អន្តរជាតិ
ទោះ​ជិត​ក្ស័យធន វេ​ណេ​ស៊ុយ​អេ​ឡា​សុខចិត្ត​ដក​លុយ​៥​លាន​ជួយ​ប្រជាជន​អាមេរិក​រងគ្រោះ​ដោយសារ​ព្យុះ​
31, Aug 2017 , 10:19 pm        
រូបភាព
​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​បានប្រកាស​ផ្តល់ជំនួយ​ជា​ទឹកប្រាក់ ប្រាំ​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​ប្រជាជន​អាមេរិក​ដែល​រងគ្រោះ​ដោយសារ​ព្យុះ Harvey កន្លងមក​។ ក្រុមហ៊ុន​ប្រេង​រដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា Citgo ដែលមាន​ទីស្នាក់ការ​នៅ​អាមេរិក​ជា​អ្នករ៉ាប់រង​ផ្តល់​ថវិកា​ទាំងនោះ​។



​ខ្យល់ព្យុះ Harvey បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ប្រជាជន​នៅ​រដ្ឋ​តិច​សាស ហើយ​មនុស្ស​យ៉ាងហោចណាស់ ៣៨ នាក់​បាន​ស្លាប់បាត់​បង់ជីវិត​រួចទៅហើយ​។ ប្រទេសជិតខាង​ដូចជា​ម៉ិ​ក​ស៊ិ​ក​ជាដើម​នោះបាន​សុំ​ផ្តល់ជំនួយ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​អាមេរិក​ផងដែរ​។​

​ចំណែក​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​មិនមាន​ទំនាក់ទំនង​ល្អ​សោះ​ជាមួយ​អាមេរិក​នោះ ក៏​មិនបាន​ឈរ​ឱបដៃ​មើល​ដែរ​។ រដ្ឋាភិបាល​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ បានប្រកាស​ផ្តល់ជំនួយ​ជា​ថវិកា​ចំនួន ប្រាំ​លាន​ដុល្លារ​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​បង្កដោយ​គ្រោះមហន្តរាយធម្មជាតិ​នេះ​។

​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ Press TV បាន​ស្រង់​សម្តី​រដ្ឋមន្ត្រីការបរទេស​វេ​ណេ​ស៊ុយ​អេ​ឡា​លោក Jorge Arreaza ថា ថវិកា​ជំនួយ​នេះ​នឹងត្រូវ​ផ្តល់​ឲ្យ​ប្រជាជន​រងគ្រោះ​តាមរយៈ​ក្រុមហ៊ុន​ប្រេង Citgo ដែល​ផ្នែក​មួយក្រុម​ហ៊ុន​ប្រេង​រដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា PDVSA និង​មាន​ទីតាំងនៅ​អាមេរិក​ស្រាប់​នោះ​។​

​លោក​បាន​ថ្លែង​ដូច្នេះ​៖«​វា​នឹងមាន​ជំនួយ​ដោយផ្ទាល់​ដែលមាន​ទំហំ​ប្រាំ​លាន​ដុល្លារ និង​ផ្តល់​ឲ្យ​ដោយ​ក្រុមហ៊ុន Citgo ទៅកាន់​ក្រុមគ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ នៅ​ក្រុង Houston និង Corpus Christi ក្រោម​ការសហការ​ជាមួយ​អភិបាលក្រុង​និង​អាជ្ញាធរ​មូលដ្ឋាន​ផង​។ ជំហាន​បន្ទាប់​យើង​គ្រោង​ប្រើប្រាស់​លុយ​មួយ​ភាគរយ​នៃ​ចំណូល​នៃ​ការលក់​ផលិតផល​របស់​យើង​ដើម្បី​សាងសង់​ផ្ទះ​និង​ជម្រក​សម្រាប់​ជនរងគ្រោះ​»​។​

​ការប្រកាស​ផ្តល់ជំនួយ​រាប់លាន​ដុល្លារ​ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​អាមេរិក​នេះ កើតឡើង​ចំពេល​ដែល​ទំនាក់ទំនង​រវាង​អាមេរិក​និង​វេ​ណេ​ស៊ុយ​អេ​ឡា​ល្អក់កករ​កាន់តែខ្លាំង ហើយ​រដ្ឋ​សង្គមនិយម​មួយ​នេះ​ក៏​ធ្លាក់ខ្លួន​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ផងដែរ​។ អតិផរណា​កើនឡើង​ឥត​ឈប់ ហើយ​សេដ្ឋកិច្ច​នេះ​អាច​នឹង​ឈានទៅរក​ក្ស័យធន​ផង​បើ​គ្មាន​ដំណោះស្រាយ​សមស្រប​នោះ​។ ប៉ុន្តែ​អាមេរិក​បាន​បន្ត​ដាក់​គំនាប​លើ​ប្រទេស​នេះ​ដោយ​សម្រេច​ដាក់ទណ្ឌកម្ម​ទូទៅ ប្រឆាំង​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​ផង និង​ហាមឃាត់​ធនាគារ​ផ្តល់ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ PDVSA ថែមទៀត​កន្លងមកនេះ​។​

​ទាក់ទង​ចំណងមិត្តភាព​ជាមួយ​អាមេរិក និង​ការ​ផ្តល់ជំនួយ​ទៅ​សហរដ្ឋអាមេរិក​នេះ វេ​ណេ​ស៊ុយ​អេ​ឡា​បាន​អះអាងថា ខ្លួន​ទុក​រឿង​នយោបាយ​មួយ​ឡែក​។ ប្រមុខ​ការទូត​វេ​ណេ​ស៊ុយ​អេ​ឡា​ខាងលើ​បានបញ្ជាក់​ដូច្នេះ​៖ «​យើង​បញ្ជាក់​ម្តងទៀត​។ វា​បង្ហាញ​ពី​ការ​សាមគ្គីភាព​របស់​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​ជាមួយ​ប្រជាជន​អាមេរិក ដែល​វា​ហួស​ពី​ភាពខុសគ្នា​និង​ខ្វែងគំនិត​គ្នា​ផ្នែ នយោបាយ​។ យើង​ត្រូវតែ​បង្ហាញ​ពី​ទឹកចិត្ត​របស់​យើង​ក្នុងពេលដែល​មិត្ត​របស់​យើង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​បង្កឡើង​បាតុភូតធម្មជាតិ​នេះ​»​។


Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  Harvey
  នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​
  Citgo
  Jorge Arreaza
© រក្សាសិទ្ធិដោយ thmeythmey.com