អន្តរជាតិ
​ព្យុះ Harvey៖ ដូ​ណា​ល់ ត្រាំ មិន​ចង់​ទទួល​ជំនួយ​ពី​ម៉ិ​ក​ស៊ិ​ក តែ​ព្រម​ទទួល​ជំនួយ​ពី​សិង្ហ​បុរី​
31, Aug 2017 , 10:59 pm        
រូបភាព
រូបភាព៖  USA Today
រូបភាព៖ USA Today
​រដ្ឋ​តិច​សាស និង​តំបន់​ខ្លះទៀត​នៅ​អាមេរិក​បន្ត​រងគ្រោះ​ខ្លាំង​ដោយសារ​ដោយសារ​ខ្យល់ព្យុះ Harvey​។ មនុស្ស​យ៉ាងហោចណាស់ ៣៨ នាក់​បាន​ស្លាប់បាត់​បង់ជីវិត ហើយ​ការខូចខាត​ទ្រព្យសម្បត្តិ​ និង​សេដ្ឋកិច្ច​ជារួម​កើន​ដល់ ៤២ ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ អាជ្ញាធរ​កំពុង​ឆ្ការដៃឆ្ការជើង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ហើយ​គេ​ឃើញ​បណ្តា​ប្រទេសជិតខាង​អាមេរិក​ប្រកាស​ផ្តល់ជំនួយ​សង្គ្រោះ​ជនរងគ្រោះ​ទាំងនោះ​ផង​។ សិង្ហ​បុរី​បាន​បញ្ជូន​យន្តហោះ​បួន​គ្រឿង និង​ទាហាន ៣៧​នាក់​ទៅ​ចូលរួម​ប្រតិបត្តិ​ការសង្គ្រោះ​ពលរដ្ឋ ក្រោយ​លោក ដូ​ណា​ល់ ត្រាំ ព្រម​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​សិង្ហ​បុរី​។ ចំណែក​អភិបាលរដ្ឋ​តិច​សាស ក៏​ព្រម​ទទួលយក​ជំនួយ​ពី​ម៉ិ​ក​ស៊ិ​ក​ដែរ ទោះ​កន្លងមក​រដ្ឋបាល ដូ​ណា​ល់ ត្រាំ មិន​សម្រេច​ចិត្តជា​ផ្លូវការ​ទទួលយក​ជំនួយ​ពី​ម៉ិ​ក​ស៊ិ​ក​ក្តី​។



​ខ្យល់ព្យុះ Harvey ក្លាយជា​គ្រោះមហន្តរាយធម្មជាតិ​ធំ​បំផុត​មួយ​ដែល​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ប្រជាជន​អាមេរិក​កន្លងមកនេះ​។ ព្យុះ​នេះ​បង្ក​ឲ្យ​មានទឹក​ជន់​លិច​ផ្ទះ ផ្លូវថ្នល់ បំផ្លិចបំផ្លាញ​ផ្ទះសម្បែង និង​ឆកយក​ជីវិត​ប្រជាជន​ជាច្រើន​នាក់​ផងដែរ​។ ប្រជាជន​ជាច្រើន​ម៉ឺន​នាក់​ត្រូវបាន​គេ​ជម្លៀស​ពី​លំនៅដ្ឋាន​ទៅរក​កន្លែង​មាន​សុវត្ថិភាព​។

​សារព័ត៌មាន New York Times ចុះផ្សាយ​ដោយ​ស្រង់​សម្តី​អាជ្ញាធរ​មូលដ្ឋាន​ថា មនុស្ស​ស្លាប់​យ៉ាងហោចណាស់ ៣៨ នាក់ ហើយ​ក្នុងចំណោម​អ្នកស្លាប់​នោះ​មាន​មន្ត្រីប៉ូលិស​ដែល​កំពុង​បំពេញការងារ ស្ត្រី​ចាស់​ដែល​ពិបាក​រត់​ភៀសខ្លួន និង​មាន​អ្នកស្លាប់​ដោយសារ​ដើមឈើ​រលំ​សង្កត់​ជាដើម​។ 

