ជាតិ
CNRP ចេញមុខ​សុំ​អន្តរាគមន៍​ពី​អន្តរជាតិ ក្រោយ​រដ្ឋាភិបាល​បិទ NDI និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​
25, Aug 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការបិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ និង​ស្ថានីយ៍​វិទ្យុ​នានា ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ព្រួយបារម្ភ​យ៉ាងខ្លាំង ហើយ​បក្ស​នេះ​យល់ថា អាច​នឹង​ប៉ះពាល់​ដល់​ការបោះឆ្នោត​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​២០១៨​។ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើងវិញ ហើយក៏​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ​ផងដែរ ដើម្បី​ជួយ​អន្តរាគមន៍​ពី​បញ្ហា​នេះ​។ ប៉ុន្តែ អ្នកនាំពាក្យ​រដ្ឋាភិបាល  រក​មិនឃើញ​ភាព​ធ្ងន់ធ្ងរ ដែល​កើតចេញពី​ព្រឹត្តិការណ៍​ខាងលើ ដូច​ការអះអាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ​។



​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃទី ២៥ ខែសីហា ដោយ​បារម្ភ​ចំពោះ​ស្ថានការណ៍​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដែល​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​សកម្មភាព​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)  របស់​សហរដ្ឋអាមេរិក និង​បិទ​វិទ្យុ​មហានគរ  ខណៈ​ស្ថាប័ន​សារព័ត៌មាន​ផ្សេងទៀត ដូចជា ខេ​ម​បូ​ឌា ដេលី អាស៊ីសេរី វី​អូ​អេ និង​វី​អូ​ឌី ជាដើម កំពុង​ជួប​រឿង​មិនសូវ​ល្អ ក្នុង​ដំណើរការ​នៃ​ការផ្សព្វផ្សាយ​របស់ខ្លួន​។ តាមរយៈ​សេចក្តីថ្លែងការណ៍ គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក ព្រឹត្តិការណ៍​ខាងលើ​ថា ជាការ​គំរាមកំហែង ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ការបោះឆ្នោត​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​២០១៨​។

​ដើម្បី​កែប្រែ​ស្ថានភាព​នេះ ឲ្យ​ល្អ​ឡើងវិញ គណបក្ស​សង្គ្រោះ​ជាតិ បាន​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ ជួយ​អន្តរាគមន៍​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​៖«[….] គណបក្ស​សង្គ្រោះ​ជាតិ សូម​អំពាវនាវ ដល់​សហគមន៍​អន្តរជាតិ ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​ធានា​ឲ្យ​មាន​ការគោរព​សិទ្ធិសេរីភាព​សារព័ត៌មាន និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ដែល​នឹងធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន វិល​ត្រឡប់មក​ធម្មតា​វិញ និង​ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​២០១៨ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​»​។​

​ក្រៅពី​សហគមន៍​អន្តរជាតិ គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល ក៏បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ ដើម្បី​សុំ​ឲ្យ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ និង​វិទ្យុ​មួយចំនួន ដំណើរ​ឡើងវិញ​។

​សំណើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុគ្រោះ​ដល់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ត្រូវបាន​បិទ​ចោល​នាពេល​ថ្មីៗ​នេះ មិនអាច​ទៅរួច​នោះទេ​។ នេះ​ជាការ​ឆ្លើយតប​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ លោក ផៃ ស៊ី​ផាន ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការបិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ រួមទាំង​ប្រព័ន្ធ​ផ្សា​ព្វ​ផ្សាយ​មួយចំនួន​ក្នុងស្រុក គឺជា​ការអនុវត្ត​ច្បាប់ ដោយ​មិន​ពាក់ព័ន្ធ​នឹង​រឿង​អ្វី​ផ្សេង​ឡើយ​។

​ការគំរាមកំហែង​ដល់ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការប៉ះបាល់​ដល់​ការបោះឆ្នោត​ខាងមុខ ដែល​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង ក៏ត្រូវ​បាន​លោក ផៃ ស៊ី​ផាន ច្រានចោល​ដែរ​។ អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​វា ជា​វប្បធម៌​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទៅហើយ ដែល​និយាយថា ជាការ​គំរាម​បែបនេះ​។ នេះ​ជា​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ។ បើ​ចង់បាន​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ចូលរួម​អនុវត្ត​»៕

Tag:
 CNRP
  NDI
  ផៃ ស៊ី​ផាន
© រក្សាសិទ្ធិដោយ thmeythmey.com