អន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខ​ថ្កោលទោស​ហិង្សា​នៅ​មី​យ៉ាន់​ម៉ា ហើយ​សង្ឃឹមថា​លោកស្រី ស៊ូ​ជី មាន​ដំណោះស្រាយ​សមរម្យ​
31, Aug 2017 , 9:39 pm        
រូបភាព
ដោយ:
​តាម​ការស្នើសុំ​របស់​អង់គ្លេស ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថ្កោលទោស​អំពើហិង្សា​កើតឡើង​ក្រោយ​ប៉ះទង្គិច​រវាង​កងសន្តិសុខ​មី​យ៉ាន់​ម៉ា និង​ក្រុម​ប្រដាប់អាវុធ​រ៉ូ​ហ៊ីង​យ៉ា​។ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ដែលមាន​ឥទ្ធិពល​បំផុត​នេះ ក៏បាន​ស្នើ​ឲ្យ​ភាគី​កាត់បន្ថយ​ភាព​តានតឹង ហើយ​គេ​រំពឹងថា​លោកស្រី អ៊ុង​សាន ស៊ូ​ជី​នឹងមាន​មាន​ដំណោះស្រាយ​ត្រឹមត្រូវ​ដើម្បី​បញ្ចប់​បញ្ហា​នេះ​។​



​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានចាប់ផ្តើម​ពិភាក្សាគ្នា​ជុំវិញ​ការប៉ះទង្គិច​រវាង​កង​សន្តិសុខ​មី​យ៉ាន់​ម៉ា និង​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​នៅ​ថ្ងៃ​ពុធ​ទី ៣០ ខែសីហា​។ ក្រោយ​កិច្ចប្រជុំ សមាជិក​ក្រុមប្រឹក្សា​ទាំង​១៥ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​អំពើហិង្សា និង​អំពាវនាវ​ឲ្យ​មានការ​កាត់បន្ថយ​ភាព​តានតឹង​ដែល​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​រវាង​សន្តិសុខ​មី​យ៉ាន់​ម៉ា និង​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​ដែរ​។​

​ឯកអគ្គរាជទូត​អង់គ្លេស​លោក Matthew Rycroft បាន​និយាយ​ដូច្នេះ​ថា​៖«​ពួកយើង​បាន​ថ្កោលទោស​អំពើហិង្សា​ដែល​កើតឡើង ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះដែរ ពួកយើង​ក៏បាន​ស្នើ​ឲ្យ​ភាគី​ទាំងសងខាង​កាត់បន្ថយ​ភាព​តានតឹង​ដែរ​»​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP លោក​Rycroft បាន​បន្ថែមទៀតថា ទោះជា​យ៉ាងនេះ​ក្ដី ក្រុមប្រឹក្សាសន្តិសុខ​នៅតែ​គាំទ្រ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ដែលជា​មេដឹកនាំ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន​។ បន្ថែម​ពីនេះ​ក្រុមប្រឹក្សាសន្តិសុខ​ក៏បាន​កោតសរសើរ​ចំពោះ​ដំណើរ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី​ពី​ចម្ងាយ​ផងដែរ​។​

​សហគមន៍​អន្តរជាតិ​សង្ឃឹម​ផងដែរ​ថា ដើម្បី​សេចក្ដីសុខ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​ទាំងអស់ អ្នកស្រី អ៊ុង សាន ស៊ូ​ជី អាច​នឹង​រកឃើញ​នូវ​ដំណោះស្រាយ​ដ៏​ល្អ​ដើម្បី​សម្របសម្រួល និង​កាត់បន្ថយ​ភាព​តានតឹង​នេះ​ដូចគ្នា​។​

​តំណាង​ពិសេស​របស់​អង់គ្លេស​ប្រចាំ​អង្គការសហប្រជាជាតិ​រូប​ក៏បាន​លើកឡើង​ពី​អនុសាសន៍​របស់​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កូហ្វី អាណាន់ (Kofi Annan) ដែល​បានស្នើ​ឲ្យ​មានការ​បញ្ឈប់​ការ​រឹតត្បិត​ភាពជា​ពលរដ្ឋ និង​សេរីភាព​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដើម្បី​ដោះស្រាយ​អំពើហិង្សា​រវាង​ភាគី​សងខាង​បាន​។​

​គួរ​បញ្ចាក់​ដែរ​ថា អង់គ្លេស​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​ពិភាក្សាគ្នា​ពី​ហិង្សា​ប្រដាប់អាវុធ​នៅ​មី​យ៉ាន់​ម៉ា​នេះ​។ ប៉ុន្តែ​មហា​យក្ស​ចិន​ដែលជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​មួយ​ដែរ​នោះបាន​ប្រឆាំង​ការជ្រៀតជ្រែក​របស់​អង្គការសហប្រជាជាតិ​ចូលក្នុង​បញ្ហា​ដែល​កំពុង​កើតឡើង​នេះ​ផងដែរ​។​

​សូម​ជម្រាប​ដែរ​ថា ការប៉ះទង្គិច​គ្នា​រវាង​កងសន្តិសុខ​មី​យ៉ាន់​ម៉ា​និង​ក្រុម​សកម្មជន​រ៉ូ​ហ៊ីង​យ៉ា​កើតឡើង​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ដែល​បង្ក​ឲ្យ​ប្រជាជន​យ៉ាងតិចណាស់​១១០​នាក់​ស្លាប់ និង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​១៨៥០០​នាក់​ផ្សេងទៀត​រត់​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​ទោះជា​ត្រូវ​បង់​ក្លា​ដែ​ស​ឃាត់ខ្លួន និង​ចាប់​បញ្ចូនទៅ​វិញ​ក្ដី​៕


Tag:
 ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​
  រ៉ូ​ហ៊ីង​យ៉ា​
  Matthew Rycroft
© រក្សាសិទ្ធិដោយ thmeythmey.com