អន្តរជាតិ
អាជ្ញាធរ​ថៃ​រឹបអូស​បាន​សត្វ​ពង្រូល​១៣៦​ក្បាល និង​ស្រកា​របស់​វា​ទម្ងន់ ៤៥០​គីឡូក្រាម​
01, Sep 2017 , 10:59 pm        
រូបភាព
រូបភាព៖ សារព័ត៌មាន New Straits Times
រូបភាព៖ សារព័ត៌មាន New Straits Times
ដោយ:
​ក្រោយពេល​ទទួលបាន​ព័ត៌មាន​ថា​សត្វ​ពង្រូល​ជាច្រើន​ក្បាល និង​ស្រកា​ត្រូវ​ឈ្មួញ​នាំ​ចេញពី​ម៉ាឡេស៊ី​មកកាន់​ប្រទេស​ថៃ អាជ្ញាធរ​ថៃ​បាន​ចុះ​អន្តរាគមន៍​ស្ទាក់ចាប់ និង​រឹបអូស​បាន​សត្វ​ពង្រូល​ចំនួន​១៣៦​ក្បាល និង​ស្រកា​របស់​វា​ទម្ងន់ ៤៥០ គីឡូក្រាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ខែសីហា​។​



​នាយកដ្ឋាន​គយ​ថៃ​បាន​រឹបអូស​សត្វ​ពង្រូល​១៣៦​ក្បាល រួមទាំង​ស្រកា​ទម្ងន់​៤៥០​គីឡូក្រាម​ផងដែរ​ដែលមាន​តម្លៃរ​ហូត​ដល់ ៧​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក​ឯណោះ​។ ការចុះ​បង្ក្រាប និង​រឹបអូស​សត្វព្រៃ​នេះ ធ្វើឡើង​ក្រោយ​គេ​ទទួលបាន​ដំណឹង​ថា សត្វ​ពង្រូល​រួមទាំង​ស្រកា​ច្រើន​គីឡូ​ត្រូវបាន​ឈ្មួញ​នាំ​ចេញពី​ម៉ាឡេស៊ី​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្ដី​ប្រធាន​នាយកដ្ឋាន​ពន្ធ​ថៃ​លោក Kulit Sombatsiri​ដូច្នេះ​ថា​៖«​ការជួញដូរ​សត្វ​ពង្រូល​នៅតែ​កើតមាន នោះ​ក៏​ដោយសារតែ​ពពួកសត្វ​នេះ​លក់បាន​ថ្លៃ ហើយ​គេ​ត្រូវការ​ច្រើន​»​។

​ភាគច្រើន គេ​ត្រូវការ​ពពួកសត្វ​នេះ​យកទៅ​ធ្វើ​អាហារ​ពិសេស ឬ​យកទៅ​ធ្វើ​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺហឺត និង​សន្លាក់ឆ្អឹង​ជាដើម​។​

​គួរបញ្ជាក់​ផងដែរ​ថា សត្វ​ពង្រូល​រស់នៅ​តែ​ក្នុង​តំបន់​អាស៊ី និង​អាហ្វ្រិក​ប៉ុណ្ណោះ​។ ហើយ​ចិន​និង​វៀតណាម​ជា​ប្រទេស​ដែល​ត្រូវការ​ពពួកសត្វ​នេះ​ខ្លាំងជាងគេ​។ លើសពីនេះទៅទៀត ការជួញដូរ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​រួមទាំង​សត្វ​ពង្រូល​ផង​នោះ​ជា​ញឹកញាប់​តែងតែ​ឆ្លងកាត់​ថៃ​មុន ទើប​គេ​ដឹកជញ្ជូន​បន្តទៅ​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាស៊ី​។​

​គួរ​បញ្ជាក់ដែរថា តាំងពីដើម​ឆ្នាំនេះ អាជ្ញាធរ​ថៃ​រឹបអូស​បាន​សត្វ​ពង្រូល​ជាច្រើន​ក្បាល​សរុប​ទាំងអស់ មាន​ទម្ងន់​សរុប ២,៩ តោន​។ ដោយឡែក សត្វ​ពង្រូល​ទាំង​១៣៦​ក្បាល​ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​រឹបអូស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមក ត្រូវបាន​គេ​យកទៅដាក់​នៅ​តំបន់​អភិរក្ស​ក្រោម​ការថែទាំ​របស់​នាយក​រដ្ឋ​ជាតិ​ថៃ​ទទួលបន្ទុក​អភិរក្ស​ដំណាំ​និង​សត្វព្រៃ​៕



Tag:
 សត្វ​ពង្រូល​
  ​នាយកដ្ឋាន​ពន្ធគយ​ថៃ​
  ​Kulit Sombatsiri
© រក្សាសិទ្ធិដោយ thmeythmey.com