កីឡាអន្តរជាតិ
អន្តរជាតិ
តើ​កីឡាករ​ណាខ្លះ​ដែល​ត្រូវបាន​ផ្ទេរ​នៅ​ថ្ងៃ​ដោះដូរ​កីឡាករ​ចុងក្រោយ​?
01, Sep 2017 , 4:05 pm        
រូបភាព
​ការដោះដូរ​កីឡាករ​នៅ​តំបន់​អឺរ៉ុប​ដ៏​មមាញឹក​នៅ​ថ្ងៃ​ចុងក្រោយ​ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី ១ ខែ កញ្ញា​នេះហើយ ដោយ​កីឡាករ​ជាច្រើន​ត្រូវបាន​ផ្លាស់​ទៅកាន់​ក្លិប​ថ្មី​របស់​ពួកគេ​រៀងខ្លួន​។ ការផ្ទេរ​របស់​ខ្សែប្រយុទ្ធ​វ័យក្មេង Kylian Mbappe ពី Monaco ទៅ Paris St-Germain ជាការ​ដោះដូរ​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្ញើ​ល​បំផុត​នៅ​ថ្ងៃ​បិទទ្វា​នេះ​។ ក្លិប​អ្នកមាន​បារាំង​ដែលមាន​មួលដ្ឋាន​នៅ​ក្រុងប៉ារីស​ហ៊ានថ្លៃ​ដល់​ទៅ ១៦៥.៧ លាន​ផោន ប្រហែល ២១៤​លាន​ដុល្លារ​ឯណោះ​ក្នុង​លក្ខណ​ខ្ចី​ជើង​១​ឆ្នាំ​ពី​ក្រុម​ម្ចាស់​ជើងឯក Ligue 1 រដូវ​កាល​មុន​។​



​សារព័ត៌មាន​ថ្មីៗ​និង​បង្ហាញ​ឈ្មោះ​កីឡាករ​ដែល​បាន​ផ្ទេរចេញ និង​ចូល​ក្រុម​ថ្មី​ក្រោយ​ទីផ្សា​ដោះដូរ​កីឡាករ​បិទទ្វា​ដូចខាងក្រោម​៖

Kylian Mbappe វ័យ​១៨​ឆ្នាំ ផ្ទេរ​ពី Monaco ទៅ Paris St-Germain ក្នុងតម្លៃ ២១៤​លាន​ដុល្លារ ក្នុង​លក្ខណ​ខ្ចី​ជើង​១​ឆ្នាំ​ដំបូង និង​រង់ចាំ​ដល់​ឆ្នាំ​បន្ទាប់​ទើប​ក្រុម​យកទៅ​ដាច់ ព្រោះ​ខ្លាច​ជាប់​បម្រាប់​របស់ UEFA បន្ទាប់ពី​ទិញ Neymar ក្នុងតម្លៃ​កប់​ពពក​រួចហើយ​នៅ​ឆ្នាំ​ដំបូង​នេះ​។​

Danny Drinkwater  សញ្ជាតិ​អង់គ្លេស វ័យ​២៧​ឆ្នាំ បាន​យល់ព្រម​ចាកចេញ​ពី Leicester City ទៅ​ចូលរួម​ជាមួយ​ម្ចាស់​ជើងឯក​ចាស់ Chelsea ក្នុងតម្លៃ​ផ្ទេរ ៣៥​លាន​ផោន ប្រមាណ ៤៥​លាន​ដុល្លារ ដោយ​ចុះកិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​។ ក្រៅពីនេះ ក្រុម​រហស្ស​នាំ​តោ​ខៀវ​ក៏បាន​នាំយក​ខ្សែការពារ​សញ្ជាតិ​អ៊ីតាលី  Davide Zappacosta ពី Torino មក​រួម​ក្រុម​ផងដែរ​។​

Swansea City ទទួលបាន​កីឡាករ​២​រូប​នៅ​ថ្ងៃ​ចុងក្រោយ រួមមាន Wilfried Bony ពី Manchester City ក្នុងតម្លៃ ១៥​លាន​ដុល្លារ និង Renato Sanches ខ្ចី​ជើង​ពី Bayern Munich​។​

Tottenham យកបាន Fernando Llorente ពី Swansea ក្នុងតម្លៃ​ជាង ១៩​លាន​ដុល្លារ និង Serge Aurier ពី PSG តម្លៃ​ជិត ៣០​លាន​ដុល្លារ​។​

Alex Oxlade-Chamberlain ចេញពី Arsenal ទៅ Liverpool តម្លៃ ជាង​៤៥​លាន​ដុល្លារ​។​

Mamadou Sakho ចេញពី Liverpool ទៅ Crystal Palace តម្លៃ ជាង ៣៣​លាន​ដុល្លារ​។​

Aleksandar Dragovic ផ្លាស់​មក  Leicester ពី Bayer Leverkusen ខ្ចី​ជើង​។​

Nikola Vlasic មក​ចូលរួម​ជាមួយ Everton ពី Hajduk Split តម្លៃ ជាង​១៣​លាន​ដុល្លារ​។​

Lucas Perez ចេញពី Arsenal ទៅ Deportivo La Coruna ខ្ចី​ជើង​។​

Luis Nani ចេញពី Valencia ទៅ Lazio ខ្ចី​ជើង​។​

Divock Origi ចេញពី Liverpool ទៅ Wolfsburg ខ្ចី​ជើង​។​


Tag:
 បាល់ទាត់​
  ដោះដូរ​កីឡាករ​
© រក្សាសិទ្ធិដោយ thmeythmey.com