កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ប៉េតង់​៣​នាក់​ទល់​៣​នាក់​បុរស​ឡើងទៅ​វគ្គ​១/២ ខណៈ​នារី​ហាលអាវ​
25, Aug 2017 , 1:37 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក PNN
រូបភាពពីហ្វេសប៊ុក PNN
ដោយ:
​វិញ្ញាសា​ប៉េតង់​៣​នាក់​ទល់​៣​នាក់​បុរស​ដែលមាន​កីឡាករ ថោង ឈឿន​, យ៉ា ច័ន្ទដារ៉ា​រិ​ទ្ធ​, ហេង ថា និង​កីឡាករ ញ៉ែម បូរ៉ា បាន​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ក្រោយ​យកឈ្នះ​វៀតណាម ១៣-១១ នា​ការប្រកួត​ដែល​រៀបចំ​នៅ​ទីលាន Arena Petanque កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែសីហា នេះ​។ ចំណែក វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​ផ្នែក​នារី​បាន​រង​ការខកចិត្ត​ដោយ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ក្រោយ​ចាញ់​ពីរ​ប្រកួត​ជាប់ៗ​គ្នា​។

 


​ក្រុម​កីឡាករ​ប៉េតង់​កម្ពុជា​ផ្នែក​បុរស​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​បាន​យកឈ្នះ​ក្រុម​វៀតណាម ១៣-១១ ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល នៅលើ​ទីលាន Arena Petanque KL នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា នេះ​។ ជ័យជម្នះ​នេះ​នាំ​ឲ្យ​កម្ពុជា​ទទួលបាន​កៅអី​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ដែលមាន​មេដាយ​១​ជាស្រេច​ក្នុង​ដៃ​។

​ការ​ឡើងទៅ​វគ្គ​១/២​របស់​កម្ពុជា​ដោយសារ​ពូ​ល​នេះ​មានតែ​៣​ក្រុម​ចូលរួម​គឺ កម្ពុជា វៀតណាម និង​ថៃ ខណៈ​វៀតណាម​មុន​ចាញ់​កម្ពុជា ១៣-១១ បាន​ចាញ់​ថៃ​ក្នុង​លទ្ធផល ១៣-៦​។ កម្ពុជា និង​ថៃ​ត្រូវ​ជួប​ប្រកួត​គ្នា​នៅ​រសៀល​នេះ ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​ពូ​ល​។

​ស្របពេល​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​ផ្នែក​បុរស​អបអរ​ជាមួយ​ជ័យជម្នះ ផ្នែក​នារី​ដែលមាន​កីឡាការិនី ឃួន យ៉ា​រី​, ស្រ៊ាង សុរ៉ា​ឃីម​, ស៊ុន គ​ន្ធា និង​កីឡាការិនី វង ចន្ថា បាន​រង​ការខកចិត្ត​ទៅវិញ ដោយ​ពួកគេ​បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ១៣-១១ ក្នុង​ជុំ​ទី​១ ហើយ​បន្ត​ចាញ់​ឡាវ ១៣-១១ ដូចគ្នា​ក្នុង​ជុំ​ទី​២​។ ការបរាជ័យ​ពីរ​ប្រកួត​ជាប់ៗ​គ្នា បានធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ ដែល​កំពុងដំណើរការ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​៕     


Tag:
 ​ប៉េតង់​
  SEA Games 2017
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com