ជាតិ
តុលាការ កាត់ទោស​មេបក្ស​អំណាច​ខ្មែរ ឲ្យ​ជាប់ពន្ធនាគារ ៥​ឆ្នាំ ពីបទ «​ញុះញង់​កងទ័ព​»
25, Aug 2017 , 2:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវ​ជាប់ពន្ធនាគា​ររ​យៈ​ពេល ៥​ឆ្នាំ​។ តុលាការ​រាជធានី​ភ្នំពេញ បានប្រកាស​ទោស​របស់លោក សួន សេរី​រដ្ឋា យ៉ាង​ដូច្នេះ នៅ​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧​នេះ​។



ក្រៅពីជាប់ពន្ធនាគារ តុលាការ ក៏តម្រូវឲ្យលោក សួន សេរីរដ្ឋា បង់ប្រាក់១០លានរៀល ចូលទៅរដ្ឋផងដែរ។ ​តុលាការ បាន​បើកសវនាការលើសំណុំរឿងរបស់លោក សួន សេរីរដ្ឋា នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​។ ប៉ុន្តែ​ក្រោយ​បញ្ចប់​សវនាការ តុលាការ ពុំបាន​ប្រកាស​សាលក្រម​ភ្លាមៗ​នោះទេ ដោយ​រង់ចាំ​ប្រកាស​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​វិញ​។

​លោក សួន សេរី​រដ្ឋា បាន​រង​បទ​ចោទ​ចំនួន​បី គឺ «​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់ បទ​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ ក្រោយ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​សមត្ថកិច្ច​និង​តុលាការ ចាត់ទុកថា ធ្វើ​ឲ្យ​កងទ័ព មិន​គោរព​បទបញ្ជា ហើយ​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។​



​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ លោក សួន សេរី​រដ្ឋា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖« [….] ​ពេល​សង្គ្រាម​កើតឡើង​ជាមួយ​ប្រទេស​ឡាវ លទ្ធផល មិន​ខុស​ពី​សង្គ្រាម ដែល​កើតឡើង​ជាមួយ​ប្រទេស​សៀម​ទេ គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​។ ហើយ​មេទ័ព នឹង​ឡើងបុណ្យ​សក្តិ ប្រមូលបាន​លុយកាក់ សប្បាយ​ជាមួយ​ស្រី​យ៉ាង​គគ្រឹកគគ្រេង​។ [ ….]»​។​

​ការសរសេរ​របស់លោក សួន សេរី​រដ្ឋា គឺ​ស្ថិត​ក្នុងអំឡុង ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​។ ពេលនោះ រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន បាន​បញ្ជូន​កងទ័ព​និង​សព្វាវុធ ទៅកាន់​តំបន់​ក្បែរ​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ព្រំដែន​ខេត្តស្ទឹងត្រែង ដែល​កងទ័ព​ឡាវ ចូលមក​ឈរជើង​។ តែ​កងទ័ព​ឡាវ បាន​ចាក​ចេញពី​តំបន់​នោះ​វិញ បន្ទាប់ពី​ការចរចា​រវាង​សម្តេច ហ៊ុន សែន និង​លោក ថោង​លន់ ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ​៕


Tag:
 សួន សេរី​រដ្ឋា​
  ជាប់ឃុំ​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com