អន្តរជាតិ
ក្រោយ​ឈ្នះឆ្នោត​៧៥៨.៧​លាន​ដុល្លា ស្ត្រី​អាមេរិក​ម្នាក់​លាឈប់​ពី​ការងារ​ភ្លាមៗ​
01, Sep 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Mavis L.Wanczyk ដែល​រស់នៅ​ក្រុង Chicopee រដ្ឋ​ម៉ាសាឈូសេត បានឈ្នះ​ឆ្នោត Powerball Jackpot ក្នុង​ទឹកប្រាក់​៧៥៨.៧​លាន​ដុល្លា​អាមេរិក​។ ភ្លាមៗ​នោះ ស្ត្រី​វ័យ​៥៣​ឆ្នាំ​រូបនេះ បានសម្រេច​មិន​ទៅ​បម្រើការ​ការងារ​នៅ​មន្ទីរពេទ្យ Mercy Medical Center វិញ​ឡើយ ព្រោះ​ទុកពេល​វេលា​ចាត់ចែង​ការងារ​ហិរញ្ញវត្ថុ​របស់ខ្លួន ជាមួយនឹង​ទឹកប្រាក់​ដ៏​សន្ធឹកសន្ធាប់​។​



«​ខ្ញុំ​បាន​ប្រាប់​ទៅ​កន្លែង​ការងារ​ថា ខ្ញុំ​មិន​ត្រឡប់​ទៅធ្វើ​ការ​វិញ​នោះឡើយ​» នេះ​បើតាម​សំដី​របស់​អ្នកស្រី Mavis L.Wanczyk ក្រោយ​ឈ្នះ​ប្រាក់រង្វាន់ ៧៥៨.៧​លាន​ដុល្លារ​អាមេរិក ពីរ​ង្វាន់ Jackpot របស់​ក្រុមហ៊ុន Powerball​។

​យោងតាម​ការផ្សាយ​រប​ស់ Boston Globe ការសម្រេចចិត្ត​លាឈប់​ពី​ការងារ​ភ្លាមៗ ដោយសារតែ​អ្នកស្រី Wanczyk ស្តាប់​តាម​សម្តី​របស់​អ្នកជំនាញ ដែល​ចង់​ឲ្យ​គាត់​រក្សា​ភាព​ស្ងៀមស្ងាត់ និង​រៀបចំ​ចាត់ចែង​គម្រោង​ហិរញ្ញវត្ថុ​របស់ខ្លួន​។  អ្នកស្រី Wanczyk ជា​ស្ត្រី​មេម៉ាយ​ដែលមាន​កូន​ពីរ​នាក់ ដោយ​ស្វាមី​បានទទួល​មរណភាព​កាលពី​ឆ្នាំ​២០១៦ ដោយសារ​គ្រោះថ្នាក់​រថយន្ត​។​

​ដូចជា​អ្នកឈ្នះ​ផ្សេងទៀត​ផងដែរ អ្នកស្រី Wanczyk បានសម្រេច​ចិត្ត​យក​ការបង់​បណ្តាក់​សម្រាប់​រយៈពេល​៣០​ឆ្នាំ ដូច្នេះ​គាត់​មិន​ទទួលបាន​ប្រាក់​សរុប​៧៥៨.៧​លាន​ដុល្លារ​អាមេរិក​ទាំង​ដុល​នោះឡើយ​។  ជម្រើស​នេះ នាំ​ឲ្យ​គាត់​ទទួលបាន​ក្នុង​រង្វង់​តែ​៤៨០.៥​លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ ហើយ​បើ​គិត​ទាំង​ពន្ធ​ផង​នោះ គាត់​ត្រូវ​ទទួលបាន​៣៣៦​លាន​ដុល្លា​អាមេរិក​។​

​ជាមួយគ្នានេះ កងកម្លាំង​ប៉ូលិស​បានដាក់​កម្លាំង​ការពារ​ជុំវិញ​ផ្ទះ​របស់​អ្នកស្រី Wanczyk ផងដែរ បន្ទាប់ពី​សង្កេតឃើញ​វត្តមាន​របស់​មនុស្ស​ប្លែក​មុខជា​ច្រើន​៕


© រក្សាសិទ្ធិដោយ thmeythmey.com