អន្តរជាតិ
ប្រមុខ​ស្ថាប័ន​សិទ្ធិមនុស្ស​UN ថ្កោលទោស ត្រាំ ដែល​បន្ត​វាយប្រហារ​«​ប្រព័ន្ធ​ផ្សព្វផ្សាយ​»
01, Sep 2017 , 4:46 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​ទិតៀន​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ខ្លាំងៗ ពាក់ព័ន្ធ​ការប្រើ​សម្តី​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​នោះ​។ វា​ជា​រឿង​កម្រ​ដែល​មន្ត្រី​អង្គការសហប្រជាជាតិ​រិះគន់​ប្រមុខរដ្ឋ​ប្រទេស​មហាអំណាច​ខ្លាំងៗ​បែបនេះ​។​



​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បន្ត​ចាត់ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាស​ត្រូវ ហើយ​លោក​បន្ត​ប្រើ​សម្តី​វាយប្រហារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​ឥត​ឈប់​។ ការវាយប្រហារ​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវគេ​ចាត់ទុកថា ជា​សកម្មភាព​ដែល​រំលោភបំពាន​និង​បង្ក​ផលប៉ះពាល់​សេរីភាព​សារព័ត៌មាន​ផងដែរ​។​

 ពាក់ព័ន្ធ​បញ្ហា​នេះ​ប្រមុខ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​លោក  Zeid Ra’ad al-Hussein ក៏​ចាត់ទុក​កាយវិកា និង​សម្តី​របស់​ប្រធានាធិបតី​អាមេរិក ជា​គ្រោះថ្នាក់​ដល់​សេរីភាព​សារព័ត៌មាន​ពាសពេញ​ពិភពលោក​។ មន្ត្រីជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​រូបនេះ ក៏បាន​ថ្កោលទោស​លោក ត្រាំ ផងដែរ​ដែល​បន្ត​ចាត់ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ត្រូវ​ទាំង​ដែល​ខ្លួន​ជា​មេដឹកនាំ​មហាអំណាច​ប្រជាធិបតេយ្យ​។​

​លោក Zeid Ra’ad al-Hussein រិះគន់​លោក ត្រាំ នៅពេលដែល​លោក​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ទី ៣០ ខែសីហា ហើយ​លោក​ប្រតិកម្ម​តប​នឹង​សម្តី​លោក ត្រាំ ថ្លែងក្នុងការ​ជួប​​ជុំគ្នា​មួយ​នៅ Phoenix កន្លងមក​។

​ដើម្បី​បង្វែរ​ការចាប់អារម្មណ៍​ពេលដែល​លោក​មិន​ថ្កោលទោស ក្រុម​ណា​ស៊ី​ជំនាន់​ថ្មី ( Neo-Nazi) ឬ​ក្រុម​ស្បែក​ស​រើសអើង​ពូជសាសន៍ (White Supremacist) ដែល​បង្ក​ហិង្សា​នៅ​ក្រុង​Charlottesville លោក ត្រាំ បាន​ចោទប្រកាន់ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​បានផ្តល់​សំឡេង​ឲ្យ​តែ​ក្រុម​បញ្ឆេះ​កំហឹង​ស្អប់ខ្ពើម​ទៅវិញ​។ 

​សារព័ត៌មាន New York Times ស្រង់​សម្តី​ប្រមុខ​ស្ថាប័ន​សិទ្ធិមនុស្ស​ខាងលើ​ដូច្នេះ​ថា​៖ «​វា​ពិតជា​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​ដែល​អ្នក​គិតថា សេរីភាព​សារព័ត៌មាន ដែល​វា​មិន​ត្រឹមតែ​ជា​ចំណុច​ស្នូល​នៃ​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ​អាមេរិក​ទេ តែ​វា​ជា​អ្វីដែល​អាមេរិក​ប្រឹង​ការពារ​រាប់​ឆ្នាំ បែរជា​ត្រូវ​រង​ការវាយប្រហារ​ពី​សំណាក់​ប្រធានាធិបតី​របស់ខ្លួន​ទៅវិញ​»​។​

​តាមពិតទៅ វា​ជា​រឿង​កម្រ​បំផុត​មួយ​ដែរ ដែល​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ហ៊ាន​រិះគន់​ប្រមុខរដ្ឋ​ប្រទេស​មហាអំណាច​ជា​ចំហរ​ចំពោះមុខ​អ្នកកាសែត​នោះ​។ ប៉ុន្តែ​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ខ្វាយខ្វល់​របស់​អង្គការសហប្រជាជាតិ​ចំពោះ​ការធ្លាក់​ដុត​ដាប​នៃ​សេរីភាព​សារព័ត៌មាន​ពិភពលោក ពេលដែល​សេរីភាព​នេះ​ត្រូវ​ជាន់ឈ្លី​ដោយ​មហាអំណាច​ប្រជាធិបតេយ្យ​ដូចជា​អាមេរិក​ទៀត​នោះ​។​

​យ៉ាងណា​ក៏ដោយចុះ អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក​លោកស្រី  Sarah Huckabee Sanders បាន​ឆ្លើយ​តប​នឹង​សម្តី​រិះគន់​ប្រធានាធិបតី​អាមេរិក​ពី​សំណាក់​ប្រមុខ​ស្ថាប័ន​សិទ្ធិ​មនុស្ស​ផងដែរ​។ លោកស្រី​បាន​ថ្លែងថា អាមេរិក​ជឿជាក់​លើ​សេរីភាព​សារព័ត៌មាន ហើយ​វា​ក៏មាន​សារសំខាន់​សម្រាប់​ប្រជាធិបតេយ្យ​ដូចគ្នា​។​

 ប៉ុន្តែ​លោកស្រី​សុំ​ចិត្ត​ឲ្យ​សារព័ត៌មាន​ទាំងអស់​ទទួលស្គាល់​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ដ៏​ធំធេង​ចំពោះ​ប្រជាជន​អាមេរិក ជាពិសេស​ផ្សាយ​ព័ត៌មាន​ដែល​ត្រឹមត្រូវ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោកស្រី បាន​សង្កត់ធ្ងន់ថា សារព័ត៌មាន​ត្រូវ​ផ្សាយព័ត៌មាន មិនមែន​បង្កើត​ព័ត៌មាន​ដែល​បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ​នោះឡើយ​៕


Tag:
 UNHCR
  Zeid Ra’ad al-Hussein
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com