អន្តរជាតិ
កូរ៉េខាងជើង​កាត់ទោស​ប្រហារជីវិត​អ្នកកាសែត​កូរ៉េខាងត្បូង​បួន​នាក់​ដែល​ប្រមាថ​របប​ដឹកនាំ​ខ្លួន​
01, Sep 2017 , 10:39 pm        
រូបភាព
រូបភាព៖ The Star Online
រូបភាព៖ The Star Online
ដោយ:
​អ្នកសារព័ត៌មាន​កូរ៉េខាងត្បូង​បួន​នាក់​ត្រូវ​តុលាការ​កូរ៉េខាងជើង​កាត់ទោស​ប្រហារជីវិត​ពីបទ​សរសេរ​បញ្ចេញយោបល់​លើ​សៀវភៅ​រឿង​សម្ងាត់​កូរ៉េខាងជើង​ដោយបាន​មួលបង្កាច់​និង​ប្រមាថ​ដល់​កេ​រ្ដ៍​ឈ្មោះ​ក៏ដូចជា​និមិត្តសញ្ញា​ជាតិ​របស់​កូរ៉េខាងជើង​ផងដែរ​។ ប៉ុន្តែ​វា​មិនមែនជា​លើកដំបូង​ឡើយ​ដែល​កូរ៉េខាងជើង​ប្រកាស​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កូរ៉េខាងត្បូង​បែបនេះ​។



​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ខែសីហា កូរ៉េខាងជើង​បានប្រកាស​ថា ខ្លួន​សម្រេច​កាត់ទោស​ប្រហារជីវិត​អ្នកកាសែត​ពីរ​នាក់ និង​ចា​ហ្វា​ង​បោះពុម្ព​ពីរ​នាក់​ទៀត​ដែលជា​ជនជាតិ​កូរ៉េខាងត្បូង​ពាក់ព័ន្ធ​បទ​បង្ខូច​កេ​រ្ដ៍​ឈ្មោះ​និង​និមិត្តសញ្ញា​ជាតិ​របស់​កូរ៉េខាងជើង​ផងដែរ​។

​អត្ថបទ​ចុះផ្សាយ​លើ​កាសែត​កូរ៉េខាងត្បូង Chosun Ilbo និង Dong-A Ilbo បាន​សរសេរ​បញ្ចេញយោបល់​លើ​សៀវភៅ​ជា​ភាសា​កូរ៉េ​ដែល​បកប្រែ​ពី​សៀវភៅ​«North Korea Confidential» របស់​អ្នកកាសែត​អង់គ្លេស​ពីរ​នាក់​ដែល​បាន​បោះ​ពុធ​តាំងពី​ឆ្នាំ ២០១៥​មក​។​

​ក្នុង​សៀវភៅ​ជា​ភាសា​កូរ៉េ គេ​ឃើញ​មានការ​ប្ដូរ​ចំណងជើង​សៀវភៅ​ចាស់​ទៅជា​«Capitalist Republic of Korea»​។ ចំណែកឯ​គម្រប​សៀវភៅ នៅត្រង់​កណ្ដាល​និមិត្តសញ្ញា​ជាតិ​កូរ៉េខាងជើង​ត្រូវបាន​ផ្លាស់ប្ដូរ​ពី​ផ្កាយ​ទៅជា​ប្រាក់​ដុល្លារ​វិញ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP តុលាការ​កូរ៉េខាងជើង​បាន​អះអាងថា អ្នកកាសែត​កូរ៉េខាងត្បូង​ទាំង​បួនរូប​បាន​ប្រមាថ​ដល់​ភាពថ្លៃថ្នូរ និង​និមិត្តសញ្ញា​ជាតិ​កូរ៉េខាងជើង​យ៉ាងខ្លាំង ហើយ​នេះ​គឺជា​បទល្មើស​ដែល​មិនអាច​លើកលែង​បានឡើយ​។ ដូច្នេះហើយ ឧក្រិដ្ឋជន​ទាំងនេះ​គ្មាន​សិទ្ធិ​ស្នើសុំ​ការ​សម្រាលទោស​នោះទេ ហើយ​ការប្រហារជីវិត​នឹងធ្វើ​ឡើង​ដោយ​ពុំ​ចាំបាច់​ឆ្លងកាត់​នីតិវិធី​បន្ថែម​ដែរ​។​

​គួរ​បញ្ជាក់ដែរថា អ្នកកាសែត​កូរ៉េខាងត្បូង​ទាំងពីរ​រូបនេះ​បានធ្វើការ​នៅ​ទីភ្នាក់ងារ​កាសែត​ផ្សេង​ពីគ្នា​។​ចំណែក ឯ​ចា​ហ្វា​ងរ​បស់​អ្នកកាសែត​ពីរ​នាក់​នេះ​ក៏​ត្រូវបាន​តុលាការ​កូរ៉េខាងជើង​កាត់ទោស​ប្រហារជីវិត​ផងដែរ​។ ប៉ុន្តែ​វា​មិនមែនជា​រឿង​ចម្លែក​ទេ ដែល​ក្រុង​ព្យុងយ៉ាង​ប្រកាស​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កូរ៉េខាងត្បូង​ដោយ​ឯកតោភាគី​នោះ​។ កាលពី​ខែ មិថុនា កូរ៉េខាងជើង​ក៏​ប្រកាស​កាត់ទោស​ប្រហារជីវិត​លោកស្រី​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ (Park Geun-Hye) និង ប្រមុខ​ស្ថាប័ន​ចារកម្ម​កូរ៉េខាងត្បូង​លោក   Lee Byung-Ho ពាក់ព័ន្ធ​ការ​រៀ​ចំ​គម្រោង​ការធ្វើឃាត​លោក គីម ជុង​អ៊ុន ថែមទៀត​។​

​សូម​ជម្រាប​ដែរ​ថា សៀវភៅ​រឿង​សម្ងាត់​កូរ៉េខាងជើង​នេះ​បាន​សរសេរ​ពី​ទីផ្សារងងឹត​របស់​កូរ៉េខាងជើង​ដែលមាន​ការចែក​ចាយ​ភាគ​យន្ត​កូរ៉េខាងត្បូង និង​របស់របរ​ពេញ​និយម​ជាច្រើន​ទៀត​ដែល​ចម្លង​មកពី​កូរ៉េខាងត្បូង​ដូចគ្នា​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  Chosun Ilbo
  Dong-A Ilbo
© រក្សាសិទ្ធិដោយ thmeythmey.com