ជាតិ
ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង ដាក់​ញត្តិ​សុំ​ឲ្យ​ចុះបញ្ជី​ដី និង​បញ្ឈប់​ការគំរាមកំហែង​
25, Aug 2017 , 8:19 pm        
រូបភាព
រូបជនជាតិភាគតិចព្នង
រូបជនជាតិភាគតិចព្នង
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង ចំនួន ១៤៣​គ្រួសារ រស់នៅក្នុង​ឃុំ​ក្បាល​រមាស និង​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង  បានដាក់​ញត្តិ​ជូន​រដ្ឋមន្ត្រីក្រសួង រ៉ែ និង​ថាមពល ដើម្បី​ទាមទារ​ឲ្យ​ចុះបញ្ជី​ដី និង​បញ្ឈប់​ការគំរាមកំហែង ដែល​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ​។ ញត្តិ​នេះ បានដាក់​នៅ​ក្រសួង​រ៉ែ និង​ថាមពល នា​ព្រឹក​ថ្ងៃទី ២៥ សីហា​នេះ​។



​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង ដែល​រស់នៅ​ក្នុងភូមិ​ក្បាល​រមាស ឃុំ​ក្បាល​រមាស និង​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បានមក​ដាក់​ញត្តិ​ជូន​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​។ ក្នុង​លិខិត​មួយច្បាប់ ដែលជា​ញត្តិ​ដាក់ជូន​រដ្ឋមន្ត្រីក្រសួង​រ៉ែ ពលរដ្ឋ​ទាំងអស់នោះ បាន​លើកយក​ចំណុច​ចំនួន ៥ ដើម្បី​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ដោះស្រាយ​បញ្ហា​ដែល​ពួកគេ​ជួបប្រទះ​។

​ជនជាតិដើម​ភាគតិច​ព្នង​ទាំង ១៤៣​គ្រួសារ ទាមទារ​ឲ្យ​ចុះបញ្ជី​ដី​សមូហភាព​សម្រាប់​សហ​គម​ន៍​ជនជាតិដើម​ភាគតិច  និង​ទាមទារ​ឲ្យ​បើក​ឡើងវិញ​នូវ​សេវាសាធារណៈ​។ ជាមួយគ្នា ពួកគេ​ស្នើ​ឲ្យ​បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ បញ្ឈប់​ការគំរាមកំហែង និង​រក្សា​គោលជំហ​មិន​ចាក់​ចេញពី​ភូមិ​ចាស់​។



​ពលរដ្ឋ​ភាគតិច​ព្នង​ទាំងនោះ បានលើកឡើង ជុំវិញ​បញ្ហា​ការធ្វើ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ ដែល​ប៉ះពាល់​ដល់​ការរស់នៅ និង​លុបបំបាត់​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​។ ម្យ៉ាងទៀត ការជម្លៀស​ប្រជាពលរដ្ឋ​ដោយ​បង្ខំ ដោយមាន​កងកម្លាំងប្រដាប់អាវុធ​។ ក្នុង​ញត្តិ​ខាងលើ ពលរដ្ឋ​ទាំងនោះ អះអាងថា មិន​ចាក​ចេញពី​ភូមិដ្ឋាន​ឡើយ ហើយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ក្នុងករណី​ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​។

​សូមបញ្ជាក់ថា ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ បាន​សាងសង់​ដោយ​ទប់ទឹក​ទន្លេសេសាន ដោយមាន​កម្ពស់​រហូត​៧៥​ម៉ែត្រ និង​អាច​ផលិត​អគ្គិសនី​បាន​៤០០​មេ​ហ្គា​វ៉ា​ត់​។ ទំនប់​នេះ គ្រប់​ដណ្តប់​លើ​ផ្ទៃដី​៣​ម៉ឺន​៦​ពាន់​ហិច​តា ស្ថិតនៅ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ដែល​ចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ​៕


Tag:
 ញត្តិ​
 ​ ជនជាតិដើម​ភាគតិច​ព្នង​
© រក្សាសិទ្ធិដោយ thmeythmey.com