អន្តរជាតិ
ម៉ាឡេស៊ី​ថ្កោលទោស​ហិង្សា​ប្រដាប់អាវុធ​នៅ​មី​យ៉ាន់​ម៉ា និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ត្រឹមត្រូវ​
31, Aug 2017 , 5:33 pm        
រូបភាព
រូបភាព៖ សារព័ត៌មាន The Star
រូបភាព៖ សារព័ត៌មាន The Star
ដោយ:
​ម៉ាឡេស៊ី​បាន​ថ្កោលទោស​ការវាយប្រហារ​រ​បស់​ក្រុម​ប្រដាប់អាវុធ​ប្រឆាំង​កងទ័ព​សន្តិសុខ​មី​យ៉ាន់​ម៉ា​កន្លងមក​នៅ​រដ្ឋ Rakhine​។ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​ក៏បាន​បង្ហាញ​ក្តីបារម្ភ​ខ្លាំង​ចំពោះ​ភាព​តានតឹង​កាន់​ដែល​បន្ត​កើនឡើង រួមជាមួយ​ហិង្សា​ប្រដាប់អាវុធ​ដែល​បង្ខំ​ឲ្យ​ប្រជាជន​រត់​ភៀសខ្លួន និង​បាត់​បង់ជីវិត​ផង​នោះ​។​



​នៅ​ថ្ងៃ​ពុធ​ទី​៣០​ខែសីហា រដ្ឋាភិបាល​ម៉ាឡេស៊ី​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​ការវាយប្រហារ​ដែ​ល​បង្កឡើង​ដោយ​ក្រុម​ប្រដាប់អាវុធ​រ៉ូ​ហ៊ីង​យ៉ា​ប្រឆាំង​កងសន្តិសុខ​មី​យ៉ាន់​ម៉ា​កាលពី​សប្ដាហ៍​មុន​។

​យោង​ទូរទស្សន៍ Channel News Asia ក្រសួងការបរទេស​ម៉ាឡេស៊ី​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែលមាន​ខ្លឹមសារ​ដូច្នេះ​ថា​៖«​ពួកយើង​បាន​អំពាវនាវ​ដល់​ភាគី​ទាំងអស់​ដែលជា​ប់​ពាក់ព័ន្ធ​ជម្លោះ​ប្រដាប់អាវុធ​នេះ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ជម្លោះ​កាន់តែ​យ៉ាប់យ៉ឺន​។ យើង​ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដោះស្រាយ​បញ្ហា​នេះ​ដោយ​យុត្តិធម៌ ស្របតាម​គោលការណ៍​ការពារ​សិទ្ធិមនុស្ស​ដែលមាន​ចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន និង​សេចក្ដីថ្លែងការណ៍​សិទ្ធិមនុស្ស​របស់​អាស៊ាន​»​។​

​សេចក្តីថ្លែងការណ៍​ដដែល​បន្តថា ក្រោយពេល​ការប៉ះទង្គិច​បានកើត​ឡើង ម៉ាឡេស៊ី​ស្នើ​ឲ្យ​ភាគី​ចៀសវាង​ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ជន​ស៊ីវិល ឬ​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្សជាតិ​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​២០១៦​ទៀត​។ ស្របពេល​ជាមួយគ្នានេះ វា​ក៏ត្រូវ​មានការ​ធានាថា ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ការប៉ះទង្គិច​គ្នា​នេះ​អាច​ទទួលបាន​ជំនួយ​សង្គ្រោះ​មនុស្សធម៌​ផង​។​

​បន្ថែម​ពីនេះ ក្រសួងការបរទេស​ម៉ាឡេស៊ី​ក៏បាន​លើ​ឡើង​ពី​ដំណោះស្រាយ​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម ដែល​ដាក់ចេញ​កាលពីដើម​ខែមករា​កន្លងមក ដែល​ដំណោះស្រាយ​នោះ​ផ្តោតលើ​ស្ថានភាព ជនជាតិ​មូស្លីម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ក្នុង​រដ្ឋ Rakhine ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​និង​រង​ការបំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​

​ដោយឡែក ម៉ាឡេស៊ី​ពេញ​ស្វាគមន៍ របាយការណ៍​របស់​គ​ណៈ​កម្ម​ការប្រឹក្សា​ទទួលបន្ទុក​រដ្ឋ Rakhine ដែល​ផ្តោតលើ​បញ្ហា​សិទ្ធិមនុស្ស សិទ្ធិ​រស់នៅ រួមទាំង​ការប្ដេជ្ញាចិត្ត​របស់​មី​យ៉ាន់​ម៉ា​ក្នុងការ​អនុវត្តតាម​សេចក្ដីណែនាំ​ក្នុង​របាយការណ៍​នេះដែរ​។​

​សូម​ជម្រាប​ដែរ​ថា ម៉ាឡេស៊ី​កំពុង​រង់ចាំ​សហការ​ជាមួយ​បណ្តា​រដ្ឋ​ដទៃទៀត​ក្នុង​តំបន់​ដើម្បី​ផ្ដល់ជំនួយ និង​គាំទ្រ​ដល់​មី​យ៉ាន់​ម៉ា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ​នៅ​រដ្ឋ Rakhine នេះដែរ​៕


Tag:
 ម៉ាឡេស៊ី​
  រ៉ូ​ហ៊ីង​យ៉ា​
  Rakhine
 ​ មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com