កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ ប្រា​យុទ្ធ ថា ជាធម្មតា​ដែល​ម្ចាស់ផ្ទះ​បាន​មេដាយមាស​ច្រើន ព្រោះ​ពួកគេ​ហ្វឹកហាត់​បាន​ច្រើន
31, Aug 2017 , 7:39 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ការពារ​លទ្ធផល​មេដាយមាស​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​ម៉ាឡេស៊ី​ដែល​ទទួលបាន​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១៧​នេះ​។ លោក​ប្រា​យុទ្ធ​លើក​ហេតុផល​ថា នេះ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ប្រទេស​ជា​ម្ចាស់ផ្ទះ ពីព្រោះ​ពួកគេ​រៀបចំ​បានល្អ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ម៉ាឡេស៊ី Bernama ចុះផ្សាយ​នៅ​ថ្ងៃ ៣០ ខែសីហា​។



​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី បានបញ្ចប់​ហើយ​កាល​ថ្ងៃ​ពុធ ទី​៣០ ខែសីហា​ម្សិលមិញ ដោយ​ម្ចាស់ផ្ទះ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​។ ក្នុងចំណោម​វិញ្ញាសា​សរុប​៤០៦ ម៉ាឡេស៊ី​ទទួលបាន​មេដាយមាស​១៤៥ ពោលគឺ​លើស​ក្រុម​ចំណាត់ថ្នាក់​លេខ​២ ថៃ ដល់​ទៅ​ពាក់កណ្តាល​។​

​បើទោះជា​លទ្ធផល​យ៉ាងនេះ​ក្តី លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នៅតែ​ការពារ​ចំនួន​មេដាយមាស​របស់​ម៉េ​ឡេ​ស៊ី ហើយ​សរសើរ​ក្រុម​អត្ត​ព​លិ​ក​ខ្លួន​ក្រោយ​ទទួលបាន​មេដាយមាស​ត្រឹម ៧២ ដែល​ចំនួន​នេះ​តិចជាង​កាលពី​ព្រឹត្តិការណ៍​មុនៗ​។​

«​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ម្ចាស់ផ្ទះ​នឹង​ទទួលបាន​មេដាយមាស​បន្ថែមទៀត​ប​ន្ទា​ប់​ពី​ការត្រៀម​លក្ខណៈ​របស់​ពួកគេ​នៅ​ទឹកដី​ខ្លួនឯង​។ វា​ដូចគ្នា​នៅពេលដែល​យើង​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​គឺ​យើង​អាច​គ្រប់គ្រង​ប្រភេទ​កីឡា​ដូច​ដែរ​ពួកគេ [​ម៉ាឡេស៊ី​]​បានធ្វើ​នេះ​ពេលនេះ ហើយ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​មានការ​រៀបចំ​ល្អ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​ថៃ​ដែល​បាន​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅឯ​វិមាន​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ចន្ទ ទី​៣០ ខែសីហា​។​

​ប្រា​យុទ្ធ នៅតែ​សប្បាយរីករាយ​ជាមួយនឹង​ការបង្ហាញ​ខ្លួន ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ល្អ​របស់​ក្រុម​អត្ត​ព​លិ​ក​ថៃ​ទាំងអស់ ក្នុងអំឡុងពេល​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន​នេះ ទោះ​បាន​ត្រឹម​លេខ​២​។​

​លោក​ថា​៖«​ខ្ញុំ​សប្បាយរីករាយ​ណាស់​ដែល​យើង​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ២ ទោះបីជា​ខ្ញុំ​ចង់​ឲ្យ​ពួកគេ [​ថៃ​] បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​១​ក៏ដោយ​»៕


Tag:
 Sea Games 2017
  ម៉ាឡេស៊ី​
  ថៃ​
  ប្រា​យុទ្ធ ចាន់​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com