​រី​ម គ្រូ​ជំនួយ​, កីឡាការិនី ស៊ន សៀវ​ម៉ី​, ឈឿង លី​ណា​, ស៊ីម រចនា​, អ៊ុន​វ៉ិ​ន សុចិរង្សី​, ថិ​ប កា​សាន់​ទ្រេ​នី​កូ​ល​, កីឡាករ ផល សុ​វណ្ណា​ត់​, ទួន ណា​វុ​ធ​, ប៉ាន់ ខេមរា​, វ៉ា មិថុនា និង​កីឡាករ វ៉ាន់ ឬ​ទ្ធី​៕   


   ក្រុមកីឡាតេក្វាន់ដូថតជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិមុនចេញដំណើរទៅទីក្រុងកូឡាឡាំពួរ


Tag:
 ប្រដាល់​គុន​ខ្មែរ​
  SEA Games 2017
  តេ​ក្វាន់​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com