កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ​ចាយ​ជិត ៤​លាន​ដុល្លារ សម្រាប់​មេដាយ​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​
02, Sep 2017 , 8:19 am        
រូបភាព
 
​រដ្ឋាភិបាល​ថៃ​នឹង​ចំណាយ​ប្រាក់ ១២៤​លាន​បាត ស្មើនឹង ៣.៧៤ លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​ជា​រង្វាន់​លើកទឹកចិត្ត​ដល់​ក្រុម​អត្ត​ព​លិ​ក​ដែល​ឈ្នះ​មេដាយ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ២៩ នៅ​ម៉ាឡេស៊ី​។​


​ក្រុម​អត្ត​ព​លិ​ក​របស់​ថៃ ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នាទី​ក្រុង​កូ​ឡា​ឡាំ​ពួ ដោយ​ទទួលបាន​មេដាយមាស ៧២ ប្រាក់ ៨៦ និង​សំរឹទ្ធ ៨៨​។​
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​នៅ​ថ្ងៃទី​១ ខែកញ្ញា​នេះ ក្រោម​គម្រោង​ប្រាក់រង្វាន់​សម្រាប់​ការអភិវឌ្ឍ​កីឡា​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល​ថៃ​ដើម្បី​ផ្តល់ជូន​ក្រុម​អត្ត​ព​លិ​ក​ដែល​ឈ្នះ​មេដាយ​ពី​កីឡា​ស៊ី​ហ្គេម​លើក​នេះ ម្ចាស់​មេដាយមាស​នឹង​ទទួលបាន​ប្រាក់ ២០០.០០០​បាត ប្រមាណ​៦​ពាន់​ដុល្លារ មេដាយប្រាក់ ១០០.០០០​បាត ស្មើនឹង ៣​ពាន់​ដុល្លារ និង​មេដាយ​សំរឹទ្ធ ៥០.០០០​បាត ប្រមាណ មួយពាន់ប្រាំ​រយ​ដុល្លារ​។ ប្រាក់រង្វាន់​នេះ​នៅ​មិនទាន់​គិតពី​ការទទួលបាន​ពី​ការ​ឧ​ប​ត្ត​ម្ភ​ផ្ទាល់ខ្លួន​របស់​ពួកគេ​នោះទេ​។​

  
 
​ប៉ុន្តែ​សម្រាប់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថៃ​ដែល​ឈ្នះ​មេដាយមាស​វិញ្ញាសា​បាល់ទាត់​បុរស​ពី​ព្រឹត្តិការណ៍​ការ​កីឡា​ប្រចាំ​តំបន់​អាស៊ាន​នេះ ទទួលបាន​ប្រាក់រង្វាន់ ១៦​លាន​បាត ប្រហែល​ជិត ៥​ម៉ឺនដុល្លារ ដែល​ទទួលបាន​ប្រាក់​ច្រើនជាង​កីឡាករ​ក្នុង​វិញ្ញាសា​ផ្សេងៗ​។​
 
​ចំណែក​គ្រូបង្វឹក និង​ប្រតិភូ​ដែល​ដឹកនាំ​អត្ត​ព​លិ​ក​ឲ្យ​ទទួលបាន​ជោគជ័យ​ក៏​នឹង​ទទួលបាន​ប្រាក់រង្វាន់​រៀងៗ​ខ្លួន​ផងដែរ​។​
 
​សរុបទៅ​មូលនិធិ​អភិវឌ្ឍន៍​កីឡា​ជាតិ​របស់​ថៃ​ត្រូវ​ណាយ​ប្រាក់​សរុប​ទាំងអស់​រហូតដល់ ១២៤​លាន​បាត ដែល​ស្មើនឹង ៣.៧៤ លាន​ដុល្លារ​អាមេរិក​។​
 
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្វាគមន៍​គណៈប្រតិភូ​កីឡា​ថៃ​នៅឯ​វិមាន​រដ្ឋាភិបាល​៕
 
 

 

Tag:
 Sea Games 2017
  ម៉ាឡេស៊ី​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com