កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីហ្គេម៖ គ្រូ U22 វៀតណាម លាលែងពីតំណែង ហើយសូមទោសកីឡាករ
× គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម អាយុក្រោម ២២ឆ្នាំ (U22) បានប្រកាសលាលែងពីតំណែង និងសូមទោសកូនក្រុមខ្លួន បន្ទាប់ពីមិនអាចនាំក្រុមឆ្លងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់បុរស នៃព្រឹត្តិការណ៍ស៊ីហ្គេម (Sea Games) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡាស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress។
លោក Nguyen Huu Thang គ្រូបង្វឹកក្រុមបាល់ទាត់ U22 វៀតណាម មិនអាចនាំក្រុមឈានទៅវគ្គ ១/២ ផ្តាច់ព្រ័ត្របានទេក្រោយចាស់ថៃ ៣-០ នាការប្រកួតចុងក្រោយពូល B ក្នុងព្រឹត្តិកាណ៍កីឡាស៊ីហ្គេមលើកទី ២៩នេះ។
គ្រូបង្វឹកសញ្ជាតិវៀតណាម វ័យ ៤៥ឆ្នាំរូបនេះបាននិយាយនៅក្នុងកិច្ចប្រជុំក្រុមបន្ទាប់ពីចាញ់ថៃថា៖« អ្នកមិនអាចបោះបង់បាល់ទាត់បានទេបន្ទាប់ពីបរាជ័យលើកនេះ។ បរាជ័យនៅទីនេះ តែត្រូវជោគជ័យនៅកន្លែងផ្សេង។ ខ្ញុំសូមអភ័យទោសដែលមិនអាចជួយក្រុមបាន ហើយខ្ញុំត្រូវចាកចេញ ព្រោះនេះជាការទទួលខុសត្រូវក្នុងនាមជាគ្រូបង្វឹក»។
នៅក្នុការប្រកួតពូល B ដែលមាន ថៃ វៀតណាម ហ្វីលីពីន ទីម័រខាងកើត ឥណ្ឌូណេស៊ី និងកម្ពុជា គឺមានតែក្រុមជម្រើសជាតិ ថៃ និងឥណ្ឌូណេស៊ីទេដែលអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយរកពិន្ទុបានច្រើនជាងគេ ក្នុងការប្រកួត៥លើករៀងៗខ្លួន។
តាមពិតទៅវៀតណាមត្រូវការត្រឹមស្មើប៉ុណ្ណោះនាការប្រកួតលើកចុងក្រោយជាមួយថៃដើម្បីអាចឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ ខណៈ៤ប្រកួតដំបូងក្រុមទាំងពីមាន៩ពិពិន្ទុស្មើគ្នា ហើយឥណ្ឌូណេស៊ីស្ថិតនៅលេខ៣មាន ៧ពិន្ទុមុនប៉ះកម្ពុជា។ តែលទ្ធផលចុងក្រោយ ថៃយកឈ្នះវៀតណាម ៣-០ និង ឥណ្ឌូណេស៊ីរកបាន៣ពិន្ទុបន្ថែមដោយឈ្នះកម្ពុជា ២-០។
សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ្ញសាបាល់ទាត់បុរសនៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាននេះ ថៃត្រូវបានយកឈ្នះមីយ៉ាន់ម៉ា ១-០ ចំណែកម៉ាឡេស៊ីជាម្ចាស់ផ្ទះ យកឥណ្ឌូណេស៊ី ១-០ ដូចគ្នា។ ដូចច្នេះ ថៃនិងជួបម្ចាស់ផ្ទះម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមមេដាយមាស ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា វេលាម៉ោង ៧:៤៥នាទី ហើយ មីយ៉ាន់ម៉ា និង ឥណ្ឌូណេស៊ី ប្រកួតដណ្ដើមមេដាយសំរឹទ្ធនៅថ្ងៃដូចគ្នានៅម៉ោង៣:៣០រសៀល [ម៉ោងនៅកម្ពុជា]៕
Tag:
បាល់ទា់
Sea Games 2017
ម៉ាឡេស៊ី
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com