១. ព្យុះ Harvey បង្ក​ការខាតបង់​អស់ ៤២​ពាន់​លាន​ដុល្លារ​

​ខណៈដែល​អាជ្ញាធរ​កំពុង​ផ្តោត​យកចិត្តទុកដាក់​លើ​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​នេះ គេ​ឃើញ​មានការ​វាយតម្លៃ​ពី​ការខូចខាត​បង្កឡើង​ដោយ​ខ្យល់ព្យុះ​នេះដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ដកស្រង់​ទិន្នន័យ​ស្ថាប័ន​ស្រាវជ្រាវ Enki ដែល​បង្ហាញថា ទំហំ​នៃ​ការខូចខាត​ដែល​បង្កឡើង​ដោយ​ព្យុះ​នេះ​កើន​ដល់ ៤២​ពាន់​លាន​ដុល្លារ​ឯណោះ ហើយ​ការខូចខាត​នេះ​អាច​នឹង​កើនឡើង​ថែមទៀត​នៅពេល​ខាងមុខ​។

​ទំហំ​នៃ​ការខូចខាត​នេះ​គឺ​វា​ប្រហាក់ប្រហែល​នឹង​ការខូចខាត​ដែល​បង្កឡើង​ដោយ​ព្យុះ Ike ដែល​វាយប្រហារ​រដ្ឋ​តិច​សាស​ឆ្នាំ ២០០៨ ហើយ​វា​មាន​ទំហំ​ធំ​ជាង​ការ​ខូ​ត​ខាត​ដែល​បង្កដោយ​ព្យុះ Wilma ដែល​កើតឡើង​ឆ្នាំ ២០០៥​ផងដែរ​។ កាលនោះ​ទំហំ​នៃ​ការ​ខូ​ត​ខាត​មាន​ត្រឹម ៣៨​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

​ដោយឡែក គេ​ក៏​ព្យាករ​ផងដែរ​ពី​បញ្ហា​ដែក​នឹង​អាច​កើតមានឡើង​បន្តបន្ទាប់​ទៀត​នៅពេល​អនាគត​នោះ​។ បើ​គ្រោះមហន្តរាយធម្មជាតិ​ទ្រង់ទ្រាយ​ធំ​បែបនេះ​កើតឡើង​ជា​ញឹកញាប់ វា​នឹងធ្វើ​ឲ្យ​ទីក្រុង​ភាគច្រើន​នៅក្នុង​រដ្ឋ​តិច​សាស​ប្រឈម​បញ្ហា​ច្រើន ជាពិសេស​ប៉ះពាល់​ដល់​ការបំពេញ​ការងារ​, ការប្រមូល​ពន្ធ​, កាត់ផ្តាច់​ការផ្គត់ផ្គង់​ចំណីអាហារ ប្រេង ឧស្ម័ន រួមទាំង​ការលក់ដូរ​ប្រកប​អាជីវកម្ម​ផងដែរ​។

២.​អាជ្ញាធរ​តិច​សាស​ព្រម​ទទួល​ជំនួយ​ពី​ម៉ិ​ក​ស៊ិ​ក ទោះ​លោក​ត្រាំ មិន​ព្រម​

​ស្ថិតក្នុង​គ្រា​លំបាក​នេះ ម៉ិ​ក​ស៊ិ​ក​បានសម្រេច​សុំ​ផ្តល់ជំនួយ​សង្គ្រោះ​ដល់​ប្រជាជន​អាមេរិក​ដែរ​។ ប៉ុន្តែ​កន្លងមក​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បង្ហាញ​ជំហរ​ស្ទាក់ស្ទើរ និង​មិនបាន​សម្រេចចិត្ត​ភ្លាមៗ​ទទួល​ឲ្យ​ម៉ិ​ក​ស៊ិ​ក​ចូល​ជួយសង្គ្រោះ​ឡើយ​។

​តាមពិតទៅ ការស្នើសុំ​ផ្តល់ជំនួយ​នេះ កើតឡើង​ចំពេល​ដែល​ទំនាក់ទំនង​រវាង​អាមេរិក​និង​ម៉ិ​ក​ស៊ិ​ក​ល្អក់កករ ព្រោះ​លោក ត្រាំ បន្ត​ទា​លុយ​ថ្លៃ​សង់​ជញ្ជាំង​តាម​ព្រំដែន និង​គំរាម​បណ្តេញ​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​ដែល​រស់នៅ​ខុសច្បាប់​នៅ​អាមេរិក​ផង​។ ប្រជាជន​ម៉ិ​ក​ស៊ិ​ក​យ៉ាងហោចណាស់ ប្រាំមួយ​សែន​នាក់​បន្ត​រស់នៅ​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​ក្នុង​ទឹកដី​អាមេរិក ហើយ​ពួក​ប្រឈមមុខ​នឹង​ការបណ្តេញចេញ​ថែម​ទៀតផង​។

​ពាក់ព័ន្ធ​ការទទួល​ជំនួយ​ម៉ិ​ក​ស៊ិ​ក​នេះ សារព័ត៌មាន Dallas News ផ្សាយ​ថា អភិបាលរដ្ឋ​តិច​សាស Greg Abbott បាន​អះអាងថា រដ្ឋ​របស់លោក​ព្រម​ទទួល​ជំនួយ​ពី​ខាង​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​។ លោក​បានបញ្ជាក់​ដូច្នេះ​៖«​ពិត​ហើយ ។ យើង​កំពុង​ទទួល​ជំនួយ​ពី​ខាង​ម៉ិ​ក​ស៊ិ​ក​។ យើង​មាន​បញ្ជា​ជំនួយ​នានា​ដែល​គេ​ផ្តល់​ឲ្យ​យើង​»​។

​កាលពី​ថ្ងៃ​អង្គារ ម៉ិ​ក​ស៊ិ​កបាន​ផ្ញើ​កំណត់​ទូត​មួយ​ដែលមាន​បញ្ជាក់​ពី​បញ្ជី​សម្ភារៈ​និង​មធ្យោបាយ​ដែល​អាចជួយ​សង្គ្រោះ​ប្រជាជន​អាមេរិក​បាន​។ ក្នុងនោះ​ម៉ិ​ក​ស៊ិ​ក​ក៏​ត្រៀម​បញ្ជូនទាហាន​, រថយន្ត​ដឹក​ស្បៀង ថ្នាំសង្កូវ ទឹក និង​សម្ភារៈ​ផ្សេងទៀត​ផងដែរ​។ 

៣.​មិន​ទទួល​ជំនួយ​ពី​ម៉ិ​ក​ស៊ិ​ក តែ​ព្រម​ទទួល​ពី​ជំនួយ​សិង្ហ​បុរី​?

​ថ្វីបើ​លោក ត្រាំ មិន​ប្រកាស​ទទួល​ជំនួយ​ពី​ម៉ិ​ក​ស៊ិ​ក​ជា​ផ្លូវការ​ក៏ដោយ  លោក​បាន​ព្រម​ទទួល​ជំនួយ​ពីស​ង្ហ​បុរី​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​។ រដ្ឋាភិបាល​សិង្ហ​បុរី​បានសម្រេច​បញ្ជូន​យន្តហោះ​ដឹកជញ្ជូន CH-47 ចំនួន បួន​គ្រឿង​ឲ្យ​ទៅ​ជួយ​ដឹកជញ្ជូន​ប្រជាជន និង​ដឹក​ស្បៀង​សម្រាប់​ជនរងគ្រោះ​ផងដែរ​។

​បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​តាម​ទូរ​សព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង ក្នុងពេល​លោក​ចេញដំណើរ​ទៅ​តិច​សាស​។ ពេលនោះ​លោក ត្រាំ ក៏​ព្រម​ទទួលយក​ការផ្តល់​ជំនួយ​សង្គ្រោះ​នោះ​ភ្លាម​ដែរ​។  កងទ័ព​សង្ហ​បុរី ៣៤​នាក់ និង​យន្តហោះ​ដឹកជញ្ជូន​បួន​គ្រឿង ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ ហើយ​ពួកគេ​មាន​វត្ត​មាននៅ​ក្រុង Peace Prairie នៃ​រដ្ឋ​តិច​សាស ចាប់ពី​ឆ្នាំ ១៩៩៩ ដោយ​ពួកគេ​ចូលរួម​ការបណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​បច្ចេកទេស​នៅ​ទីនោះ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
 ​ ម៉ិ​ក​ស៊ិ​ក​
  សិង្ហ​បុរី​
  Harvey
© រក្សាសិទ្ធិដោយ thmeythmey.com